លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭកឱ្យអ្នកបើកបរទាំងអស់ត្រូវមានគុណធម៌ និងមានការយោគយល់គ្នា ខណៈគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលចូលឆ្នាំទូទាំងប្រទេសសម្លាប់មនុស្សអស់៥៩នាក់ និងរបួស២៣៨នាក់។
លោក ហ៊ុន សែន សរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា ចប់ពិធីបុណ្យចូលឆ្នាំចរាចរណ៍កកស្ទះខ្លាំងតម្រូវឲ្យអ្នកបើកបរត្រូវមានការប្រុងប្រយ័ត្ន និងមានគុណធម៌។
លោក ហ៊ុន សែន៖ «ថ្ងៃនេះចរាចរណ៍តាមផ្លូវអាចចង្អៀតកកស្ទះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបើកបរប្រុងប្រយ័ត្នខ្លាំងបំផុត។ កុំបើកវ៉ាប្រជែងយកលឿនរៀងខ្លួន ដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗដោយប្រការចៃដន្យណាមួយ។ សូមបើកបរដោយមានគុណធម៌ និងយោគយល់ខ្ពស់អោយគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះ សូមអាជ្ញាធរ និងសមត្ថកិច្ចជួយការពារសុវត្ថិភាព និងសម្រួលចរាចរណ៍អោយបងប្អូនធ្វើដំណើរបានស្រួល។»
របាយការណ៍របស់នគរបាលជាតិបង្ហាញថា អំឡុងពេលចូលឆ្នាំចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍កើតឡើង១៣៩លើក បានសម្លាប់មនុស្ស៥៩នាក់ និងរបួស២៣៨នាក់។
បើតាមរបាយការណ៍ មូលហេតុនៃគ្រោះថ្នាក់នេះ បណ្តាលមកពី បើកបរលើសល្បឿនកំណត់ ស្រវឹង បើកជែង មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ និងបើកបរក្នុងស្ថានភាពងងុយជាដើម។