ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា រដ្ឋាភិបាលនឹងបញ្ចុះតម្លៃប្រេងឥន្ធនៈលក់រាយនៅកម្ពុជាចំនួន៤សេនដុល្លារក្នុងមួយលីត្រ ដោយចាប់ផ្តើមអនុវត្តចាប់ពីពាក់កណ្ដាលខែមេសានេះដល់ចុងខែ ដើម្បីជួយដល់ជីវភាពប្រជាជន។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយកាលពីម្សិលមិញថា តម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃ៣០ ខែមេសា ឆ្នាំ២០១៩នេះ នឹងត្រូវលក់៤០១០រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA92 និង ៣៧៥០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត។
តម្លៃនេះ ក្រសួងពាណិជ្ជកម្មអះអាងថា ដើម្បីសម្រួលដល់ជីវភាពប្រជាជន រដ្ឋាភិបាលសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៤សេនដុល្លារក្នុងមួយលីត្រ ពោលចន្លោះពី១៥០រៀល ទៅ១៦០រៀលក្នុងមួយលីត្រ គឺសាំងធម្មតា EA92 នឹងចុះមក ៣៨៥០រៀលក្នុងមួយលីត្រ និង ៣៦០០រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត ដោយអនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃ៣០ ខែមេសា ឆ្នាំ២០១៩នេះ។