បន្ទាប់ពីតារាសម្ដែង លោក អុឹម ជីវ៉ា បង្ហោះជាសាធារណៈថា តារាកំប្លែងនាយ តាក់សុី នឹងលាឈប់ពីសិល្បៈដោយសម្រេចបួសអស់មួយជីវិត ហើយនិងបើកផ្លូវអោយភរិយារបស់លោក គឺអ្នកនាង ភីម យកគ្រួសារថ្មី ម្នាក់ៗមានការប៉ាន់ស្មានយ៉ាងខ្លាំងថា ជីវិតប្ដីប្រពន្ធមួយគូនេះទំនងជួបវិបត្តិប្រេះស្រាំដល់ថ្នាក់ផ្សះផ្សាលែងបាន ទើបបណ្ដាលអោយតារាកំប្លែងនាយ តាក់សុី បោះពាក្យបែបនោះប្រាប់លោក អុឹម ជីវ៉ា និងសម្រេចចិត្តបួស ហើយទៅបួសអោយឆ្ងាយពីប្រពន្ធ ពីកូន ដោយមិនសឹកទៅទៀត។
ទាំងអ្នកនាង ភីម និងនាយតាក់សុី សុទ្ធតែបានបញ្ជាក់បែបនេះ ដោយអះអាងថា មិនអាចបកក្រោយឡើយ។ អ្នកនាង ភីម និយាយថា អ្វីដែលលោក អុឹម ជីវ៉ា បានបង្ហោះ មិនមែនជាការភូតកុហកនោះទេ ដោយសារតែស្វាមីរបស់នាងពិតជាមានបំណងចង់បោះបង់នាង និងកូនប្រុសវ័យជាង១០ឆ្នាំ ដោយមិនអាល័យមែន។
អ្នកនាងថា រវាងអ្នកនាង និងនាយតាក់សុី អត់មានបញ្ហានៅគ្រួសារនោះទេ បើទោះជាលោកមានវ័យច្រើនជាង ហើយមានជំងឺប្រចាំកាយ ក៏អ្នកនាងមិនដែលធុញទ្រាន់ក្នុងការមើលថែទាំនោះដែរ។
ប៉ុន្តែ អ្វីដែលធ្វើអោយស្វាមីរបស់ខ្លួនដឹងតែប្រកាន់ជំហរទៅបួស ហើយទោះឃាត់យ៉ាងណាក៏ឃាត់លែងជាប់នៅក្នុងពេលនេះ គឺអាចបណ្ដាលមកពីលោកមានជំងឺបាក់ទឹកចិត្តនឹងជំងឺលើសឈាម និងទឹកនោមផ្អែមដែលធ្វើទុក្ខរាល់ថ្ងៃ។
អ្នកនាងយល់ថា ស្វាមីរបស់ខ្លួនអាចមានចំណង់ចង់តែបួស និងចង់តែរត់ទៅជ្រកនៅក្នុងព្រះពុទ្ធសាសនានោះផង ទើបធ្វើអោយអ្នកណាអង្វរករក៏ទប់លែងជាប់។ អ្នកនាងថា នាយ តាក់សុី បានលួចទៅបួសដោយរត់ចោលប្រពន្ធកូនព្រោះតែជំងឺបាក់ទឹកចិត្តនេះម្ដងហើយកាលពីមួយរយៈមុន ប៉ុន្តែ ក្រោយពេលនាងតាមរកឃើញនៅភ្នំគូលែន ក៏អង្វរអោយសឹក ហើយបានមករស់នៅជួបជុំប្រពន្ធកូនបានមួយសារ។
ដោយឡែកពេលនេះ អ្នកនាងថា លោកប្ដេជ្ញាទៅបួសទៀតហើយ ដោយលោកបានហៅបងប្អូនមកផ្ដែផ្ដាំ ហើយថា លោកនឹងរត់ទៅបួសដោយទៅតែខ្លួនប៉ុណ្ណោះ ហើយបើអ្នកនាងចង់មានគ្រួសារថ្មី គឺត្រូវទទួលស្គាល់ និងកុំស្ដីបន្ទោសអោយអ្នកនាង ជាដើម។ អ្នកនាងថា ខ្លួនអួលដើមករនៅពេលស្វាមីប្រកាសចង់តែរត់ចោលប្រពន្ធកូន ហើយឃាត់លែងជាប់ ដោយអ្នកនាងថា តស៊ូកម្សត់កម្រជាមួយគ្នាជាយូរមកហើយ តើហេតុផលអ្វីដែលគ្រាន់តែមានជំងឺប៉ុណ្ណឹង ចេះតែចង់ចោលប្រពន្ធកូន។
នៅក្នុងពេលនេះ អ្នកនាង ភីម បន្តថា ស្វាមីគឺនាយ តាក់សុី ចាប់ផ្ដើមឃាត់លែងជាប់ហើយ ដោយលោកប្រកាសថា ទោះជាបួសបានតែមួយថ្ងៃ ហើយត្រូវបាត់បង់ជីវិត ក៏លោកអស់ចិត្ត។
អ្នកនាងថា ទាំងក្រុមការងារ និងក្រុមគ្រួសារអង្វរកររាល់ថ្ងៃ កុំអោយលោកគិតខ្លី និងស្នើអោយលោកបន្តរស់នៅជួបជុំជាមួយគ្រួសារប្រពន្ធកូន តែលោកនៅតែអះអាងថា បើមិនអោយលោកបួសតាមសម្រួល នោះលោកនឹងរត់ទៅបួសមិនអោយដឹង ហើយបើទោះជាស្លាប់ ឬរស់ក្រោយពេលសាងផ្នួស ក៏លោកមិនអោយប្រពន្ធកូនដឹងឮ។
មកទល់ពេលនេះ ស្ថានភាពពន្យល់ និងអង្វរករចាប់ផ្ដើមអស់ជម្រើសហើយ ទើបអ្នកនាងសុខចិត្តអោយលោកបួស តែសុំអោយលោកបួសនៅវត្តគល់ទទឹង នៅកោះក្របី ដើម្បីអោយកូនប្រពន្ធបានឡើងចុះមើលថែ ប៉ុន្តែ លោកទទូចចង់ទៅបួសនៅឯភ្នំគូលែនដូចមុន។
នាយ តាក់សុី និយាយថា ហេតុផលដែលលោកសម្រេចចិត្តបួស គឺបណ្ដាលមកពីលោកតូចចិត្តខ្លួនឯង ដែលមានជំងឺច្រើនមុខ ហើយធ្វើអោយកូនប្រពន្ធពិបាក។ ម្យ៉ាងមកពីលោកធ្លាប់ស្បថថា បើមិនបានបួសមុនស្លាប់ គឺលោកនឹងនៅមិនសុខផង ទើបលោកត្រូវតែបួស ដោយបួសម្ដងនេះ លោកតាំងចិត្តថា មិនសឹកវិញទេ ដើម្បីអោយលោកបានស្លាប់ក្នុងភាពជាសង្ឃ ហើយកុំអោយប្រពន្ធកូន និងបងប្អូនពិបាកនឹងការមើលថែជំងឺរបស់ខ្លួន។
លោកអះអាងថា មិនមែនឈឺ ទើបរត់ទៅបួសនោះទេ ប៉ុន្តែ អ្វីដែលមាននៅក្នុងខួរក្បាលរបស់លោកនៅក្នុងពេលនេះ គឺលោកត្រូវតែបួស ត្រូវតែបានស្គាល់ព្រះធម៌តាមអ្វីដែលខ្លួនតាំងចិត្ត ដោយលោកសម្រេចចិត្តលះបង់គ្រប់យ៉ាងសុំតែខ្លួនមកបួសប៉ុណ្ណោះ ចំណែកប្រពន្ធកូនគឺទុកទ្រព្យអោយទាំងអស់ បើទោះជាប្រពន្ធចង់សាងអនាគតថ្មី ក៍លោកសប្បាយចិត្ត។ លោកក៏មិនទាន់ប្រាកដថា នឹងបួសនៅវត្តគល់ទទឹងតាមសំណើភរិយានោះដែរ ដោយសារតែលោក មានជំហរតែមួយគឺបួសអោយឆ្ងាយ ហើយនៅកន្លែងស្ងប់ស្ងាត់៕









