បទយកការណ៍៖ ការដាច់ចរន្តអគ្គិសនីធ្វើឲ្យអ្នកប្រកបរបរខ្នាតតូចជួបបញ្ហាប្រឈម

ហាងបោកអ៊ុតខោអាវមួយកន្លែងស្ថិតនៅខាងជើងផ្សារថ្មីកណ្តាលទីក្រុងភ្នំពេញ។ រូបភាព៖ ហួត វុទ្ធី

នៅឯហាងបោកអ៊ុតខោអាវតូចមួយស្ថិតនៅខាងជើងផ្សារថ្មីកណ្តាលទីក្រុងភ្នំពេញ បុគ្គលិក ស្រីៗបីនាក់កំពុងតែឈរអ៊ុតខោនិងអាវឡើងញាប់ដៃ។ ហាងដែលមានទទឹងជិតបីម៉ែត្រនេះមានដាក់ព្យួរខោអាវលើស្នួខាងមុខហាងផង តាមទ្វារផង និងខោអាវបោកអ៊ុត រួចគេច្រកថង់ផ្លាស្ទិចដាក់នៅតាមគៀនជញ្ជាំងចាំភ្ញៀវមកយកវិញ។

អ្នកស្រី រ៉ុម អាយុជាង៣០ឆ្នាំ ធ្វើការនៅហាង ពេជ្ជនីបោកអ៊ុត ជាង១០ឆ្នាំមកហើយ អ្នកស្រីនិយាយប្រាប់អ្នកយកព័ត៌មាន VOD ទាំងដៃកាន់ឆ្នាំងអ៊ុតអគ្គិសនី ថា មួយរយៈនេះដាច់ភ្លើងធ្វើឱ្យស្ទះការងារអ្នកស្រី ជួនកាលដាច់ពេលព្រឹក ជួនកាលដាច់ពេលរសៀល ហើយធ្វើឱ្យមានបញ្ហាមួយចំនួន ដូចជា ចាល់ខោអាវធ្វើឱ្យភ្ញៀវអន់ចិត្ត និងថយចំណូល ជាដើម។

អ្នកស្រី រ៉ុម អាយុជាង៣០ឆ្នាំ កំពុងបំពេញការងាររបស់គាត់នៅហាង ពេជ្ជនីបោកអ៊ុត។ រូបភាព៖ ហួត វុទ្ធី

អ្នកស្រី រ៉ុម មានប្រសាសន៍ថា៖ «ពេលដាច់ភ្លើង យើងអត់មានការងារធ្វើអ៊ីចឹង! យើងអត់មានខោអាវចេញឱ្យគេ អ៊ីចឹង ចំណូលយើងខាតពេលហ្នឹង! ត្រូវការដោះស្រាយអីដោះអត់ទាន់ ចំណូលត្រូវបានរាល់ថ្ងៃ ដល់ពេលអត់បានចឹង ដាច់ភ្លើងចឹង យើងពិបាក។ វាមិនច្រើនអីប៉ុន្មាន គ្រាន់ថា ១០ម៉ឺន ២០ម៉ឺន អ៊ីចឹងណា! គ្រាន់តែយើងអត់ទាន់ឱ្យគេណា ចុះជួនកាលទៅ ម៉ូយណាធំទៅ មួយម្ចាស់ហ្នឹងវាហាសិបរៀល($50)បាត់ហើយ។ អ៊ីចឹង បានថាខាតអ៊ីចឹង! អត់ចង់ឱ្យដាច់ភ្លើងទេ! ប៉ះពាល់ច្រើន ដូចជា យើងត្រូវការចំណូល ត្រូវការលុយយកសងអ្នកនេះអ្នកនោះអ៊ីចឹង ដល់ពេលដាច់ភ្លើង យើងរកចំណូលហ្នឹងអត់បានឱ្យគេ គេរអ៊ូដល់យើងដែរ។»

អ្នកស្រី រ៉ុម មិនដឹងពីមូលហេតុដាច់ភ្លើងទេ ប៉ុន្តែ អ្នកស្រីមិនចង់ឱ្យមានបញ្ហានេះដែរ ព្រោះមួយថ្ងៃហាងអ្នកស្រីទទួលបានខោអាវសម្រាប់បោកអ៊ុតប្រហែល២០០ ទៅ៣០០កំប្លេ។ នៅពេលសួរថា ហេតុអីមិនទិញម៉ាស៊ីនភ្លើង អ្នកស្រីថា ចំណូលតិច មិនអាចទិញបានទេ។

អ្នកស្រី រ៉ុម មានប្រសាសន៍បន្តថា៖ «បោកអ៊ុត លុយតិចតួចហ្នឹង! បើទិញម៉ាស៊ីនភ្លើង មិនខាតបាត់ហើយ? ចំណូល តិចៗអ៊ីចឹងនោះ ទាល់តែចំណូលគេធំ ទើបអាចទៅរួច។ មានអីមានតែសម្រាក ដាច់ភ្លើងអ៊ីចឹង! ទាល់តែមានភ្លើងទៀតទៅយើងបន្តដំណើរទៅទៀត។ សុំកុំឱ្យដាច់ភ្លើង ដល់ពេលដាច់ភ្លើងយើងពិបាកធ្វើការ»

ទៅជ្រុងម្ខាងទៀត ជិតផ្សារទំនើបសូរិយាខាងត្បូងផ្សារថ្មីឯណោះវិញ នៅតាមច្រកផ្លូវតូចៗនៃអាគារផ្ទះល្វែងដែលអ្នកខ្លះហៅថា ច្រកឌឿងហែម មានអ្នកបើកប្រកបអាជីវកម្មតាមផ្ទះជាច្រើន។ ហាងអ៊ុតសក់មួយនៅផ្លូវកាច់ជ្រុងក្នុងច្រកតូចចង្អៀតនោះ មានដាក់បញ្ឈរម៉ាស៊ីនភ្លើងខ្នាតតូចពណ៌ទឹកក្រូចមួយថ្មីចែស ដែលម្ចាស់ហាងនោះឱ្យដឹងថា ទើបតែនឹងទិញមកប្រើនៅពេលដាច់ភ្លើង។

ស្រីពៅ រាងតូចច្រឡឹងសម្បុរសដូចសំឡី លាបសក់ពណ៌ទង់ដែង ជាម្ចាស់ហាងដែលមានសេវាធ្វើសក់ ធ្វើក្រចក និងផាត់មុខ ហើយហាងស្រីពៅឥតមានដាក់ស្លាកយីហោទេ។ កូនជាងបីនាក់កំពុងកៀបសក់ឱ្យភ្ញៀវ ចំណែកស្រីពៅអង្គុយលើកៅអីបែរកង្ហារចំមុខ ចាំគិតលុយ និងរអ៊ូពីរឿងដាច់ភ្លើងថា បើទោះជាមានម៉ាស៊ីនភ្លើងក៏ដោយ ក៏បានចំណូលត្រឹមតែទប់ទល់ប៉ុណ្ណោះ។

អ្នកស្រី ស្រីពៅ ថ្លែងថា៖ «ដាច់ភ្លើងញឹកអ៊ីចឹង រកអត់សូវបានទេ! ដាច់ភ្លើងអ៊ីចឹង ទោះជាមានម៉ាស៊ីនភ្លើងក៏ខែហ្នឹង ចាំមើល៍! រាល់ដងរកបានទេ និយាយពីដាច់តាំងពីខែមុន ដល់ខែហ្នឹង អត់ឃើញលុយចំណេញ ចង់ខាតទៅវិញ! ដោយសារអីអត់? ដូចខ្ញុំនិយាយអ៊ីចឹង ទោះជាមានម៉ាស៊ីនភ្លើង ភ្ញៀវខ្លះថា អត់មានភ្លើងគាត់ខ្ជិលមកដែរ ភាគតិចដែលគេដឹង ព្រោះម៉ាស៊ីនភ្លើងនេះយើងទើបនឹងទិញដែរទេ។ ទោះជាមានម៉ាស៊ីនភ្លើង ខាតដែរ មិនសូវចំណេញទេ! វាគ្រាន់បើជាងអត់!»

ម៉ាស៊ីនភ្លើងរបស់ម្ចាស់ហាងអ៊ុតសក់ទើបនឹងទិញ ដើម្បីដោះស្រាយបញ្ហាដាច់ភ្លើង។ រូបភាព៖ ហ៊ួត វុទ្ធី

អ្នកសារព័ត៌មាន VOD បានបន្តដំណើរមកម្តុំស្តាតអូឡាំពិកនៅប៉ែកខាងកើតវិញម្តង ដោយបានទទួលដំណឹងថា នៅតំបន់កណ្តាលក្រុងភ្នំពេញនេះ ក៏មានបញ្ហាដាច់ចរន្តអគ្គិសនីដូចគ្នាដែរ។ ជាតៀមកាហ្វេតូចមួយ មានទទឹងប្រហែលពីរម៉ែត្រ តែប្រដាប់ដោយម៉ាស៊ីនត្រជាក់បែបទំនើប រចនាដោយមានលាយបង្អួចកញ្ជក់បិទជិត នៅជាប់នឹងការ៉ាស់សាំងមួយដែលបានបើកដំណើរការជិតពីរឆ្នាំមកហើយ។ ហាងនេះគេដាក់តុ និងឆ័ត្រធំមួយនៅខាងមុខ ហើយខាងក្នុងមានកៅអីចំនួនប្រាំ អត់មានតុទេ ហើយមានម៉ាស៊ីនឆុងមួយ ទូទឹកកកមួយ កុំព្យូទ័រ និងឧបករណ៍អគ្គិសនីមួយចំនួនទៀត។

អាយី ជាបុគ្គលិកតែម្នាក់ដែលកំពុងធ្វើការរៀបចំបិទហាង ព្រោះជាពេលល្ងាចទៅហើយ។ នារីវ័យក្មេងរូបនេះឱ្យដឹងថា មួយរយៈដាច់ភ្លើងនេះធ្វើឱ្យថយការលក់ដែរ ដោយអះអាងថា បើពេលព្រឹក ឬរសៀលណាដាច់ភ្លើង គឺមិនមានភ្ញៀវមកទេ ព្រោះហាងនេះក្តៅ ភ្ញៀវមិនអាចអង្គុយបាន។ ក្រៅពីថយចុះការលក់ បុគ្គលិករូបនេះនៅមានការបារម្ភចំពោះការខូចខាតដល់សម្ភារក្នុងហាងកាហ្វេនេះផងដែរ។

អាយី និយាយថា៖ «វាថយ! លក់ថយ! ខ្ញុំបារម្ភដែរ តែមិនដឹងធ្វើម៉េច? យើងអត់ទៅនេះកើតដែរ។ ប៉ះពាល់ ការលក់ថយចុះ ហើយពេលខ្លះឧបករណ៍ដែលនៅកន្លែងយើងវា ដូចម្តងដាច់ ពេលខ្លះមកវិញ អ៊ីចឹង! វាធ្វើឱ្យម៉ាស៊ីនមានបញ្ហា។ មានម៉ាស៊ីនត្រជាក់ ម៉ាស៊ីនឆុងកាហ្វេ កុំព្យូទ័រ ទូទឹកកក។»

អាយី ក៏មិនដឹងពីមូលហេតុដាច់ភ្លើងដែរ ដោយថា ជាការដាច់ទូទៅទៅហើយ។ បុគ្គលិករូបនេះបានឆុងកាហ្វេបម្រុងទុកលក់ឱ្យភ្ញៀវ ជាដំណោះស្រាយនៅពេលដាច់ភ្លើង ប៉ុន្តែ នៅពេលលក់អស់ក៏ផ្អាកសិន ចំណែកភ្ញៀវក៏មានការយោគយល់ដែរ នេះបើតាមការបញ្ជាក់បន្ថែម។

កាលពីខែមុន លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាថ្មីទៀត ដោយស្នើឱ្យពលរដ្ឋមានការយោគយល់ចំពោះបញ្ហាកង្វះទឹក និងកង្វះភ្លើងប្រើប្រាស់នៅតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ពិសេសធ្វើឱ្យកម្ពុជាខ្វះភ្លើងអគ្គិសនីប្រើប្រាស់ប្រមាណ៤រយមេហ្គាវ៉ាត់ ដែលត្រូវទិញពីប្រទេសជិតខាងបន្ថែមទៀត។ លោកបានជំរុញប្រើប្រាស់ទឹកភ្លើងដោយការសន្សំសំចៃ។

ជាមួយគ្នានោះ អគ្គិសនីកម្ពុជាក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយថា កត្តាធ្វើឱ្យខ្វះភ្លើងអគ្គិសនីប្រើប្រាស់ រួមមាន កំណើនវិនិយោគទុនក្នុង និងក្រៅស្រុក ការបញ្ចុះតម្លៃអគ្គិសនីកាលពីខែមករា។ អាកាសធាតុក្តៅខ្លាំង និងកង្វះទឹកខុសប្រក្រតី ធ្វើឱ្យតំបន់វារីអគ្គិសនីមួយចំនួនផ្គត់ផ្គង់ថាមពលអគ្គិសនីមិនបានពេញលេញ។

ជាការដោះស្រាយបញ្ហានេះ អគ្គិសនីកម្ពុជាបានស្នើទិញអគ្គិសនីបន្ថែមទៀតពីប្រទេសថៃ បង្កើន៨០មេហ្គាវ៉ាត់ និងឡាវ បង្កើន១០មេហ្គាវ៉ាត់ ហើយវៀតណាមនៅរក្សាការផ្គត់ផ្គង់មកកម្ពុជាដដែល ប៉ុន្តែ កម្ពុជានៅតែប្រឈមកង្វះថាមពលអគ្គិសនីប្រមាណ១៣ភាគរយបន្ថែមទៀត។

ប្រភពដដែលអះអាងថា ក្នុងទិសដៅអភិវឌ្ឍន៍វិស័យអគ្គិសនីដល់ឆ្នាំ២០៣០ កម្ពុជាបានរៀបចំផែនការមួយចំនួន ដូចជា វារីអគ្គិសនី បង្កើតរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម និងប្រភពផ្សេងទៀត។

ទោះយ៉ាងណា សកម្មជនបរិស្ថានថា ការវិនិយោគផលិតថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យ ទើបជាដំណោះស្រាយយូរអង្វែង។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ