អ្នក​មាន​​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​នៅ​កោះកុង ជំរុញ​ជា​ថ្មី​​ទៅ​​ក្រសួង​​ដែនដី​ឲ្យ​​ដោះ​​ស្រាយ​​​​បញ្ចប់​​​វិវាទ​

ពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន ញូញៀន ឌឹវើលុបមែន គ្រុប (Union Development Group) ស្ថិតក្នុងស្រុកបុទុមសាគរ និងស្រុកគីរីសាគរ បាននាំគ្នាប្រមូលផ្តុំគ្នាឈរលើកបដាមុខក្រសួងរៀបចំដែនដី ដើម្បីតាមដានញត្តិ​ និងជំរុញទៅរដ្ឋមន្រ្តី លោក ជា សុផារ៉ា ដោះស្រាយបញ្ចាប់វិវាទដីធ្លីរបស់ពួកគេ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

​​​​ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនមួយក្នុងខេត្តកោះកុង បានជំរុញជាថ្មីទៀតទៅក្រសួងដែនដី​ឲ្យពន្លឿនដោះស្រាយបញ្ចប់វិវាទដីធ្លីជូនពួកគេ ខណៈវិវាទនោះអូសបន្លាយជាង១០ឆ្នាំពុំមានដំណោះស្រាយ។

តំណាងពលរដ្ឋជាង៣០នាក់ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន ញូញៀន ឌឹវើលុបមែន គ្រុប (Union Development Group) ស្ថិតក្នុងស្រុកបុទុមសាគរ និងស្រុកគីរីសាគរ បាននាំគ្នាប្រមូលផ្តុំគ្នាឈរលើកបដាមុខក្រសួងរៀបចំដែនដីនៅថ្ងៃនេះ ដើម្បីតាមដានញត្តិ​ និងជំរុញទៅរដ្ឋមន្រ្តី លោក ជា សុផារ៉ា ដោះស្រាយបញ្ចាប់វិវាទដីធ្លីរបស់ពួកគេ។

ពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន ញូញៀន ឌឹវើលុបមែន គ្រុប (Union Development Group) ស្ថិតក្នុងស្រុកបុទុមសាគរ និងស្រុកគីរីសាគរ បាននាំគ្នាប្រមូលផ្តុំគ្នាឈរលើកបដាមុខក្រសួងរៀបចំដែនដី ដើម្បីតាមដានញត្តិ​ និងជំរុញទៅរដ្ឋមន្រ្តី លោក ជា សុផារ៉ា ដោះស្រាយបញ្ចាប់វិវាទដីធ្លីរបស់ពួកគេ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

អ្នកស្រី សាំង ពុយ ដែលអះអាងថា ជាតំណាងពលរដ្ឋនៅឃុំកោះស្តេច ប្រាប់ វី.អូ.ឌី ថា អ្នកភូមិសម្រេចនាំគ្នាមកតវ៉ាជាថ្មីនៅក្រសួងរៀបចំដែនដីនេះ ដោយសារពួកគាត់បានដាក់ញត្តិទៅស្ថាប័ននេះឲ្យជួយដោះស្រាយវិវាទដីធ្លីជាច្រើនខែហើយ ប៉ុន្តែ ពុំឃើញមន្រ្តីណាម្នាក់ចុះទៅដោះស្រាយជូនពួកគាត់ឡើយ។

អ្នកស្រី សាំង ពុយ ថា៖«ឲ្យពួកយើងរង់ចាំគ្មានថ្ងៃកំណត់ហ្នឹងជាង១០ឆ្នាំហើយ។ ពូកខ្ញុំចេះតែចាំរហូត ដល់ពេលពួកខ្ញុំឡើងមកសួរ ថាឲ្យពួកខ្ញុំចេះតែមកៗ ប៉ុន្តែ អត់មានឃើញដោះស្រាយជូនពួកខ្ញុំសោះ។ បើឲ្យពួកខ្ញុំទៅចាំនៅផ្ទះធ្វើម៉េចសុខ ប្រសិនបើមានក្រុមហ៊ុន​មករករឿង អ្នកនេះអ្នកនោះមករករឿងឲ្យពួកខ្ញុំធ្វើម៉េចទៅ។»

តំណាងពលរដ្ឋរូបនេះបន្តថា ការអូសបន្លាយមិនបានដោះស្រាយបញ្ចប់វិវាទដីធ្លីនេះ បានធ្វើឲ្យពួកគាត់មានការភ័យខ្លាចពីសកម្មភាពរំលោភយកដីធ្លី​ពីសំណាក់ក្រុមហ៊ុនម្តងទៀត និងបង្កឲ្យពលរដ្ឋមានបញ្ហាជីវភាព ដោយសារពុំមានដីធ្លីបង្កបង្កើនផល រួមទាំងជំពាក់បំណុលធនាគារទៀតផង។

អនុប្រធានរដ្ឋបាលនៃក្រសួងរៀបចំដែនដី លោក អុស សុខយស បានឆ្លើយតបទៅពលរដ្ឋនៅមុខក្រសួងរៀបចំដែនដី​ ថា ក្រសួងកំពុងដំណើរការដោះស្រាយវិវាទដីធ្លីពូកគេ។ លោក បញ្ជាក់​ថា​ករណីដំណោះស្រាយមានការ​យឺតយ៉ាវ ដោយសារបញ្ហាវិវាទដីធ្លីនេះមានច្រើនករណីពេក។

លោក បន្ថែមថា៖ «ឯកសារដែលបងប្អូនដាក់មកហ្នឹង បានទៅដល់គាត់ [លោក ជា សុផារ៉ា] ហើយ គាត់ឃើញគាត់ជ្រាបហើយ។ អ៊ីចឹងហើយបានជាខ្ញុំហៅទៅមើលឯកសារ ដើម្បីយល់ទាំងអស់គ្នា ព្រោះថា ញត្តិបងប្អូនដែលដាក់មកហ្នឹង គឺក្រសួងកំពុងដំណើរការទៅតាមនីតិវិធី។»

មន្រ្តីសម្របសម្រួលអង្គការការពារ​សិទ្ធិ​មនុស្ស​លីកាដូប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន ធ្លាប់បានជំរុញទៅរដ្ឋាភិបាលឲ្យពន្លឿនការដោះស្រាយជូនពលរដ្ឋឲ្យបានឆាប់ ដើម្បី​បញ្ចប់​វិវាទដីធ្លីមួយ​នេះ។

លោក មានប្រសាន៍ថា៖ «អាជ្ញាធរគួរតែបង្ហាញឆន្ទៈក្នុងការដោះស្រាយជម្លោះជូនប្រជាពលរដ្ឋឲ្យបានចប់ទៅ ព្រោះថា ជម្លោះនេះកើតឡើងដោយសារ​រដ្ឋាភិបាលផ្តល់ដីទៅឲ្យក្រុមហ៊ុន ហើយនៅពេលជម្លោះកើតឡើងហើយ យើងជាអាជ្ញាធរមានសមត្ថកិច្ច ជាពិសេស ក្រសួងបរិស្ថានហ្នឹង មិនមានការខិតខំប្រឹងប្រែងដោះស្រាយទេ ដោយបណ្តោយឲ្យប្រជាពលរដ្ឋរងគ្រោះបែបហ្នឹង។»

កាលពីឆ្នាំ២០០៨ រដ្ឋាភិបាលបានសម្រេចផ្តល់ដីសម្បទានសេដ្ឋកិច្ចទំហំ ៣ម៉ឺន ៦ពាន់ហិកតា​ ស្ថិត​នៅក្នុង​ស្រុកបទុមសាគរ និងស្រុកគីរីសាគរ ខេត្តកោះកុង ទៅ​ដល់​ក្រុមហ៊ុន​ចិន ញូញៀន ឌឹវើលុបមែន គ្រុប (Union Development Group) ដើម្បីធ្វើការអភិវឌ្ឍពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរណ៍ស្របតាមស្តង់ដារអន្តរជាតិ។ ការផ្តល់ដីសម្បទានសេដ្ឋកិច្ចនេះ បាន​ធ្វើឲ្យប៉ះពាល់ដី​ធ្លី​ទំហំ​ជាង ៦​ពាន់ហិកតា​របស់​ប្រជាពលរដ្ឋជាង ២០០គ្រួសារ ប៉ុន្តែ ក្រុមហ៊ុន និងរដ្ឋាភិបាលបានដោះស្រាយជូនពលរដ្ឋបានមួយចំនួនធំហើយ​។

ទោះជាយ៉ាងណា តំណាងពលរដ្ឋអះអាងថា អ្នកភូមិប្រមាណ ៧៧គ្រួសារ​ទៀត ស្ថិតក្នុង​ឃុំតានូន ឃុំកោះស្តេច ឃុំភ្ញីមាស ឃុំព្រែកខ្សាច់ និងឃុំថ្មស ដែលមានដីទំហំជិត ១ពាន់ហិកតាទៀត​ នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​នៅ​ឡើយ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ