មន្ទីរអប់រំរាជធានីភ្នំពេញ កាលពីម្សិលមិញ បានណែនាំដល់គណៈគ្រប់គ្រងសាលាទាំងអស់ឲ្យបាញ់ទឹកដាក់ដំបូលអគារសាលា ដើម្បីកាត់បន្ថយកម្តៅ ឬអនុញ្ញាតសិស្សត្រឡប់ទៅផ្ទះវិញក្នុងករណីស្ថានភាពធ្ងន់ធ្ងរ ដែលបង្កឡើងដោយរលកកម្តៅ។
យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរអប់រំរាជធានីភ្នំពេញចេញកាលពីថ្ងៃទី២៣ ខែមេសា បានឲ្យដឹងថា ដើម្បីទប់ស្កាត់ការប៉ះពាល់ដល់សុខភាពរបស់សិស្ស ដែលបង្កឡើងដោយរលកកម្តៅ មន្ទីរអប់រំធ្វើការណែនាំដល់គណៈគ្រប់គ្រងសាលាទាំងអស់ត្រូវពិនិត្យមើស្ថានភាពបន្ទប់រៀន បើកទ្វារ បង្អួច ដើម្បីឲ្យមានខ្យល់ចេញចូល។ មន្ទីរអប់រំ ក៏បានណែនាំឲ្យបាញ់ទឹកលើដំបូលអគារ ឬប៉េតុងមុខសាលា។
ក្នុងសេចក្តីជូនដំណឹងដដែលបានលើកឡើងថា ក្នុងករណីមានស្ថានភាពធ្ងន់ធ្ងរដែលពុំអាចដោះស្រាយបាន គណៈគ្រប់គ្រងសាលាត្រូវផ្តល់ព័ត៌មានដល់មាតាបិតាសិស្ស ដើម្បីឲ្យពួកគាត់យកកូនត្រឡប់ទៅផ្ទះ ប៉ុន្តែ ត្រូវស្នើសុំការអនុញ្ញាតពីការិយាល័យអប់រំខណ្ឌ។
អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា បានប្រាប់ វី.អូ.ឌី ថា កាលពីសប្តាហ៍មុន ក្រសួងបានចេញសេចក្តីណែនាំមួយជូនដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ ឲ្យចាត់វិធានការផ្សេងៗនិងយកចិត្តទុកដាក់ខ្ពស់ដល់បុគ្គលិកអប់រំ និងសិក្សានុសិស្ស ដើម្បីបញ្ចៀសផលប៉ះពាល់ដែលបង្កឡើងដោយការកើនឡើងកម្តៅខ្លាំង។
លោក រស់ សុវាចា បន្តថា ក្រសួងបានសហការជាមួយគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយវិស័យអប់រំ ដើម្បីតាមដានស្ថានភាពនៃការកើតឡើងនូវបញ្ហានានាដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង។ លោកថា មកដល់ពេលនេះ ក្រសួងមិនទាន់ទទួលបានទិន្នន័យអំពីបញ្ហាសុខភាពធ្ងន់ធ្ងរពីសំណាក់សិស្សានុសិស្សដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំងនោះទេ។ ក្នុងករណីដែលមានការរាយការណ៍ព័ត៌មានពីមន្ទីរ ឬគណៈគ្រប់គ្រងសាលារៀនពីបញ្ហានេះ ក្រសួងនឹងចាត់វិធានការបន្តទៀតដើម្បីដោះស្រាយ។
កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩កន្លងទៅ ក្រសួងធនធានទឹក បានចេញសេចក្តីជូនដំណឹងផងដែរថា ចាប់ពីថ្ងៃទី២២ ដល់៣០ ខែមេសានេះ អាកាសធាតុនៅប្រទេសកម្ពុជានឹងឡើងកម្តៅចន្លោះពី៤០ ទៅ៤១អង្សាសេ ហើយព្រមទាំងមានបាតុភូតខ្យល់កន្ត្រាក់ និងរន្ទះបាញ់កើតឡើងញឹកញាប់ផងដែរ។