កម្ពុជានឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ហនុមានមាស២០១៩ រយៈពេល៦ថ្ងៃ

សមយុទ្ធហនុមានមាស កាលពីឆ្នាំ២០១៨។ រូបភាព៖ bayontv

កម្ពុជានឹងរៀបចំសមយុទ្ធបាញ់គ្រាប់ពិត ហនុមានមាស២០១៩ រយៈពេល៦ថ្ងៃ ដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញដល់កងទ័ពជើងគោកក្នុងកិច្ចការពារបូរណភាពទឹកដី។  

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត បានសរសេរបង្ហោះនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃនេះថា សមយុទ្ធហនុមានមាស២០១៩ លើកទី៤ នឹងធ្វើឡើងរយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ នៅទីលានបាញ់គ្រាប់ពិតតេជោសែនជុំគិរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកជុំគិរី ខេត្តកំពត។

ប្រភពដដែលបានឲ្យដឹងទៀតថា សមយុទ្ធហនុមានមាស២០១៩ នឹងមានកម្លាំងយោធាចូលរួមចំនួន១៥៩៥នាក់ ដែលមកពីអង្គភាពផ្សេងៗនៃកងទ័ពជើងគោក។

អាវុធយុទ្ធភណ្ឌដែលប្រើក្នុងសកម្មភាពសមយុទ្ធនោះ រួមមាន កាំភ្លើងធំ១៥២មម និង១២២មម កាំភ្លើង២៣មម កាំភ្លើង៣៧មម កាំភ្លើង BM21 RM70 រថក្រោះ រថពាសដែក រថយន្តពេទ្យ រថយន្តពន្លត់អគ្គិភ័យ រថយន្តដឹកជញ្ជូន និងឧត្ថម្ភាគចក្រ ជាដើម។

លោក ឈុំ សុជាត​ បានលើកឡើងថា ការហ្វឹកហ្វឺននេះ មិនមែនជាការគំរាមកំហែងដល់នរណាឡើយ។ វាគ្រាន់តែជាការពង្រឹងសមត្ថភាពកងទ័ពបន្ថែមទៀតប៉ុណ្ណោះ។ លោកក៏បានអំពាវនាវដល់ប្រជាជនដែលរស់នៅក្បែរតំបន់ហ្វឹកហ្វឺនកុំឲ្យមានការព្រួយបារម្ភ។

សមយុទ្ធហនុមានមាស ត្រូវបានធ្វើឡើងចំនួន៣លើករួចទៅហើយ ដោយលើកទី១ នៅឆ្នាំ២០១០ លើកទី២ នៅឆ្នាំ២០១៣ លើកទី៣ នៅឆ្នាំ២០១៨។

គួរំលឹកផងដែរថា កាលពីខែមីនា ឆ្នាំ២០១៩កន្លងទៅ កម្ពុជា និងចិនបានធ្វើសមយុទ្ធនាគមាសលើកទី៣ រួមគ្នាដើម្បីពង្រឹងសម្ថភាព និងទំនាក់ទំនងកងទ័ពនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំផងដែរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ