សហជីពមួយចំនួន គ្រោងស្នើទៅរដ្ឋាភិបាលឱ្យកែប្រែមាត្រាខ្លះនៃច្បាប់សហជីព ដោយថា កិច្ចពិភាក្សារបស់ក្រសួង និងភាគីពាក់ព័ន្ធនៅថ្ងៃនេះ មិនទាន់បានបញ្ចូលនូវចំនុចសំខាន់ៗ ដែលឈានទៅបើកលំហសេរីភាពសហជីព និងកម្មករនៅឡើយទេ។
នៅព្រឹកថ្ងៃនេះ ក្រសួងការងារបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងវិសោធនកម្មច្បាប់ស្ដីពីសហជីពចំនួន ១០ មាត្រា ដែលមាន អង្គការ ILO និយោជក និងសហជីព ចូលរួមពិភាក្សាក្រោយពីក្រុមសហជីពបានស្នើសុំកាលពីពេលកន្លងមក។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ប្រាប់អ្នកសារព័ត៌មានមុនកិច្ចពិគ្រោះយោបល់ថា លោកសាទរចំពោះរដ្ឋាភិបាលដែលបានបើកកិច្ចពិភាក្សាសេចក្ដីព្រាងស្ដីពីច្បាប់សហជីពចំនួន ១០ មាត្រា នៅក្នុងថ្ងៃនេះ។ ប៉ុន្តែ លោកចង់ឱ្យរដ្ឋាភិបាលធ្វើវិសោធនកម្មមាត្រាចំនួន ៤ ទៀត រួមមាន មាត្រា១០, ១២, ១៣, និង១៤ ដោយថា មាត្រាទាំងនោះបានរឹតត្បិតសិទ្ធិសេរីភាពបង្កើតសហជីព និងសិទ្ធិរបស់កម្មករក្នុងការធ្វើកូដកម្ម។
លោក អាត់ ធន់ បញ្ជាក់ទៀតថា ច្បាប់ស្ដីពីសហជីព មាត្រា ១៣ និង ១៤ បានកំណត់ចំនួនកម្មករ ៥០ភាគរយបូកមួយ ទើបអាចធ្វើបាតុកម្មតវ៉ាបាន ហើយការបង្កើតសហជីពបានតែចុះបញ្ជីការនៅក្រសួងការងារជាមុនសិន លោកថា នោះជាបញ្ហាចម្បងដែលរារាំងដល់សកម្មភាពជំរុញលក្ខខណ្ឌការងារ។
លោកថា៖ «សហគ្រាសមួយមានកម្មករ ៥០០០នាក់ យើងមាន ១០កន្លែង។ បើមួយកន្លែង ចង់ធ្វើកូដកម្មក៏អត់បានដែរ ទាល់តែ៥០ % នៃសហគ្រាសទាំងមូលហ្នឹង ដល់ពេលអ៊ីចឹងគឺពិបាក ហើយយើងហ៊ានធ្វើគឺខុសច្បាប់តែម្ដង គឺពិបាកមែនទែន។ អ៊ីចឹង គិតថា កន្លែងហ្នឹង គួរតែឱ្យសំឡេងភាគច្រើននៃសមាជិក ក៏មិនពិបាកដូចសំឡេងកម្មករសរុបដែរ។ ដូចជាមាត្រា ១៤ គឺជាចំណុចដែលឧបសគ្គ បើសិនជាសហជីពត្រូវបានព្យូរបញ្ជីការ ឬត្រូវបានរំលាយចោល ហើយយើងធ្វើសកម្មភាព គេថាខុសច្បាប់។ អ៊ីចឹង មាត្រា១៤ ហ្នឹងជាឧបសគ្គខ្លាំងមែនទែន»។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ថ្លែងថា ការដែលរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់សហជីពនេះ ធ្វើឡើងទៅតាមសំណូមពរ និងកង្វល់របស់សហជីព និយោជក។ លោកបន្តថា ប្រសិនបើកិច្ចពិភាក្សាលើសេចក្ដីព្រាងវិសោធនកម្មស្ដីពីច្បាប់សហជីព ត្រូវបញ្ចប់នៅក្នុងថ្ងៃនេះ ក្រសួងនឹងបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រី និងរដ្ឋសភា ដើម្បីអនុម័ត ប៉ុន្តែបើសិននៅមានភាគីណាមួយជំទាស់នោះ លោកថា នឹងបើកកិច្ចពិភាក្សាបន្តទៀត។
លោក មានប្រសាសន៍ថា៖ «ខ្ញុំគិតជំហាននេះ បើសិនជាយោបល់វាស្រួលទាំងអស់ វាអាចចប់។ បើនៅខ្វែងភាគច្រើនពេក ធ្វើទៀត សិក្ខាសាលានឹងបើកហើយបើកទៀត រហូតទៅដល់ខិតជិតគ្នា [យល់ព្រមទាំងអស់] ពេលនោះហើយ ខ្ញុំអាចនឹងពិចារណាថា តើត្រូវសុំការអនុម័តពីទីស្ដីការគណៈរដ្ឋមន្ត្រី និងរដ្ឋសភា។ ប៉ុន្តែ នៅឃ្លាតគ្នាឆ្ងាយពេក យើងត្រូវពិភាក្សាគ្នាទៀត»។
ច្បាប់ស្ដីពីសហជីពត្រូវបានរដ្ឋសភាដាក់ឱ្យអនុវត្តកាលពីខែឧសភា ឆ្នាំ២០១៦ ដែលក្នុងនោះ មានចំនួន ១៧ជំពូក និង១០០មាត្រា។ ចំពោះសហជីពឯករាជ្យ និងសង្គមស៊ីវិល អះអាងថា ច្បាប់សហជីពនេះមិនបានការពារផលប្រយោជន៍សហជីព និងកម្មករនោះទេ ដោយថា ខ្លឹមសារខ្លះមានចរិកផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិ៕