ក្រសួង​មហាផ្ទៃ បញ្ជូន​ជនជាតិ​ចិន​៣​នាក់​ទៅ​តុលាការ​ ពាក់ព័ន្ធ​នឹង​ការ​លាង​លុយ​កខ្វក់

ជនជាតិ​ចិន​ទាំង​​៣​នាក់ ដែឡត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​តាំង​ពី​ថ្ងៃ​ទី​២៣ ខែមេសា នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ជា​មួយ​លុយ​ដុល្លារ​ចំនួន ​៣លាន ៥សែន ២ម៉ឺនដុល្លារអាមេរិក ដោយ​ពុំ​បញ្ជាក់​ប្រភព​ច្បាស់​លាស់​ពី​ទីក្រុង​ហុងកុង​ចូល​មក​កម្ពុជា។ រូបភាព៖ ហ្វេសប៊ុក លោក ស ខេង

ក្រសួង​មហាផ្ទៃ​ ថា​ខ្លួន​បាន​សម្រេច​បញ្ជូន​ជនជាតិ​ចិន ៣​នាក់​ទៅ​តុលាការ​ បន្ទាប់​ពី​សង្ស័យ​ថា​ជនទាំងនេះ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​លាង​លុយ​កខ្វក់​។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​២៦ ខែមេសា​នេះ ​ក្រសួង​មហាផ្ទៃ​ឲ្យ​ដឹង​ថា ​ជនជាតិ​ចិន​ទាំង​​៣​នាក់​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​តាំង​ពី​ថ្ងៃ​ទី​២៣ ខែមេសា នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ជា​មួយ​លុយ​ដុល្លារ​ចំនួន ​៣លាន ៥សែន ២ម៉ឺនដុល្លារអាមេរិក ដោយ​ពុំ​បញ្ជាក់​ប្រភព​ច្បាស់​លាស់​ពី​ទីក្រុង​ហុងកុង​ចូល​មក​កម្ពុជា។ សេចក្ដីប្រកាស​នោះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ​នៅ​ពេល​នេះ​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវបាន​រៀប​ចំ​បែបបទ​បញ្ជូន​ទៅ​តុលាការ​រាជធានី​ ដើម្បី​បន្ត​នីតិវិធី​។

VOD មិន​អាច​ទាក់​ទង​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ លោក ខៀវ សុភ័គ និង​លោក ផាត សុផានិត ដើម្បី​បញ្ជាក់​បន្ថែម​បាន​នោះ​ទេ​ ខណៈ​​អ្នកនាំពាក្យ​អយ្យការ​រាជធានី​ភ្នំពេញ​ លោក លី សុផាណា ថានៅ​មិន​ទាន់ទទួលបាននៅឡើយទេ។

ក្នុង​សេចក្ដីណែនាំ​ចុះ​ថ្ងៃ​ទី២២ ខែ​មេសា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក ស ខេង បាន​ណែ​នាំ​ដល់​មន្ត្រី​ព្រំដែន​ឲ្យ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​បន្ថែម​ទៀត​ ជា​ពិសេស​ទៅ​លើ​បទល្មើស​គ្រឿងញៀន និង​ការ​សម្អាត​ប្រាក់​ បន្ទាប់​ពី​លោក​សង្កេត​ឃើញ​មាន​ការ​ប៉ុនប៉ង​លួច​ធ្វើ​សកម្មភាព​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៅ​ភូមិសាស្ត្រ​មួយ​ចំនួន​ដែល​មាន​ការ​ធ្វេស​ប្រហែស និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន។

កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ អង្គការ​ឃ្លាំមើល​ការ​លាង​លុយ​កខ្វក់​អន្តរជាតិ Financial Action Task Force បាន​ដាក់​កម្ពុជា​ក្នុង​បញ្ជី​ពណ៌​ប្រផេះ​របស់​ខ្លួន ដោយ​នឹង​ត្រួត​ពិនិត្យ​លំហូរ​ហិរញ្ញវត្ថុ វិនិយោគ និង​ពាណិជ្ជកម្ម ចេញ​ និង​ចូល​ប្រទេស​កម្ពុជា។ ការ​ដាក់​កម្ពុជា​ក្នុង​បញ្ជី​ឃ្លាំ​មើល​របស់ FATF អាច​នឹង​បង្ក​ការ​លំបាក​ដល់​ក្រុមហ៊ុន ក៏​ដូចជា​បុគ្គល​ទូទៅ​ក្នុង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ