បុរសម្នាក់ដែលត្រូវបានបាញ់ឲ្យរងរបួសនៅក្នុងហេតុការណ៍បង្ក្រាបទៅលើពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តព្រះសីហនុ កាលពី៣ខែមុននោះ រហូតពេលនេះមិនទាន់ជាសះស្បើយនៅឡើយទេ ដោយកំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យសរសៃមួយកន្លែងនៅទីរួមខេត្តបាត់ដំបង។
ម្តាយរបស់លោក ពៅ សារ័ត្ន គឺអ្នកស្រី អន អៀន ប្រាប់ វី.អូ.ឌី នៅថ្ងៃនេះថា កូនប្រុសរបស់អ្នកស្រីនៅតែបន្តដេកលើគ្រែ មិនអាចងើបបានដោយខ្លួនឯងឡើយ។
ស្រី្តមេម៉ាយវ័យ៥៩ឆ្នាំរូបនេះ បានឲ្យដឹងថា រាងកាយមួយកំណាត់ក្រោមរបស់កូនប្រុសអ្នកស្រីនៅបន្តស្ពឹកមិនអាចកម្រើកបានដដែល ហើយកំពុងស្ថិតក្រោមការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យសរសៃនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មផ្នែកខួរឆ្អឹងខ្នង ស្ថិតក្នុងភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
អ្នកស្រី អន អៀន រៀបរាប់ថា រូបគាត់ពុំមានថវិកាសម្រាប់យកកូនទៅព្យាបាលនោះទេបន្ទាប់ពីចេញពីមន្ទីរពេទ្យនៅភ្នំពេញ ខណៈកូនប្រុសគាត់ លោក ពៅ សារ័ត្ន នៅតែបន្តស្ពឹកមួយកំណាត់ក្រោយដើរមិនរួច ប៉ុន្តែ ថាការសម្រាកព្យាបាលផ្នែកខួរឆ្អឹងនៅបាត់ដំបងសព្វថ្ងៃនេះ គឺក្រោមឧបត្ថមពីអង្គការលីកាដូប៉ុណ្ណោះ។
ស្រី្តមេម៉ាយរូបនេះបន្តថា បើទោះបីជាមានការឧបត្ថមខ្លះពីអង្គការលីកាដូក៏ដោយ រូបគាត់ និងកូនប្រុសនៅតែខ្វះខាតថវិកាសម្រាប់ចាយវាយប្រចាំថ្ងៃ និងទិញរបស់របរផ្សេងៗ ជាដើម ដោយអ្នកស្រីបានអំពាវនាវទៅរដ្ឋាភិបាល និងសប្បុរសជនជួយដល់កូនរបស់គាត់។
អ្នកស្រីបន្ថែមថា៖ «គ្មានអ្នកណា អង្គការណាមកមើលមកជួយទេ មានតែអង្គការលីកាដូមួយហ្នឹងឯងជួយ កុំតែមានអង្គការគាត់ហ្នឹង កូនខ្ញុំដេកខ្វិននៅផ្ទះហ្នឹងហើយ តែដល់ពេលនេះគាត់នាំមកអញ្ចឹង វាដូចជាមានសង្ឃឹមខ្លះ បើថាមិនបានដល់ដើរ ក៏បានអង្គុយលើរទេះដែរ។ខ្ញុំខ្វះខាតច្រើនណាស់ ចំណាយទិញនេះទិញនោះគ្រប់សព្វ។ ខ្ញុំអំពាវនាវសុំសប្បុរសជនជួយកូនខ្ញុំផង បើបានជាដូចដើម ក៏បានទើបអង្គុយខ្លួនឯងបានដែរ»។
កាលពីថ្ងៃទី២៤ ខែមករា សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុប្រមាណ ៣០០នាក់បានចុះអនុវត្តសាលដីការបស់តុលាការកំពូល ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ប៉ុន្តែ ត្រូវបានអ្នកភូមិរាប់រយនាក់តវ៉ាប្រឆាំងដោយនាំគ្នាដុតកង់ឡានបិទផ្លូវរហូតផ្ទុះអំពើហិង្សា។
ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានោះ ពលរដ្ឋម្នាក់ដែលជាកម្មករសំណង់ លោក ពៅ សារ័ត្ន បានត្រូវគ្រាប់កាំភ្លើងដែលបាញ់ចំពីក្រោយត្រង់ស្មាពីខាងឆ្វេងបៀមជាប់ឆ្អឹងខ្នង និងម្នាក់ទៀតរងរបួសស្រាល ខណៈ៤នាក់ទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ន និងរងអំពើហិង្សាទាំងដៃជាប់ចំណង។
កាលពីថ្ងៃទី២៨ ខែកុម្ភៈ លោក ហ៊ុន សែន បានសម្រេចដកអភិបាលរងខេត្តព្រះសីហនុពីររូប ដែលមាន លោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ ប៊ុនវណ្ណៈ ចេញពីតំណែង បន្ទាប់ពីបានចូលរួមដឹកនាំកម្លាំងសមត្ថកិច្ចចុះបង្ក្រាបយ៉ាងហិង្សាលើពលរដ្ឋមានជម្លោះដីធ្លីទាំងនោះ៕









