ក្រសួង ថាទិន្នផលស្រែប្រាំងកើនជាង៩សែនតោន

ប្រជាកសិករនៅស្រុកកោះធំ ខេត្តកណ្ដាល កំពុងប្រមូលទិន្នផលស្រូវក្រោយច្រូតកាត់រួច ដើម្បីយកទៅទុក និងលក់ឲ្យឈ្មួញ កាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១៩។ (ហេង វិចិត្រ)

ក្រសួង​កសិកម្ម​អះអាង​ថា ​ទិន្នផល​ស្រូវ​ប្រាំង​ក្នុង​ឆ្នាំ​២០១៩​នេះ ​បន្ត​កើន​ឡើង​លើស​ឆ្នាំ​មុន​ស្ទើរ​តែ​ទ្វេដង​ ខណៈ​កម្ពុជា​ប្រឈម​នឹង​បញ្ហា​ក្ដៅ​ហួត​ហែង​ខ្លាំង ហើយ​រដ្ឋាភិបាល​ស្នើ​កុំ​ឲ្យ​ពលរដ្ឋ​ធ្វើ​ស្រែ​ប្រាំង​ជា​លើក​ទី​​២​។

ក្នុង​របាយការណ៍​សភាព​ការណ៍​កសិកម្ម​ប្រចាំ​ត្រី​មាស​ទី​១ ​ឆ្នាំ​២០១៩ ក្រសួង​កសិកម្ម​អះអាង​ថា គិត​ត្រឹម​ដើម​ខែ​មីនា ​ឆ្នាំ​២០១៩​ កម្ពុជា​ប្រមូល​ផល​ស្រែ​ប្រាំង​លើ​ផ្ទៃ​ដី​ជិត​ ៥សែនហិកតា និង​បាន​ទទួល​បរិមាណ​សរុប​ប្រមាណ ​២លាន ១សែន​តោន​ កើន​លើស​ឆ្នាំ​មុន​ជិត​ ៩សែនតោន។

អនុ​ប្រធាន​នាយកដ្ឋាន​ដំណាំ​ស្រូវ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ​លោក គង់ សំអឿន មាន​ប្រសាសន៍​ថា ​បរិមាណ​នេះ​គឺ​ជា​ការ​ប្រមូល​ផល​ស្រូវ​ប្រាំង​ទាំង​ពីរ​លើក មុន​ការ​ធ្វើ​ស្រែ​រដូវ​វស្សា​ដែល​នឹង​ចាប់​ផ្ដើម​នា​ខែ​ឧសភា​ខាង​មុខ។

លោក​ថា៖ «តាម​កន្លែង​នីមួយ​ៗ គេ​ធ្វើ​ទាល់​តែ​មាន​ទឹក​គ្រប់គ្រាន់​បាន​គេ​ធ្វើ។ […] បើ​និយាយ​ទៅ​ វា​មិន​មែន​តែ​លើក​ទី​២​ទេ​អា​ហ្នឹង មាន​ទី​មួយ​ខ្លះ ​ទី​ពីរ​ខ្លះ​ លាយ​ចូល​គ្នា​បន្តបន្ទាប់​គ្នា។ ព្រោះ​ពី​ខែ​១១​មក​ ចាប់​ផ្ដើម​សូវ​ប្រាំង​ យើង​ប្រមូល​ផល​ក្នុង​ខែ​មួយ ខែ​ពីរ​ ហើយ​បន្តបន្ទាប់​ យើង​ធ្វើ​លើក​ទី​ពីរ​នៅ​ខែ​១ និង​ខែ​២ យើង​ត្រូវ​ច្រូត​នៅ​ខែ​៣ និង​៤​ អស់​រលីង​ហើយ​។»

រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្ដី​សារាចរ​មួយ​កាល​ពី​ចុង​ឆ្នាំ​កន្លង​មក​នេះ ដោយ​បាន​ណែនាំ​ទៅ​ពលរដ្ឋ​កម្ពុជា​ឲ្យ​ប្រើ​ប្រាស់​ទឹក​សន្សំ​សំចៃ និង​ធ្វើ​ស្រែ​ប្រាំង​តែ​មួយ​លើក ខណៈ​ដែល​រដ្ឋាភិបាល​ប្រកាស​ថា កម្ពុជា​នឹង​ទទួល​រង​អាកាស​ធាតុ​ក្ដៅ​ហួត​ហែង​ខ្លាំង​នៅ​ចន្លោះ​ខែ​មេសា ដល់​ខែ​ឧសភា​ខាង​មុខ​នេះ។

អគ្គលេខាធិការ​រង​នៃ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ​លោក ម៉ឺន រតនា យល់​ថា ​របាយការណ៍​នេះ​ហាក់​មិន​ឆ្លើយ​តប​ទៅ​នឹង​ទិដ្ឋភាព​ជាក់​ស្ដែង​នៃ​ការ​ប្រមូល​ផល​ស្រូវ​ប្រាំង​ឆ្នាំ​នេះ​នោះ​ទេ ដោយ​លោក​មើល​ឃើញ​ថា ​នៅ​ឆ្នាំ​នេះ​មាន​ភាព​រាំង​ស្ងួត​ខ្លាំង ហើយ​ពលរដ្ឋ​មួយ​ចំនួន​បាន​បោះបង់​ដី​ស្រែ​របស់​ខ្លួន​ទៅ​ធ្វើ​ចំណាក​ស្រុក​នោះ។

លោក​ថា៖ «ទន្ទឹម​នឹង​ដី​ស្រែ​ទុក​ចោល​ ហើយ​មួយ​ចំនួន​ទៀត​គាត់​បាន​លក់។ ភាគច្រើន​ដែល​យើង​បាន​ចេញ​ទៅ​ដល់​ខេត្ត​មួយ​ចំនួន​ យើង​មើល​ឃើញ​ថា ​ដី​ស្រែ​គឺ​គាត់ ​(កសិករ​) ​អត់​សូវ​ធ្វើ​ទេ​ ព្រោះ​ធ្វើ​ហើយ​អត់​សូវ​បាន​ទិន្នផល​ ហើយ​ខ្ញុំ​គិត​ថា ​របាយការណ៍​នេះ​ប្រហែល​ជា​មិន​អាច​ទេ​។»

​ក្នុង​សន្និបាត​បូក​សរុប​ការងារ​កសិកម្ម​ឆ្នាំ​២០១៧-២០១៨ ក្រសួង​បាន​ឲ្យ​ដឹង​ថា ​កម្ពុជា​សម្រេច​ទិន្នផល​ស្រូវ​បាន​ជាង​ ១០លានតោន ក្នុង​នោះ​បរិមាណ​ផល​ស្រូវ​វស្សា​ទទួល​បាន​ជាង ​៨​លាន​តោន និង​បរិមាណ​ស្រូវ​រដូវ​ប្រាំង​ទទួល​បានជាង​ ២​លាន​តោន​ កើន​ប្រហែល ៥,៦១% បើ​ធៀប​ទៅ​នឹង​ការ​ប្រមូល​ផល​នា​ឆ្នាំ​២០១៦៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ