លោកហ៊ុន សែនថាខេត្តព្រះសីហនុជាភាពជោគជ័យនៃគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងសារនៅក្នុងកិច្ចប្រជុំខ្សែក្រវ៉ាត់ និងផ្លូវនៅក្នុងប្រទេសចិន ថ្ងៃទី២៦ខែមេសាឆ្នាំ២០១៩(រូបពីហ្វេសប៊ុក លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លើកឡើងនៅក្នុងកិច្ចប្រជុំខ្សែក្រវ៉ាត់ និងផ្លូវ ដែលធ្វើឡើងនៅក្នុងប្រទេសចិនថា ខេត្តព្រះសីហនុរបស់កម្ពុជាកំពុងទទួលបានការរីកចម្រើនដោយគម្រោងមួយនេះ។​

នៅក្នុងសុន្ទរកថា របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន​លើកឡើងកាលពីម្សិលមិញថា គម្រោងខ្សែក្រវ៉ាត់ និងផ្លូវ បានជួយដល់សេដ្ឋកិច្ច សង្គម និង វប្បធម៌។​ លោកក៏បានលើកឡើងពីការអភិវឌ្ឍន៍ខេត្តព្រះសីហនុជាឧទារហ៍។

លោក ហ៊ុន សែន​៖«ភាពជោគជ័យនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែលជាគម្រោងវិនិយោគដ៏ធំរបស់ចិន និងជាសក្ខីភាពមួយយ៉ាងច្បាស់នៃការកសាងគម្រោងផែនការសហប្រតិបត្តិការ «ខ្សែក្រវាត់ និងផ្លូវ» រវាងប្រទេសទាំងពីរ។ គម្រោងទាំងនេះទទួលបានជោគជ័យល្អប្រសើរ ហើយបច្ចុប្បន្នមានក្រុមហ៊ុនចំនួន១៦១ កំពុងធ្វើសហប្រតិបត្តិការ។ ក្នុងនោះមានក្រុមហ៊ុនចិនចំនួន ១៤៨ និងបង្កើតការងារជូនប្រជាជនកម្ពុជាជាង ២ម៉ឺននាក់។»

ចិនដឹកនាំការប្រជុំលើកទី២ជាមួយសមាជិកគម្រោងផ្លូវមួយខ្សែក្រវ៉ាត់ នៅទីក្រុងប៉េកាំងដែលមានមេដឹកនាំប្រទេសចំនួន៣៧ចូលរួមចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ខែមេសា។​

គម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយប្រកាសឡើងដោយមេដឹកនាំចិន លោក ស៊ី ជីនពីង កាលពីខែតុលាឆ្នាំ២០១៣ ដែលជាគម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រផ្តោតលើហេដ្ឋារចនាសម្ព័ន្ធភ្ជាប់តំបន់អាស៊ី អឺរ៉ុប មជ្ឈឹមបូព៌ា អាមេរិកឡាទីន និងអាហ្រ្វិក។  គម្រោងនេះផ្តោតលើប្រទេសចំនួន​១៥២។​

គម្រោងនេះរងការចោទពីអាមេរិក និងសម្ព័ន្ធមិត្តថា ជានយោបាយភូមិសាស្ត្រ ហើយប្រទេសចូលរួមអាចប្រឈមបញ្ហាបំណុលធ្ងន់ធ្ងរ ចំណែកចិនជាអ្នកទទួលផលប្រយោជន៍ធំធេង។​ ប៉ុន្តែរដ្ឋាភិបាលចិនតែងច្រានចោលការចោទប្រកាន់ទាំងនេះ ហើយថា គម្រោងនេះកសាងដៃគូអភិវឌ្ឍន៍ដោយស្មោះត្រង់។​

មេដឹកនាំចិន លោក ស៊ី ជីនពីង ថ្លែងចំពោះមុខមេដឹកនាំទាំង៣៧ប្រទេស នៅថ្ងៃនេះថា ប្រទេសនានាគួរបោះបង់ចោលគំនិតអភិរក្សនិយមចោល ហើយចាប់យកគម្រោងអភិវឌ្ឍន៍ផ្លូវ និងខ្សែក្រវ៉ាត់ដើម្បីទទួលយកការអភិវឌ្ឍន៍។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ