លោក ហ៊ុន សែន ​ថា ចិន​នឹង​ជួយ​កម្ពុជា​ប្រសិន​បើ​ប្រព័ន្ធអនុគ្រោះពន្ធ EBA ត្រូវ​បាន​ដក​ហូត 

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ចាប់​ដៃ​ជាមួយ​នាយករដ្ឋ​មន្ត្រី​ចិន លោក​ លី ឃឹជាំង អំឡុង​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ចិនកាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៩។ រូបថត៖ SPM

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អះ​អាង​ថា ​ចិនបានប្រកាសគាំទ្រកម្ពុជាជាថ្មីម្ដងទៀត​ក្នុងការពង្រឹងសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ ជាពិសេសជួយរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA ជាមួយសហភាពអឺរ៉ុប។

គេហទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅថ្ងៃនេះ ឲ្យដឹងថា កាលពីថ្ងៃម្សិលមិញ លោក ហ៊ុន សែន បានជួបពិភាក្សាជាមួយ​លោក វ៉ាន់ ហូនីង ដែលជាសមាជិកគណៈអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ និងជាលេខាធិការ នៃលេខាធិការដ្ឋានបក្សកុម្មុយនីស្តចិន ខណៈមេដឹកនាំកម្ពុជាស្ថិតក្នុងដំណើរទស្សនកិច្ចចូលរួមវេទិកា «ខ្សែក្រវ៉ាត់ និងផ្លូវ» នាទីក្រុងប៉េកាំង ប្រទេសចិន ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា។

បើតាមគេហទំព័រហ្វេសប៊ុកផ្លូវការ ក្នុងជំនួបកាលពីថ្ងៃម្សិលមិញ លោក វ៉ាន់ ហូនីង បានថ្លែងប្រាប់លោក ហ៊ុន សែន ថា រដ្ឋាភិបាលចិននឹងធានាជួយដោះស្រាយបញ្ហានានាដែលកម្ពុជាកំពុងជួបប្រទះ រួមទាំងបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលសហភាពអឺរ៉ុបកំពុងព្រមានដកពីកម្ពុជា ជុំវិញបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិ​បតេយ្យផងដែរ។

លោក វ៉ាន់ ហូនីង បន្ដថា ភាគីចិនក៏បានសិក្សាពីផលប៉ះពាល់នៃការដកប្រព័ន្ធ EBA របស់សហភាពផងដែរ ប៉ុន្ដែលោកអះអាងថា ការឈានទៅដកប្រព័ន្ធ EBA នេះ មិនប៉ះពាល់ធ្ងន់ធ្ងរដល់កម្ពុជានោះទេ។   

ហ្វេសប៊ុកលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គូសបញ្ជាក់ថា៖ «ភាគីចិនបានសិក្សាពីផលប៉ះពាល់នៃការដក EBA របស់សហភាពអឺរ៉ុបពីប្រទេសកម្ពុជា តែមិនមានការប៉ះពាល់ធ្ងន់ធ្ងរទេ ហើយចិននឹងរិះរកវិធីផ្សេងៗ ជួយដល់កម្ពុជា»។

បើតាមប្រភពដដែល ក្នុងជំនួបនេះ លោក ហ៊ុន សែន ក៏បានស្នើឲ្យភាគីចិនពង្រីកទីផ្សារបន្ថែមទៀត ដើម្បីឱ្យផលិតផលកសិកម្មរបស់កម្ពុជា អាចនាំចេញទៅប្រទេសចិន កាន់តែច្រើនថែមទៀត។   

សហភាពអឺរ៉ុប កាលពីថ្ងៃទី១១ ខែកុម្ភៈ​កន្លង​មក ​បាន​ប្រកាស​អំពី​ការ​ចាប់​ផ្ដើមនីតិវិធីដែល​ឈាន​ទៅព្យួរ​ជា​បណ្ដោះ​អាសន្ន​​​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ពីកម្ពុជា​ ​បន្ទាប់​ពី​​មើល​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ បញ្ហា​សិទ្ធិ​មនុស្ស និង​នីតិ​រដ្ឋ​​នៅ​ក្នុង​រយៈ​ពេល ១៨​ខែ​ចុង​ក្រោយ​មក​នេះ។

ចំណែក​ធនាគារពិភពលោកក៏បានចេញផ្សាយរបាយការណ៍របស់ខ្លួន កាលពីថ្ងៃទី២៤ ខែមេសាថ្មីៗនេះថា នៅឆ្នាំ២០១៩ និងឆ្នាំបន្ទាប់ សេដ្ឋកិច្ចរបស់កម្ពុជាអាចនឹងមានការថយចុះបន្ដិច ដោយសារតែភាពមិនច្បាស់លាស់នៃបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA ជាមួយសហភាពអឺរ៉ុប និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចរបស់ចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ