ពលរដ្ឋ​ជាង​១០០​នាក់​ទាមទារ​ឲ្យ​​​ក្រុមហ៊ុន 7NG ផ្ដល់​ដី​ធ្លី​ជាក់​ស្ដែង​​​

ប្រជា​ពលរដ្ឋ​ជាង ១០០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ការិយាល័យ​ក្រុមហ៊ុន 7NG ដើម្បី​ទាមទារ​ទៅ​ក្រុមហ៊ុន​នេះ ​ឲ្យ​បង្ហាញ​ដី​ជាក់​ស្ដែង​ដល់​ពួកគេ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ ឃុត សុគន្ធ

ប្រជា​ពលរដ្ឋ​ជាង ១០០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ការិយាល័យ​ក្រុមហ៊ុន 7NG នៅ​ថ្ងៃ​នេះ ដើម្បី​ទាមទារ​ទៅ​ក្រុមហ៊ុន​នេះ ​ឲ្យ​បង្ហាញ​ដី​ជាក់​ស្ដែង​ដល់​ពួកគេ ក្រោយ​ពី​ពួកគេ​អះ​អាង​ថា បាន​ទិញ​ដី​ឡូតិ៍​ពី​ក្រុមហ៊ុន​​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ។

អំឡុង​ប្រមូល​ផ្ដុំ​នៅ​មុខ​ការិយាល័យ​ក្រុមហ៊ុន 7NG ស្ថិត​ក្នុង​ស្រុក​វិហារសួគ៌​នៅ​ព្រឹក​ថ្ងៃ​នេះ លោក ហ៊ូវ យូហ័ន្ត បាន​ឲ្យ​ដឹង​ថា លោក និង​បង​ស្រី​របស់​លោក​ បាន​ទិញ​ដី​ចំនួន ៣​ឡូតិ៍​ពី​ក្រុមហ៊ុន​នេះ ប៉ុន្តែ ពុំ​ទាន់​ទទួល​បាន​ដី​ជាក់​ស្ដែង​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ថ្ងៃ​នេះ។

លោក យូហ័ន្ត ប្រាប់ថា៖ «យើងបានតែក្រដាស​លិខិតផ្ទេរកម្មសិទ្ធិ និងប្រើប្រាស់ដីធ្លីទេ ប៉ុន្តែ ដីពិតប្រាកដមិនដឹងនៅណាទេ។ យើងបានមកសួរក្រុមហ៊ុនមួយដងជាពីរដង គឺក្រុមហ៊ុនចង្អុលទៅលិចទៅកើតៗ។ អញ្ចឹងវាអត់មានដីពិតប្រកដ»

ពលរដ្ឋម្នាក់ទៀតអ្នកស្រី ប៉ា ចត្តា និយាយថា គ្រួសារគាត់បានទិញដីពីក្រុមហ៊ុន 7NG ចំនួន ៥ឡូតិ៍រយៈពេល ១០ឆ្នាំហើយ ដើម្បីទុកសង់ផ្ទះ ប៉ុន្តែ ទទួលបានតែប្លង់​ប៉ុណ្ណោះ ហើយ​មិនដឹងដីពិតប្រាកដកនៅទីណានោះទេ។

អ្នកស្រី ចត្តា ប្រាប់ថា៖ «គោលការណ៍របស់ក្រុមហ៊ុន កាលដែលយើងទិញហ្នឹង គាត់ថា មានរោងចក្រ មានសាលារៀន មន្ទីរពេទ្យឲ្យយើង ហើយបង់រំលោះតិច មានទឹកមានភ្លើងអីសព្វបែបយ៉ាង ដោយមានការបង់តិចៗ។ អញ្ចឹង បានជាយើងអ្នកធម្មតាហ្នឹងព្យាយាមបង់ជាមួយគាត់»

ម្ចាស់ក្រុមហ៊ុន 7NG លោក ស្រី សុធា ត្រូវជាឪពុកលោក ស្រី ចាន់ថន បាន​សន្យា​នៅ​ចំពោះ​មុខ​អតិថិជន​ថា លោក​នឹង​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​នេះ​យូរ​បំផុត​នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ។

លោក ស្រី សុធា ប្រាប់​ថា៖ «កាលណាខ្ញុំដោះស្រាយអត់បាន ឧទារហ៍ថា នៅសល់១០ឡូតិ៍ ២០ឡូតិ៍ ៣០ឡូតិ៍ ខ្ញុំនឹងសង់លុយទៅពួកគាត់វិញទៅតាមតម្លៃទីផ្សារដែលមានការវាយតម្លៃពីក្រុមហ៊ុអចលនទ្រព្យផ្លូវការជូន ពីព្រោះការងារបច្ចេកទេសនេះមិនមែនគិតតែខ្ញុំទេ គិតពី ៥០ឆ្នាំទៅ ១០០ឆ្នាំទៅមុខ​ទៀត ព្រោះបងប្អូនជឿលើខ្ញុំ បើខ្ញុំធ្វើខ្ជីខ្ជារត់ទៅបាត់ បងប្អូនទៅពឹងអ្នកណា? ត្រូវចាំថា បើអត់ពីខ្ញុំ មានកូនខ្ញុំ ៧នាក់ទៀត»

នាយក​ក្រុមហ៊ុន 7NG ​លោក ស្រី សុធា និង​កូនៗ​របស់​គាត់ ត្រូវ​បាន​ពលរដ្ឋ​ប្ដឹង​ទៅ​តុលាការ​រាជ​ធានី​ភ្នំពេញ​កាល​ពី​ខែ​មេសា​ឆ្នាំ​មុន ពី​បទ​ឆបោក​នៅ​ក្នុង​ជំនួញ​ដី​ធ្លី ​​ស្ថិត​ក្នុង​​ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្ដាល តាំង​ពីជាង ១០​ឆ្នាំ​មុន​មក​ម៉្លេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ