មន្ត្រីទទួលបន្ទុកខាងគ្រោះថ្នាក់ធម្មជាតិ បានឲ្យដឹងថា យ៉ាងហោចមនុស្ស ១៦នាក់បានស្លាប់ និងជិត ៤០នាក់ទៀតបានទទួលរងរបួស បន្ទាប់ពីរងគ្រោះដោយសារខ្យល់កន្ដ្រាក់ និងរន្ទះបាញ់នៅក្នុងរយៈពេល ៤ខែដើមឆ្នាំនេះ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី បានប្រាប់ VOD ឱ្យដឹងនៅថ្ងៃនេះថា ខ្យល់កន្ត្រាក់បានសម្លាប់ជីវិតមនុស្ស១នាក់ និងរងរបួសចំនួន ២១នាក់ ចំណែកបាតុភូតរន្ទះបាញ់បានសម្លាប់មនុស្ស ១៥នាក់ក្នុងនោះមានស្រី ២នាក់ ក្មេងចំនួន៣ និងរងរបួស ១៨នាក់ ចាប់ពីខែមករា ដល់ថ្ងៃទី២៩ ខែមេសានេះ។
លោកបន្តឱ្យដឹងថា ការទទួលរងគ្រោះដោយខ្យល់ព្យុះ បានកើតឡើង ៩៩លើក នៅទូទាំងប្រទេស ផ្ទះរលំ និងខូចខាតធ្ងន់ធ្ងរ ៤៦៦ខ្នង ផ្ទះដែលរបើកដំបូល និងខូចខាតមធ្យមចំនួន ២៧១៧ខ្នង របើកដំបូលសាលារៀន និងទីចាត់ការ ២៥អគារ និងខូចខាតនូវសំណង់អគារមួយចំនួនទៀត។
លោកបន្ថែមទៀតថា ដំណាំកសិកម្មប្រជាពលរដ្ឋដែលទទួលរងការខូចខាត រួមមាន ចម្ការចេក ៦០ហិកតា ធុរេនចំនួន ៤១៣ដើម និងដើមមៀនប៉ៃលិន ២៧០០ដើមផងដែរ។
យោងតាមរបាយការណ៍របស់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយក្នុងឆ្នាំ២០១៨កន្លងមក មានមនុស្សចំនួន ១១០នាក់ បានស្លាប់ និង ៨២នាក់ បានរងរបួសដោយសារបាតុភូតរន្ទះ។
ចំណែកគ្រោះខ្យល់ព្យុះបានកើតឡើង ១៩៦លើក បណ្ដាលឱ្យមនុស្សស្លាប់ ៦នាក់ របួស ៤៤នាក់ និងធ្វើឱ្យផ្ទះប្រជាពលរដ្ឋ ៦០០ខ្នងរងការខូចខាតធ្ងន់ធ្ងរ និងជិត ៣០០០ខ្នងរងការខូចខាតមធ្យម៕