កម្ពុជាជំរុញឲ្យមីយ៉ាន់ម៉ាបង្កើនទំហំពាណិជ្ជកម្មដល់ ១០លានដុល្លារ

នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញជួបពិភាក្សាការងារជាមួយលោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងឱកាសដែលលោកស្រីអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសកម្ពុជា។ រូបភាព៖ ហួត វុទ្ធី

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានជំរុញទៅភាគីមីយ៉ាន់ម៉ាឲ្យបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ចំនួន ១០លានដុល្លារសហរដ្ឋអាមេរិក។

គេហទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ឲ្យដឹងថា នៅថ្ងៃនេះ លោក ហ៊ុន សែន បានជួបជាមួយលោកស្រី អង់សាន ស៊ូជី ទីប្រឹក្សានៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលកំពុងមកបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅប្រទេសកម្ពុជា ដែលចាប់ផ្ដើមពីថ្ងៃទី២៩ មេសា រហូតដល់ថ្ងៃទី១ ខែឧសភាស្អែកនេះ។ 

បើតាមហ្វេសប៊ុកផ្លូវការរបស់នាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅក្នុងជំនួបនេះ លោក ហ៊ុន សែន បានស្នើឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាបង្កើនទំហំពាណិជ្ជកម្មដល់ ១០លានដុល្លារសហរដ្ឋអាមេរិក។ ក្រៅពីនេះ លោក ហ៊ុន សែន ក៏ស្នើឲ្យមីយ៉ាន់ម៉ាត្រួតពិនិត្យលើបញ្ហាពន្ធ និងវិស័យដទៃទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រទេសទាំងពីរ។

លោក​ ហ៊ុន សែន សរសេរលើហ្វេសប៊ុកថា៖ «រាល់កិច្ចការដែលបានលើកឡើងខាងលើនេះ លោកជំទាវ និងសម្ដេចតេជោបានឯកភាពគ្នា ជំរុញវិស័យសំខាន់ៗទាំងនេះ ហើយក៏បានផ្ដល់ការទុកចិត្ត និងឲ្យរដ្ឋមន្ត្រីដែលពាក់ព័ន្ធនៃប្រទេសទាំងពីរ​ ធ្វើការងារនោះជាបន្តបន្ទាប់ទៀត»។

បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងមីយ៉ាន់ម៉ា សម្រាប់រយៈពេល ៣ឆ្នាំចុងក្រោយនេះ គឺមានចំនួនជិត ២០លានដុល្លារប៉ុណ្ណោះ។

បើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មដដែល រយៈពេល៦ខែ ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មកម្ពុជា និងមីយ៉ាន់ម៉ា មានចំនួន ៤.៥៣លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅមីយ៉ាន់ម៉ាចំនួន ៨៦ម៉ឺនដុល្លារ ខណៈមីយ៉ាន់ម៉ានាំចូលមកកម្ពុជាចំនួន ៣.៦៧លានដុល្លារអាមេរិក។

កម្ពុជា និងមីយ៉ាន់ម៉ា គឺប្រទេសដែលទទួលរងការព្រមានដកហូតប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប ជុំវិញការចោទប្រកាន់រឿងបញ្ហារំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសទាំងពីរនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ