លោក សុខ ទូច ប្រៀបធៀបថៃ និងវៀតណាមអត់ EBA ពលរដ្ឋមានការងារ

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច។ រូបភាព៖ ហ្វេសប៊ុក Sok Touch – សុខ ទូច

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ច្រានចោលសារជាថ្មីទៀតចំពោះការលើកឡើងថា ពេលកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ ពលរដ្ឋកម្ពុជាបាត់បង់ការងារធ្វើ ហើយលោកក៏បានលើកឡើងថា នៅថៃ និងវៀតណាមមិនមាន EBA ទេ។

លោក សុខ ទូច លើកឡើងនៅក្នុងកិច្ចពិភាក្សាតុមូលមួយនៅព្រឹកនេះថា បើទោះជាកម្ពុជាអត់ ប្រពន្ធអនុគ្រោះពន្ធ EBA កម្ពុជានៅតែមានការងារធ្វើធម្មតា។​

លោក សុខ ទូច៖ «អ្នកវិភាគថា បើសិនជាអត់ EBA មនុស្ស ៧សែននាក់អត់ការងារធ្វើ។ អត់ទេ! ខ្ញុំបាននិយាយលើកមុនហើយ ខ្ញុំមិនចង់និយាយទៀតទេ ប៉ុន្តែ ខ្ញុំចង់ប្រាប់ម្តងទៀតថា រដ្ឋាភិបាលបានធ្វើកំណែទម្រង់ស៊ីជម្រៅទៅលើបញ្ហា ៥។​»

កំណែទម្រង់ស៊ីជម្រៅទាំង៥ ដើម្បីឱ្យអ្នកវិនិយោគនៅតែចាប់អាម្មណ៍កម្ពុជានោះ លោកសុខ ទូចលើកឡើងដូចជា ធ្វើឱ្យប្រសើរឡើងនូវផ្លូវដឹកជញ្ជូន កាត់បន្ថយនីតិវិធីស្មុគស្មាញ និងការបង់លុយក្រៅផ្លូវការ ជាដើម។​

លោក សុខ ទូច ក៏បានចោទសួរទៀតថា នៅប្រទេសថៃ និងប្រទេសវៀតណាម មិនមានប្រព័ន្ធអនុគ្រោះពន្ធទេ តើពលរដ្ឋនៃប្រទេសនេះមានការងារធ្វើឬអត់?

លោក សុខ ទូច៖ «មានអ្នកវិភាគខ្លះថា ឱ្យតែដក EBA អត់ការងារធ្វើហើយ។ ចេះតែថា តាហ្មង! ចុះវៀតណាមអត់ EBA គេអស់ហើយ? ចុះថៃអត់ EBA គេរត់អស់ហើយ? EBA នៅអាស៊ានមានតែពីរទេគឺ ភូមា និងកម្ពុជា។ ឡាវ ប៉ុន្តែ ឡាវ វាខុស វាឯកបក្ស។​»​

ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៩ សហភាពអឺរ៉ុបកំពុងតែដំណើរការនីតិវិធីក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ដោយចោទថា កម្ពុជាមិនគោរពតាមគោលការណ៍សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងសិទ្ធិការងារ ជាដើម។​

ប៉ុន្តែ រដ្ឋាភិបាលកម្ពុជាចាត់ទុកចំណាច់ការរបស់សហភាពអឺរ៉ុបនេះថា ជារឿងអយុត្តិធម៌ ព្រោះកម្ពុជាបច្ចុប្បន្នខិតខំថែរក្សាសន្តិភាព គោរពសិទ្ធិមនុស្ស មានការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងបានចូលរួមថែរក្សាសន្តិភាពពិភពលោក ដូចជា បញ្ជូនកម្លាំងទ័ពបំពេញការងារសប្បុរសធម៌ជាមួយអង្គការសហប្រជាជាតិ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ