សមាគមថាកម្ពុជាមិនដែលនាំសាច់ជ្រូកចូលចិនទេ

ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ ​លោក ស្រ៊ុន ពៅ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​រៀប​ចំ​ផែន​ការ​ត្រៀម​ និង​ឆ្លើយ​តប​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

ប្រធានសមាគមចិញ្ចឹមជ្រូក អះអាងថា កម្ពុជា​មិនដែលនាំសាច់ជ្រូកចូលទៅប្រទេសចិននោះទេ ដោយលោកថា មានតែ​ចិននាំសាច់ជ្រូកមកលក់នៅកម្ពុជា។

ការអះអាងរបស់ប្រធានសមាគមចិញ្ចឹមជ្រូក ធ្វើឡើងបន្ទាប់ពីមន្ត្រីគយចិនថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីម្សិលមិញថា ចិននឹងហាមមិនឱ្យកម្ពុជានាំចូលសាច់ជ្រូកស្រុក សាច់ជ្រូកព្រៃ និងផលិតផលផ្សេងៗ ដែលកែច្នៃពីសាច់ជ្រូកទៅប្រទេសចិនទៀតទេ ដោយសារ បច្ចុប្បន្នកម្ពុជាកំពុងតែមានការឆ្លងរាលដាលជំងឺផ្តាសាយអាហ្វ្រិក។​

ប៉ុន្តែ ប្រធានសមាគមចិញ្ចឹមជ្រូក លោក ស្រ៊ុន ពៅ ប្រាប់ វី.អូ.ឌី នៅថ្ងៃនេះ ថា សព្វថ្ងៃកម្ពុជាខ្វះសាច់ជ្រូក ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងប្រទេស។ លោកថា កម្ពុជាមិនអាចនាំសាច់ជ្រូកទៅលក់នៅប្រទេសចិន ដូចមន្ត្រីគយចិនប្រាប់ព័ត៌មាននោះទេ។

លោកថា៖ «កម្ពុជាយើងមិនដែលនាំសាច់ជ្រូកទៅប្រទេសចិនទេ ព្រោះអីជ្រូកនៅកម្ពុជាហូបអត់គ្រប់ផងហ្នឹង រឿងអីនាំទៅប្រទេសចិន វាអត់ត្រឹមត្រូវ។ បាទ! អត់ទេ មានតែចិននាំជ្រូកមកលក់នៅប្រទេសខ្មែរ អារឿងខ្មែរនាំទៅចិនអត់មានទេ»។

លោក ស្រ៊ុន ពៅ បន្តថា សព្វថ្ងៃកម្ពុជានាំចូលសាច់ជ្រូកពីប្រទេសថៃក្នុងមួយថ្ងៃជាង ១០០តោន ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងប្រទេស។ លោកបន្តថា ការដែលកម្ពុជានាំចូលសាច់ជ្រូកពីថៃនេះ ធ្វើឡើងបន្ទាប់ប្រជាពលរដ្ឋបានបោះបង់ការចិញ្ចឹម ដោយសារ ពួកគេលក់បានតម្លៃថោក។

វី.អូ.ឌី បានព្យាយាមសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ ប៉ុន្តែទូរសព្ទមិនអាចទាក់ទងបាន។ ចំណែកឯលោក ឡុង កែមវិចត្រ ទូរសព្ទចូល ប៉ុន្តែ គ្មានអ្នកទទួល។

នៅប្រទេសចិនមានការឆ្លងជំងឺផ្តាយសាយអាហ្វ្រិក កាលពីដើមខែសីហា ឆ្នាំ២០១៨ ហើយជំងឺនេះរាលដាលដល់វៀតណាម បន្ទាប់មកដល់កម្ពុជានៅដើមខែមេសា ឆ្នាំ២០១៩។​

នៅដើមខែមេសា ឆ្នាំ២០១៩នេះ ជ្រូករាប់រយក្បាលនៅក្នុងខេត្តរតនគិរី បានងាប់ជាបន្តបន្ទាប់ដោយសារជំងឺផ្តាសាយអាហ្វ្រិក។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ