ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធអំពាវនាវទៅរដ្ឋាភិបាលឱ្យទប់ស្កាត់ចំពោះជនជាតិចិនមួយចំនួនដែលកំពុងដណ្ដើមមុខរបររបស់ប្រជាពលរដ្ឋខ្មែរ លើការងារទូទៅដែលមិនតម្រូវការជំនាញខ្ពស់រួមទាំងលក់ដូរបន្តិចបន្តួច ឬបើករថយន្តឈ្នួល ជាដើម។
ក្នុងពិធីទិវាពលកម្មអន្តរជាតិ ខួបលើកទី១៣៣ នៅទីលានប្រជាធិបតេយ្យ នាថ្ងៃនេះ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ថ្លែងថា បច្ចុប្បន្ននេះ ជនជាតិចិនបាននឹងកំពុងប្រកបមុខរបររកស៊ីដូចប្រជាពលរដ្ឋខ្មែរដែរ។ លោកបន្តថា ករណីនេះបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋ ដោយសារមុខរបរណាដែលជនជាតិចិនរកស៊ីនោះ គឺជនជាតិចិនជួយទិញតែគ្នាគេតែប៉ុណ្ណោះ។
លោកអំពាវនាវឱ្យរដ្ឋាភិបាលពិនិត្យ និងទប់ស្កាត់ចំពោះជនជាតិទាំងឡាយណាដែលចូលមករកស៊ីដូចប្រជាពលរដ្ឋខ្មែរ ដើម្បីធានាថា រដ្ឋាភិបាលពិតជាបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋខ្លួន។
លោកថា៖ «អ្នករត់រ៉ឺម៉ក់ បងប្អូនអ្នកលក់ដូរខេត្តសៀមរាប ព្រះសីហនុ យើងព្រួយបារម្ភអំពីបាត់ទីផ្សារការងារ ហេតុអីយើងស្វាគមន៍ចំពោះអ្នកវិនិយោគទុនចិន ដែលមកដាក់នៅកម្ពុជា ប៉ុន្តែ មិនមែនឱ្យអ្នកវិនិយោគនោះ វិនិយោគតាំងពីរត់រ៉ឺម៉ក់ទេ។ នៅកំពង់សោម បើមិនជឿទៅមើលទៅខ្លួនឯងទៅ ចិនមកវិនិយោគ តាំងពីអ្នករត់រ៉ឺម៉ក់ អ្នកលក់ចេកចៀន អ្នកលក់ទឹកអំពៅ លក់ចំណីអាហារ តិចទៀត ចិនលក់នំបញ្ចុកដែរហើយ។ អ៊ីចឹងហើយ យើងព្រួយបារម្ភ។ សូមឱ្យរាជរដ្ឋាភិបាលពិនិត្យមើលឡើងវិញចំពោះជនជាតិទាំងឡាយណា មកប្រទេសកម្ពុជាហើយសូមកុំឱ្យមកដណ្ដើមការងារក្រៅប្រព័ន្ធលក់ដូចតិចតួចអី»។
លោកបន្តថា ប្រសិនរដ្ឋាភិបាលមិនទប់ស្កាត់ទេ ប្រជាពលរដ្ឋនៅតាមតំបន់ទេសចរណ៍មួយចំនួននឹងបាត់បង់មុខរបរ ដោយសារ ជនជាតិចិនទាំងអស់នោះ។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ មានប្រសាសន៍ថា ចិនដែលចូលមកប្រទេសកម្ពុជាបានផ្ដល់ផលវិជ្ជមានច្រើន ដូចជា ជួយបង្កើតការងារដល់ប្រជាពលរដ្ឋ បើទោះបីជាមានការងារខ្លះ លោកឃើញមានជនជាតិចិនមួយចំនួនតូចបានប្រកបមុខរបររកស៊ីដូចប្រជាពលរដ្ឋកម្ពុជាក៏ដោយ។
លោកថា៖ «គម្រោងវិនិយោគរបស់ចិនបានបង្កើតការងារជូនប្រជាជនកម្ពុជាច្រើន បើទោះបីជាមានការងារខ្លះ យើងឃើញមានជនជាតិចិនមួយចំនួនតូចធ្វើ»។
កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លៃងនៅក្នុងកិច្ចប្រជុំ«ខ្សែក្រវ៉ាត់ និងផ្លូវ» ដែលធ្វើឡើងនៅក្នុងប្រទេសចិន ថា ខេត្តព្រះសីហនុរបស់កម្ពុជាកំពុងទទួលបានការរីកចម្រើន ដោយសារ គម្រោងរបស់ចិន។ លោក ហ៊ុន សែន បញ្ជាក់ថា មានក្រុមហ៊ុនចិនចំនួន ១៤៨ បានកំពុងនឹងបង្កើតការងារជូនប្រជាជនកម្ពុជាជាង ២ម៉ឺននាក់ផងដែរ។
របាយការណ៍ក្រសួងមហាផ្ទៃចេញផ្សាយកាលពីខែកញ្ញា ឆ្នាំ២០១៨បានបង្ហាញថា ជនជាតិចិននៅកម្ពុជាមានចំនួន ២១ម៉ឺននាក់ ក្នុងនោះ ជនជាតិចិនកំពុងរស់នៅខេត្តព្រះសីហនុមានចំនួនច្រើនជាងបណ្ដាខេត្តផ្សេងទៀត គឺចំនួន ៧៨ ០០០នាក់។









