ប្រជាសហគមន៍អូរខ្សាច់ក្នុងខេត្តព្រះសីហនុបានធ្វើយុទ្ធនាការដើរហែក្បួន និងដាក់ញត្តិតាមស្ថាប័នរដ្ឋដែលពាក់ព័ន្ធរយៈពេល១៥ថ្ងៃ ដើម្បីប្រឆាំងការរំលោភបំពានសិទ្ធិជាម្ចាស់ដីធ្លី និងទាមទារទៅតុលាការដោះលែងតំណាងពួកគេ។
តំណាងសហគមន៍អូរខ្សាច់ប្រមាណ៣០នាក់នៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ បញ្ជាក់ថា ពួកគេធ្វើយុទ្ធនាការរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមេសា ដើម្បីដាក់ញត្តិនៅស្ថាប័នរដ្ឋនានានៅខេត្តព្រះសីហនុ និងភ្នំពេញ ដើម្បីឱ្យដោះស្រាយទុក្ខកង្វល់របស់ពួកគាត់។
លោក ហ៊ី រ៉ា ត្រូវជាកូនអ្នកស្រី ឡុច ទូច ប្រាប់ វី.អូ.ឌី ថា ម្តាយរបស់លោកជាប់ពន្ធនាគារដោយសារការពារដីធ្លី។ លោកថា អ្នកភូមិផ្សេងទៀតក៏កំពុងរងបណ្តឹងជាបន្តបន្ទាប់ដែរ។
លោក ហ៊ី រ៉ា ឲ្យដឹងថា ម្តាយលោកគឺអ្នកស្រី ឡុច ទូច ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំ និងផាកពិន័យជាប្រាក់២០លានរៀល ក្រោមបណ្តឹងរបស់ឧកញ៉ា តាន់ តាប់ និងលោក ឡុញ វណ្ណ: ហើយក្រោយមកតុលាការបានកាត់ទោសឲ្យម្តាយលោកជាប់ពន្ធនាគារ១ឆ្នាំទៀតពាក់ព័ន្ធរឿងដីធ្លី តាមបណ្តឹងរបស់បុគ្គលឈ្មោះ ប៉ុន សារឿន ហើយថា ថ្មីៗនេះមានស្រ្តីមា្នក់ទៀតឈ្មោះ ជា សុឡេង ក៏បានប្តឹងម្តាយលោកដែរ។
លោកបន្ថែមថា៖ «ពូកខ្ញុំមានលិខិតកាន់កាប់ ហើយពួកគាត់អត់មានលិខិតកាន់កាប់ត្រឹមត្រូវដូចពួកខ្ញុំទេ ហើយគាត់ចោទប្រជាពលរដ្ឋខ្ញុំថា ជាពួកអាណាធិបតេយ្យ ហើយពួកខ្ញុំរស់នៅលើដីជាក់ស្តែងជិត៣០ឆ្នាំហើយ។ ដោយសារតែអ្នកមានលុយមានអំណាចនេះហើយដែលយកដីប្រជាពលរដ្ឋក្រីក្រ អ៊ីចឹង! សុំឲ្យសម្តេចជួយអន្តរាគមន៍ និងដោះស្រាយជូនប្រជាពលរដ្ឋពួកខ្ញុំនៅសហគមន៍អូរខ្សាច់នេះផង»។
ពលរដ្ឋម្នាក់ទៀត លោក យូរ វាសនា មានប្រសាសន៍ថា អ្នកភូមិទាមទារទៅតុលាការត្រូវធ្វើការឱ្យឯករាជ្យ ដោយថា រាល់សំណុំរឿងដីធ្លីត្រូវធ្វើការស្រាវជ្រាវឲ្យបានច្បាស់លាស់តាមនីតិវិធីច្បាប់ និងស្នើទៅអាជ្ញាធរបញ្ឈប់ការប្រើអំពើហិង្សា និងប្រើប្រព័ន្ធតុលាការចាប់ពលរដ្ឋម្ចាស់ដីពិតប្រាកដដាក់ពន្ធនាគារ។
លោកបន្ថែមថា៖ «ប្រសិនបើយើងនៅតែរងនូវភាពអយុត្តិធម៌ យើងនឹងនាំគ្នាធ្វើឲ្យអស់ពីលទ្ធភាពនៅក្នុងខេត្ត ហើយយើងនឹងទៅតស៊ូមតិនៅថ្នាក់ជាតិគ្រប់ស្ថាប័នទាំងអស់ ដើម្បីឲ្យអន្តរាគមន៍មកសាលាដំបូងខេត្តព្រះសីហនុ ក៏ដូចជា ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរខេត្តឲ្យជួយរកដំណោះស្រាយ និងផ្តល់យុត្តិធម៌ដល់សហគមន៍យើងវិញ»។
លោក យូរ វាសនា ឲ្យដឹងថា បច្ចុប្បន្ន ប្រជាសហគមន៍អូរខ្សាច់កំពុងប្រឈមបញ្ហាអត់ដីធ្លីបង្កបង្កើនផល ក្រោយស្រ្តីម្នាក់ឈ្មោះ ជា សុឡេង បានប្តឹងទៅតុលាការសុំរក្សាការពារដីធ្លីរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។
អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ លោក លឹម ប៊ុនហេង មានប្រសាសន៍ថា រាល់បញ្ហាវិវាទដីធ្លីក្នុងខេត្តព្រះសីហនុ គឺតុលាការធ្វើការកាត់ក្តីដោយផ្អែកតាមនីតិវិធីច្បាប់ ប៉ុន្តែ លោកសុំមិនធ្វើអធិប្បាយលើការឃុំខ្លួនតំណាងពលរដ្ឋអ្នកស្រី ឡុច ទូច នោះទេ ដោយថា វាជាសិទ្ធរបស់តុលាការ។
លោកបន្ថែមថា៖ «បញ្ហាពាក់ព័ន្ធដីធ្លី និងបញ្ហាផ្សេងៗ តុលាការតែងតែយកចិត្តទុកដាក់ដោះស្រាយ និងធ្វើការតាមនីតិវិធីទាំងអស់ហ្នឹង»។
មន្រ្តីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះសីហនុ លោកស្រី ជាប សុធារី មានប្រសាសន៍ថា ពលរដ្ឋមានសិទ្ធិជួបប្រជុំ ឬប្រមូលផ្តុំគ្នា និងដើរហែក្បួន ដើម្បីតវ៉ាទាមទារអ្វីមួយដែលពួកគេចង់បាន ប្រសិនបើការតវ៉ានោះស្របនីតិវិធីច្បាប់។
លោកស្រីបន្ថែមថា៖ «ការធ្វើយុទ្ធនាការហ្នឹង វាជាសិទ្ធិនៃការតវ៉ាទាមទារការមិនពេញចិត្តរបស់ពួកគាត់ ប្រសិនបើពួកគាត់ធ្វើហ្នឹងដោយមិនមានការប្រើអំពើហិង្សា មិនប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ខ្ញុំជឿថា វាមិនមានបញ្ហាអ្វីនោះទេ ព្រោះវាជាសេរីភាពមូលដ្ឋានរបស់ប្រជាពលរដ្ឋ»។
បើតាមពលរដ្ឋ អ្នកភូមិនៅសហគមន៍អូរខ្សាច់ក្នុងខេត្តព្រះសីហនុ មានជម្លោះដីជាមួយលោក តាន់ តាប់ ក្នុងទំហំដី៧៩ហិកតា និងជាមួយលោក ប៉ុន សារឿន ដីហំទំ៥ហិកតា ខណៈជាមួយអ្នកស្រី ជា សុឡេង មានដីទំហំ១ហិកតា៤៤អា។ វី.អូ.ឌី មិនទាន់រកលេខទំនាក់ទំនងឧកញ៉ា និងឈ្មួញទាំងបីរូបនេះនៅឡើយទេ។
របាយការណ៍សង្ខេបមួយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញផ្សាយឆ្នាំ២០១៨ កន្លងមកនេះ ឲ្យដឹងថា បញ្ហាវិវាទដីធ្លីទូទាំងប្រទេសនៅសល់ជិត ១៥០០ករណីទៀត នៅមិនទាន់ត្រូវបានដោះស្រាយចប់នៅឡើយទេ គិតត្រឹមចុងឆ្នាំ២០១៨៕









