អ្នកតាមដានលើកឡើងថា ក្នុងរយៈពេល២០ឆ្នាំដែលកម្ពុជាចូលជាសមាជិកអាស៊ាន ប្រទេសនេះអាចទាញប្រយោជន៍សម្រាប់ជាតិ និងប្រជាជនបានតិចតួចប៉ុណ្ណោះ ។
ប្រធានសមាគមអនាគតយុវជនកម្ពុជាអាស៊ាន លោក ស្រ៊ុន ស្រ៊ន មានប្រសាសន៍ថា ក្នុងរយៈពេល២០ឆ្នាំមកនេះ កម្ពុជាមិនអាចទាញប្រយោជន៍ដល់ប្រជាជនពីអាស៊ានបានជាដុំកំភួននោះទេ ខណៈមានប្រជាជនកម្ពុជាតិចណាស់ដែលស្គាល់ពីអាស៊ាននេះ។
លោកថា៖ « តើអាស៊ានមានយន្តការដោះស្រាយជម្លោះព្រំដែនបានកម្រិតណាហើយ (បញ្ហាព្រំដែនកម្ពុជា)? យន្តការនូវការដោះស្រាយជម្លោះនូវការធ្វើអន្តោប្រវេសន៍ ដែលថៃបានបញ្ជូនពលករខ្មែរដែលទៅថៃធ្វើការខុសច្បាប់ប្រមាណជិត១លាននាក់ និងភូមាជាង២លាននាក់ តើយន្តការអាស៊ានប្រើធ្វើអីហើយ? ដូចជា ជនជាតិរ៉ូហ៊ីនយ៉ាដែលភូមាកំពុងធ្វើទុក្ខបុកម្នេញ យើងឃើញថា យន្តការអាស៊ានវាអត់មាន! យើងថាមានប្រយោជន៍ពីអាស៊ានលុះត្រាតែយើងមានប្រយោជន៍ពីយន្តការ » ។
ឆ្លើយទៅនឹងសំណួរ VOD តាមសារអេឡិចត្រូនិក Email អ្នកជំនាញគោលនយោបាយ និងជាសាស្ត្រាចារ្យផ្នែកការទូត និងកិច្ចការពិភពលោកនៃមហាវិទ្យាល័យ Occidental សហរដ្ឋអាមេរិក លោក អៀ សុផល បានលើកឡើងថា ក្នុងរយៈពេល២០ឆ្នាំមកនេះ អាស៊ានហាក់បានរុញច្រានកម្ពុជាឲ្យកាន់តែកៀកជាមួយចិនកាន់តែខ្លាំង ហើយសមាជិកភាពរបស់កម្ពុជានៅក្នុងអាស៊ាននេះក៏បានផ្ដល់ប្រយោជន៍ច្រើនដល់ចិនផងដែរ ខណៈរដ្ឋាភិបាលកម្ពុជាបានប្រយោជន៍បន្ទាប់បន្សំប៉ុណ្ណោះ។
លោកសរសេរថា៖ « សមាជិកអាស៊ានគួរតែបានធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាចុះសម្រុងជាមួយនឹងសមាជិករបស់អាស៊ានផ្សេងទៀត។ ផ្ទុយទៅវិញ វាបានត្រឹមតែធ្វើឲ្យប្រទេសកម្ពុជាក្លាយជាផ្នែកមួយរបស់ប្រទេសចិនប៉ុណ្ណោះ » ។
ក្នុងសារលិខិតអបអរខួប២០ឆ្នាំនៃការចូលជាសមាជិកអាស៊ានរបស់កម្ពុជាថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ដល់៣០ ខែមេសា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា វាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលបានធ្វើឲ្យកម្ពុជាធ្វើការកាន់តែជិតស្និទ្ធជាមួយសមាជិកសហគមន៍ដទៃទៀត ដើម្បីជំរុញដល់ការភ្ជាប់ការអភិវឌ្ឍ នយោបាយ សង្គម សេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិ ផងដែរ។
លោក ហ៊ុន សែន បន្ថែមថា ក្នុងរយៈពេល២០ឆ្នាំ អាស៊ានបានក្លាយជាខែលមួយដើម្បីឯករាជ្យភាពសមាជិកខ្លួន និងសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។
លោកសរសេរថា៖ « ប្រទេសសមាជិកអាស៊ាននាពេលបច្ចុប្បន្ន គឺជាទីផ្សារនាំចេញធំជាងគេទី៣របស់កម្ពុជា បន្ទាប់ពីអឺរ៉ុប និងសហរដ្ឋអាមេរិក។ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសសមាជិកអាស៊ានដទៃទៀតបានកើនឡើង៤ភាគរយ នៅឆ្នាំ១៩៩៩ ទៅដល់២០ភាគរយ នៅឆ្នាំ២០១៨ » ។
អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នៃសាកលវិទ្យាល័យ Ritsumeikan Asia Pacific លោក សេក សុផល ទទួលស្គាល់ថា កម្ពុជាពិតជាចំណេញលើផ្នែកសេដ្ឋកិច្ចក្នុងសហគមន៍នេះមែន តែលោកថា នៅមិនទាន់អស់លទ្ធភាពនៅឡើយ ខណៈប្រទេសឥណ្ឌូណេស៊ី ថៃ សិង្ហបុរី និងវៀតណាមកំពុងទាញប្រយោជន៍បានច្រើនពីសហគមន៍នេះ។
លោកបន្ថែមថា ដើម្បីឲ្យកម្ពុជាអាចទាញប្រយោជន៍ពីសហគមន៍នេះបានច្រើននោះ រដ្ឋាភិបាលគួរតែបង្កើនសមត្ថភាពធនធានមនុស្ស បណ្ដុះបណ្ដាលឲ្យមានកម្មករជំនាញកាន់តែច្រើន ផ្លាស់ប្ដូរបច្ចេកវិទ្យា ពង្រឹងអភិបាលកិច្ចល្អ ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសបន្ថែមទៀត។
លោកថា៖ « នៅពេលដែលមានការវិនិយោគមក ដូចជា វិនិយោគិនរបស់ជប៉ុនដែលកម្លាំងពលកម្មដែលគេត្រូវការមិនមែនជាកម្លាំងដែលធ្វើដោយកម្លាំងទាំងស្រុងទេ ប៉ុន្ដែ គេត្រូវការកម្លាំងដែលមានបច្ចេកទេស អញ្ចឹងការបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់យើងសំខាន់ណាស់ដើម្បីឲ្យយើងទទួលការបានឱកាសវិនិយោគពីជប៉ុន ឬប្រទេសផ្សេងៗនៅអឺរ៉ុបអញ្ចឹងទៅ »។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ានត្រូវបានបង្កើតឡើងនាថ្ងៃទី៨ សីហា ឆ្នាំ១៩៦៧ ដោយប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន និងសិង្ហបុរី ខណៈប្រទេសប្រ៊ុយណេចូលជាសមាជិកទី៦ ក្នុងឆ្នាំ១៩៨៤ វៀតណាមក្នុងឆ្នាំ១៩៩៥ ឡាវ និងភូមាក្នុងឆ្នាំ១៩៩៧ ហើយកម្ពុជានៅថ្ងៃ៣០ មេសា ឆ្នាំ១៩៩៩។
រហូតមកដល់ពេលនេះកម្ពុជាធ្លាប់បានធ្វើជាប្រធាននៃកិច្ចប្រជុំអាស៊ាន២ដងរួចហើយគឺក្នុង២០០២ និងឆ្នាំ២០១២ កន្លងទៅ៕









