ម្តាយសពដែលត្រូវបានទាហានថៃបាញ់ស្លាប់កាលពីចុងខែមុន ជំរុញឱ្យអាជ្ញាធរកម្ពុជាជួយរកយុត្តិធម៌ជុំវិញករណីនេះ និងស្នើឱ្យមានការជួយដោះស្រាយបញ្ហាប្រឈមក្នុងជីវភាព ត្បិតពួកគាត់ត្រូវបាត់បង់កម្លាំងដែលជាបង្គោលសំខាន់ក្នុងគ្រួសារ។
ម្តាយសពដែលត្រូវទាហានថៃបាញ់ស្លាប់ រស់នៅឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ អ្នកស្រី ហ៊ាន ណេត អាយុ៦០ឆ្នាំ មានប្រសាសន៍ថា សពកូនរបស់ខ្លួនឈ្មោះ ម៉ៅ មុំ ត្រូវបានអាជ្ញាធរបញ្ជូនមកដល់ផ្ទះនៅស្រុកកំណើតកាលពីយប់មិញនេះ។
អ្នកស្រីបន្តថា គ្រួសារគាត់ក្រីក្រពេក មិនមានទាំងលទ្ធភាពរៀបចំបុណ្យសពផង ប៉ុន្តែ មានអ្នកជិតខាងបាននាំគ្នាជួយរៀបចំពិធីនេះឱ្យ។ ស្រ្តីមេម៉ាយរូបនេះបញ្ជាក់ថា ពេលកូនប្រុសរបស់គាត់ទៅរកស៊ីចូលកាប់ឈើនៅក្នុងដីថៃ គឺទៅជាលើកដំបូង មិនបានប្រាប់អ្នកស្រីឡើយ ស្រាប់តែនៅចុងខែមុននេះ ទើបដឹងថា កូនរបស់ខ្លួនត្រូវបានទាហានថៃបាញ់សម្លាប់។
អ្នកស្រីមានប្រសាសន៍ថា៖ «ខ្ញុំអត់បណ្តោយទេ វាទៅតាមគេ វាថ្មី វាអត់ដែលទៅម្តងសោះ។ ខ្ញុំសោកស្តាយខ្លាំងអាណិតកូន»។
ជំទប់ទី១ ឃុំសំរោង លោក ជុំ សុផុន ឱ្យដឹងថា ហេតុការណ៍បាញ់ប្រហារពលរដ្ឋខ្មែរពីរនាក់ ពីសំណាក់ទាហានថៃនេះ កើតឡើងកាលពីថ្ងៃទី២៤ ខែមេសា។ លោកថា ហេតុការណ៍បណ្តាលឱ្យពលរដ្ឋម្នាក់ស្លាប់ ឈ្មោះ ម៉ៅ មុំ ភេទប្រុស អាយុ២៦ឆ្នាំ និងបុរសម្នាក់ទៀតឈ្មោះ អាត វិត ភេទប្រុស អាយុ២៤ឆ្នាំ រងរបួសធ្ងន់ ខណៈពួកគេទាំង២នាក់បានលួចឆ្លងដែនចូលទឹកដីថៃដើម្បីកាប់ឈើគ្រញូង។
អាជ្ញាធរមូលដ្ឋានរូបនេះ អះអាងថា គ្រួសារជនរងគ្រោះទាំងពីរពិតជាមានជីវភាពខ្វះខាតខ្លាំងប្រាកដមែន ដោយថា សូម្បីលទ្ធភាពទៅយកសពកូន និងទៅមើលថែកូនដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្តត្រាត ប្រទេសថៃ ក៏គ្មានផង។
ចំណែកសំណើសុំយុត្តិធម៌ ឬជួយជ្រោមជ្រែងគ្រួសារ លោកថា ខាងឃុំមានតែបញ្ជូនសំណើទាំងនេះទៅអាជ្ញាធរថ្នាក់លើប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា៖ «ដើម្បីទៅរកអ្នកហ្នុងទៅ អាហ្នឹងមានតែអីចឹង ហើយនិងគ្រួសារអ្នករងគ្រោះ ដើម្បីធ្វើសំណើគាត់ទៅរកសព។ អាហ្នឹងមានតែអីចឹងទេ ព្រោះយើងអត់មានជម្រើសអីក្រៅពីហ្នឹងទេ»។
អាជ្ញាធរឃុំរូបនេះ បង្ហើបថា ក្រៅពីពលរដ្ឋរងគ្រោះទាំងពីរ ក៏មានពលរដ្ឋនៅក្នុងឃុំប្រមាណ៥នាក់ផ្សេងទៀតត្រូវបានអាជ្ញាធរថៃចាប់ និងឃុំខ្លួននៅដីថៃនៅឡើយ។
វីអូឌី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កេត សោផាន់ បានទេនៅថ្ងៃនេះ។
ប្រធានការិយាល័យផ្នែកអង្កេតអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មើលឃើញថាករណីបាញ់ពលរដ្ឋខ្មែរបណ្តាលឱ្យស្លាប់ និងរបួសពីសំណាក់អាជ្ញាធរថៃនោះ គឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
លោកមានប្រសាសន៍ថា៖ «អាហ្នឹងពួកយើងមើលច្បាប់ជាតិ និងអន្តរជាតិ បើនិយាយអំពីបញ្ហាសិទ្ធិមនុស្ស វាជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរណាស់ ទោះបីជាការចូលនោះជាការខុសច្បាប់ក៏ដោយ ក៏ថៃមានច្បាប់ដែរត្រូវចាប់ហើយអនុវត្តតាមច្បាប់។ មនុស្សមិនមែនជាសត្វទេ ហើយយើងបាញ់សម្លាប់តាមអំពើចិត្ត អាហ្នឹងវាជារឿងមួយដែលរំលោភទៅសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរបំផុត។ ហើយអ្វីដែលយើងសោកស្តាយ គឺអ្នករងគ្រោះភាគច្រើនហ្នឹងប្រជាពលរដ្ឋខ្មែរយើងដែលក្រីក្រ »។
កាលពីថ្ងៃចុងខែមេសា គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ បញ្ជាក់ដកស្រង់ប្រភពពីពលរដ្ឋថា ករណីសមត្ថកិច្ចថៃបាញ់សម្លាប់ពលរដ្ឋខ្មែរ ពុំមែនទើបតែកើតមានទេ ប៉ុន្តែ ករណីនេះ តែងតែកើតមានជាហូរហែ កាលពីពេលកន្លងមក។
ប្រភពដដែលថា ករណីនេះកើតឡើង ដោយមានចលនាមេឈ្មួញរកស៊ីឈើគ្រញូងបំផុសបំផុលដល់ពលរដ្ឋខ្មែរឱ្យឆ្លងដែនចូលទៅទឹកដីថៃដើម្បីកាប់ឈើ និងមានការឃុបឃិតគ្នាពីសំណាក់សមត្ថកិច្ចខ្មែរនៅតាមព្រំដែនតែម្ដង។ ពលរដ្ឋ បាននាំគ្នាស្នើឱ្យអគ្គស្នងការនគរបាលជាតិស៊ើបអង្កេតករណីនេះ និងស្រាវជ្រាវឱ្យស៊ីជម្រៅទៅលើមន្ត្រីកងកម្លាំងការពារព្រំដែនឲ្យបានល្អិតល្អន់ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ និងដើម្បីកាត់បន្ថយភាពរងគ្រោះដោយសារក្រុមឈ្មួញឈើបន្តទៀត៕









