វិស័យឯកជនលើកឡើងពីផលប៉ះពាល់នៃការដាច់ចរន្តអគ្គិសនីទៅលើការរកស៊ីរបស់ខ្លួន ខណៈរដ្ឋាភិបាលស្នើសុំឲ្យមានការយោគយល់រហូតដល់ចុងខែឧសភានេះ។
ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោកឧកញ៉ា តែ តាំងប៉ មានប្រសាសន៍ថា ការដាច់ចរន្តអគ្គិសនីវាបានធ្វើឲ្យការផលិតរបស់សហគ្រាសធុនតូច និងមធ្យម ថយចុះ ដោយសារការរអាក់រអួលនៃការផលិត និងថមថយចំណូលមួយចំនួនផងដែរ ទោះជាយ៉ាងណាលោកថា ក៏មានសហគ្រាសមួយចំនួនអាចសម្របសម្រួលជាមួយស្ថានភាពនេះផងដែរ។
លោកថា៖ «ឆ្នាំក្រោយបន្តបន្ទាប់ហ្នឹង គឺយើងត្រូវត្រៀមហើយ! ព្រោះធម្មតាយើងក៏អត់នឹងស្មានថា ការប្រើប្រាស់អគ្គិសនីនៅតាមគ្រប់តំបន់អភិវឌ្ឍន៍ហ្នឹង ដូចនៅកំពង់សោម ប៉ោយប៉ែត សៀមរាប ដែលចិនបានចូលមកគឺកំណើននៃការប្រើប្រាស់ហ្នឹងគឺច្រើន។ អ៊ីចឹង មួយរយៈពេលនេះ គឺប៉ះពាល់ដល់ការផលិតមែន តែខ្ញុំមើលទៅរដ្ឋាភិបាលក៏គាត់ខំប្រឹងដោះស្រាយដែរ។»
ឆ្លើយទៅនឹងសំណួរ VOD កាលពីសប្ដាហ៍មុន ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា លោក យឹម វិសិដ្ឋ បានលើកឡើងថា អគ្គិសនីអាចនឹងផ្គត់ផ្គង់គ្រប់គ្រាន់វិញនាចុងខែឧសភានេះ ខណៈលោកស្នើដល់ពលរដ្ឋឲ្យបន្តយោគយល់ផងដែរ។
លោកសរសេរថា៖ «ជាធម្មតាកន្លងមក ទោះបីអត់មានភ្លៀង តែនៅក្នុងអាងនៃវារីអគ្គិសនីមួយចំនួនមានទឹកខ្លះ ហើយបានដំណើរការ ប៉ុន្តែ ដំណើរការតិចម៉ោង ឬច្រើនម៉ោងទៅតាមស្ថានភាពទឹកជាក់ស្ដែង។ ចំពោះការប៉ាន់ស្មានថា តើពេលណាយើងអាចដំណើរការផ្គត់ផ្គង់អគ្គិសនីបានពេញលេញដោយមិនមានការកាត់ផ្ដាច់បានវិញនោះ គឺអាស្រ័យលើទឹកភ្លៀងជាក់ស្ដែង តែយើងសង្ឃឹមថា នៅចុងខែឧសភាខាងមុខ។ »
អ្នកវិភាគសេដ្ឋកិច្ច លោក យ៉ង ប៉ាក់ មានប្រសាសន៍ថា មានផលប៉ះពាល់ច្រើនពីការដាច់ចរន្តអគ្គិសនីនេះទៅលើសង្វាក់ផលិតកម្មសេដ្ឋកិច្ច ដោយលោកជំរុញដល់រដ្ឋាភិបាលគួរមានវិធានការបម្រុងទុកជាមុននាឆ្នាំបន្ទាប់ផងដែរ។
លោកថា៖ «ខ្ញុំឃើញថា យើងនៅមានលទ្ធភាពច្រើន ដូចជា នៅឡាវ នៅថៃ នៅវៀតណាមអីយើងអាចនាំចូលបាន ប៉ុន្ដែ គ្រាន់តែរាងថ្លៃបន្តិច តែសំខាន់យើងអាចប្រើប្រាស់គ្រប់គ្រាន់សិន! ហើយយើងត្រូវការពារប្រសិនជាជួបគ្រោះរាំងស្ងួតម្ដងទៀតអញ្ចឹង ឧតុនិយមគាត់អាចដឹងហើយថា កម្ពុជាជួប ឬអត់? អ៊ីចឹងហើយអាចប៉ះពាល់ដល់ស្ថានីយ៍ផលិតអគ្គិសនីដោយប្រើថាមពលវារីអគ្គិសនី។ […] រដ្ឋាភិបាលគួរតែត្រៀមទុក ព្រោះយើងមាន Data ហើយប្រជាជនយើងមានប៉ុន្មានភាគរយ វិស័យសេដ្ឋកិច្ចមានប្រើប៉ុន្មានភាគរយ មានទិន្នន័យគ្រប់អស់ហើយ យើងគួរតែដឹងថា យើងអាចប្រើបានគ្រប់មិនគ្រប់? រឿងហ្នឹងយើងគួរតែដឹង។»
លោក យ៉ង ប៉ាក់ ឲ្យជាយោបល់ថា នាថ្ងៃខាងមុខ រដ្ឋាភិបាលគួរតែពិនិត្យពីលទ្ធភាពនៃសាងសង់ស្ថានីយ៍អគ្គិសនីដែលដើរដោយពន្លឺព្រះអាទិត្យបន្ថែម ដើម្បីរក្សាការផ្គត់ផ្គង់នារដូវប្រាំងជំនួសឲ្យថាមពលវារីអគ្គិសនី។
បញ្ហាកង្វះអគ្គិសនីផ្គត់ផ្គង់ក្នុងស្រុកកំពុងដាក់បន្ទុកទៅកាន់រដ្ឋាភិបាលកាន់តែខ្លាំង ខណៈរដ្ឋាភិបាលស្នើឲ្យពលរដ្ឋមានការអត់ធ្មត់ទៅលើបញ្ហានេះ។
កាលពីថ្ងៃទី១៦ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា បញ្ហារាំងស្ងួតក្នុងរដូវប្រាំងនេះ បានធ្វើឲ្យកម្ពុជាប្រឈមកង្វះថាមពលអគ្គិសនីប្រមាណ ៤០០មេហ្គាវ៉ាត់ សម្រាប់យកមកបំពេញតម្រូវការក្នុងស្រុក ដោយលោកសុំឲ្យពលរដ្ឋយោគយល់ ខណៈស្នើដល់អ្នកដែលមានលទ្ធភាពឲ្យទិញម៉ាស៊ីនភ្លើងយកមកប្រើប្រាស់បណ្ដោះអាសន្នផងដែរ៕









