អ្នកភូមិ​នៅ​ស្រុក​ស្ទឹងហាវ​ ស្នើ​ឲ្យ​​តុលាការ​ពន្លឿន​​នីតិវិធី​លើ​​សំណុំ​រឿង​ដី​ធ្លី​ និង​ដី​​វត្ត​​៥​ហិកតា​​

ប្រជាពលរដ្ឋចំនួន ១៤៩ គ្រួសារ រស់នៅភូមិឃុំអូរត្រេះ ដែលមានជម្លោះដីធ្លីកាលពីឆ្នាំ២០១៥ ក្រោយពីមានការរំលោភយកដីរបស់ពួកគាត់ជាប្រជាពលរដ្ឋចំនួន ១៣០ ហិកតា និងដីវត្ត ៥ ហិកតា ដោយមិនបានផ្ដល់សំណងអ្វីទាំងអស់ដល់ពួកគេ។ រូបភាព៖ ហ្វេសប៊ុក Sreng Vanly

ប្រជាពលរដ្ឋរស់នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ស្នើទៅតុលាការខេត្តនេះ ពន្លឿននីតិវិធីបើកសវនាការលើសំណុំរឿងដីធ្លីរបស់​ពួកគេ រួមទាំងដី​វត្ត​ចំនួន៥ហិកតា ដែលពួកគេអះអាងថា អូសបន្លាយអស់រយៈពេលជិត៥ឆ្នាំមកហើយ។

លោក ម៉ន ស៊ីណា អះអាងជាតំណាងឱ្យប្រជាពលរដ្ឋចំនួន ១៤៩ គ្រួសារ រស់នៅភូមិឃុំអូរត្រេះ ប្រាប់ វី.អូ.ឌី នៅថ្ងៃនេះថា កាលពីឆ្នាំ២០១៥  ឈ្មោះ ហ៊ឹម សុវណ្ណារី បានទៅរំលោភយកដីរបស់ពួកគាត់ជាប្រជាពលរដ្ឋចំនួន ១៣០ ហិកតា និងដីវត្ត ៥ ហិកតា ដោយមិនបានផ្ដល់សំណងអ្វីទាំងអស់ដល់ពួកគេ។

លោក ថា៖ «ប្ដឹងសូមឱ្យតុលាការប្ដឹងលុបប័ណ្ណហ្នឹងចោល ព្រោះប័ណ្ណនៅសង្កាត់ផ្សេង ហើយ​មកយកដីពួកខ្ញុំវិញ។ បណ្ណកាន់កាប់ [ដីធ្លី] របស់គាត់នៅសង្កាត់លេខ ១ ប៉ុន្តែគាត់មកយក​ប្រើប្រាស់នៅស្ទឹងហាវ ។ អ៊ីចឹង សូមឱ្យតុលាការមោឃភាពបណ្ណ [កាន់កាប់ដីធ្លី] និងសកម្មភាពដែលគាត់ធ្វើហ្នឹង»។

លោកបន្តថា នៅឆ្នាំ២០១៦ ពួកគាត់បានដាក់ពាក្យបណ្ដឹងតុលាការ ដើម្បីទាមទារដីពីឈ្មោះ ហ៊ឹម សុវណ្ណារី ប៉ុន្តែ រហូតមកដល់ថ្ងៃនេះ តុលាការមិនទាន់បើកសវនាការដោយកោះហៅឈ្មោះ ហ៊ឹម សុវណ្ណារី មកឆ្លើយបំភ្លឺនៅឡើយ។

លោកថា៖ «ខ្ញុំសូមឱ្យតុលាការកោះហៅឈ្មោះ [ហ៊ឹម សុវណ្ណារី] ដើម្បីកាត់សេចក្ដី ដើម្បីឱ្យដឹងស ដឹងខ្មៅ ឱ្យលោកស្រី ហ៊ឹម សុវណ្ណារី គាត់ចូលខ្លួន មកតតាំងជាមួយគ្នាតាមផ្លូវច្បាប់ បើគាត់ឈ្នះ គាត់យកទៅ បើគាត់ចាញ់ គាត់សងប្រជាជនខ្ញុំទៅ»។

វី.អូ.ឌី មិនអាចសុំការបំភ្លឺពីអ្នកស្រី ហ៊ឹម សុវណ្ណារី ជុំវិញករណីនេះបានទេ ដោយទូរសព្ទមិនអាចទាក់ទងបាន។

ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តព្រះសីហនុ លោក លឹម ប៊ុនហេង មានប្រសាសន៍ថា ករណីនេះ មិនស្ថិតនៅក្រោមសមត្ថកិច្ចរបស់លោកនោះទេ  ដោយសារសំណុំរឿងនេះ ជារឿងរដ្ឋប្បវេណី ឱ្យទៅសួរអ្នកនាំពាក្យសាលាដំបូងវិញ​។

លោកថា៖ «អាហ្នឹងរដ្ឋប្បវេណីទេ តេទៅអ្នកនាំពាក្យសាលាដំបូងទៅ»។

ចំណែកអ្នកនាំពាក្យសាលាដំបូងព្រះសីហនុ លោក យឹម ប៊ុណ្ណារ៉េត សុំមិនធ្វើអត្ថាធិប្បាយចំពោះរឿងនេះ ដោយរុញ​ឱ្យទៅសួរព្រះរាជអាជ្ញារងវិញ។

មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះសីហនុអ្នកស្រី ជៀប សុធារី មានប្រសាសន៍ថា ប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹង ដើម្បីទាមទារដីពីឈ្មោះ ហ៊ឹម សុវណ្ណារី យូរហើយ ប៉ុន្តែ តុលាការមិនបើកសវនាការ ដោយថា ករណីនេះអាចជាប់ពាក់ព័ន្ធអ្នកមានអំណាច។ អ្នកស្រី បន្តថា ប្រជាពលរដ្ឋ១៤៩ គ្រួសារបានរស់នៅលើដីតាំងពីមុន​ច្បាប់​ភូមិបាល​ចូលជាធរមានមកម៉្លេះ​ ហើយពួកគាត់​សុទ្ធ​តែ​មានឯកសារកាន់កាប់ដីធ្លីត្រឹមត្រូវ។

អ្នកស្រីបន្តថា វិវាទដីធ្លីនេះ មានតែអាជ្ញាធរខេត្ត និងស្រុកទេ ទើបអាចដោះស្រាយបាន ដោយសារ ស្ថាប័នទាំងអស់នោះ ជាអ្នកចេញលិខិតកាន់កាប់ដីធ្លីឱ្យប្រជាពលរដ្ឋ១៤៩ គ្រួសាររស់នៅទីនោះផងដែរ។

អ្នកស្រីថា៖ «ប៉ុន្តែ យកឯកសារពីជំនាន់ចេញប្លង់ ហើយនិងឯកសារពីជំនាន់ដែលអាជ្ញាធរចេញលិខិតបញ្ជាក់ការកាន់កាប់ប្រើប្រាស់ដីធ្លីទៅប្រជាពរលរដ្ឋ ទទួលស្គាល់ការកាន់កាប់របស់ប្រជាពលរដ្ឋ ហើយនិងឯកសារបណ្ណភោគៈរបស់ភាគីម្ខាងទៀត។ អាហ្នឹង ងាយស្រួលជាទីបំផុត ប៉ុន្តែ ខ្ញុំមិនដឹងថា ម៉េចទេបានជាគេ [អាជ្ញាធរ] មិនព្រមធ្វើ»។

បើតាមលោក ម៉ន ស៊ីណា អះអាងថា ប្រជាពលរដ្ឋ ១៤៩ គ្រួសារបានទៅរស់នៅ និងកាន់កាប់ដី១៣៥ ហិកតា​ ស្ថិតនៅក្រុង៥ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ តាំងពីឆ្នាំ១៩៨៩មកម្លេះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ