សមត្ថកិច្ច បានចាប់ខ្លួនជនជាតិចិន២នាក់ ករណីបាញ់ប្រហារទៅលើជនជាតិចិនម្នាក់បណ្តាលឱ្យស្លាប់ភ្លាមៗ នៅក្រុងព្រះសីហនុ នៅរសៀលថ្ងៃនេះ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន មានប្រសាសន៍ប្រាប់ វីអូឌី ថា នៅរសៀលថ្ងៃនេះ ករណីបាញ់ប្រហារទៅលើជនជាតិចិនម្នាក់បណ្តាលឱ្យស្លាប់ភ្លាមៗនោះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកជនពាក់ព័ន្ធដទៃទៀត ក្រោយពេលចាប់ខ្លួនបានជនជាតិពីរនាក់ក្នុងករណីបាញ់ប្រហារនេះ។
លោកមានប្រសាសន៍ថា៖ «វាមានករណីបទល្មើសឧក្រិដ្ឋកើតឡើងនេះ គឺយើងបានបញ្ចេញកម្លាំងភ្លាម យើងទប់ស្កាត់ យើងចាប់បានពីរនាក់បណ្តោះអាសន្ន។ ឥលូវយើងកំពុងធ្វើការ សូមអធ្យាស្រ័យ។ ក្នុងចំណោមបក្ខពួក យើងយកបានពីរហើយ»។
កាលពីថ្ងៃទី១ ខែឧសភា សមត្ថកិច្ចក្រុងភ្នំពេញបានឃាត់ខ្លួនជនជាតិចិនម្នាក់ បន្ទាប់ពីរកឃើញគ្រាប់បែកកែច្នៃនៅក្នុងកាបូបដែលបុរសនេះស្ពាយដើរនៅទីសាធារណៈនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលសង្ស័យថា ប៉ុនប៉ងបំផ្ទុះនៅផ្ទះមិត្តភក្តិរបស់ខ្លួន ។
របាយការណ៍របស់ក្រសួងមហាផ្ទៃចេញផ្សាយកាលពីខែកញ្ញា ឆ្នាំ២០១៨ បង្ហាញថា ជនជាតិចិននៅកម្ពុជាមានចំនួន ២១ម៉ឺននាក់ ក្នុងនោះ ជនជាតិចិនកំពុងរស់នៅខេត្តព្រះសីហនុមានច្រើនជាងគេរហូតដល់ទៅ ៧ម៉ឺន ៨ពាន់នាក់ (៧៨ ០០០នាក់)។
ដោយឡែក របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បង្ហាញផងដែរថា គិតត្រឹមខែតុលាឆ្នាំ២០១៨ ជនជាតិចិនដែលប្រព្រឹត្តខុសច្បាប់នៅកម្ពុជាមានចំនួន ៣៧៣នាក់ ក្នុងនោះស្រីមាន៦៦នាក់ ភាគច្រើនប្រព្រឹត្តបទល្មើស២ប្រភេទ គឺបទល្មើសគំរាមជំរិត និងឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP)។









