រដ្ឋមន្រ្តីកសិកម្ម​ ថា​​អន្តរាគមន៍ទាន់ពេលវេលាពីវៀតណាមធ្វើឲ្យស្រូវរក្សាតម្លៃបានសមរម្យ​

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ លោករដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកស្រី បុយ ធីធឿម ជាប្រធានសមាគមកសិករវៀតណាមថ្នាក់មជ្ឈឹម និងឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងសហការីមួយចំនួនទៀតដែលសុទ្ធតែប្រធានសមាគមកសិករប្រចាំខេត្តទាំង ៥ នៅជាប់ព្រំដែនដូចជាខេត្តអាងយ៉ាង គៀងយ៉ាង ដុង ផាត់ តាយ និញ និងខេត្តឡុង អាន។ រូបភាព៖ ហ្វេសប៊ុក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​កម្ពុជា បាន​លើកឡើងថា​ ​ ដោយសារកិច្ចអន្តរាគមន៍កន្លងមករបស់​រដ្ឋាភិបាលវៀតណាម បានជួយឲ្យ​​ស្រូវនៅកម្ពុជារក្សាបាន​នូវតម្លៃសមរម្យមួយ។

តាមការចុះផ្សាយលើទំព័រហ្វេសប៊ុក​របស់ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ រដ្ឋមន្រ្តីកសិកម្ម​កម្ពុជានៅថ្ងៃនេះ បានជួប​ជាមួយឯកអគ្គរដ្ឋទូតវៀតណាម និង​ប្រធានសមាគមកសិករវៀតណាមថ្នាក់មជ្ឈឹម លោកស្រី បុយ ធីធឿម។ ​ជំនួបនោះ​មានគោលបំណងពង្រីង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម និងបញ្ហាមួយចំនួន​ទៀត។

ក្នុងជំនួបនោះ លោក វេង សាខុន បានថ្លែងអំណរគុណដល់​ភាគី​វៀតណាម​ជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាដែលក្នុងនោះក៏មាន​វិស័យកសិកម្ម និងកសិពាណិជ្ជកម្មផងដែរ​។ លោក ថ្លែង​ថា កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរបានចូលរួមចំណែកធ្វើឱ្យវិស័យនេះមានការរីកចម្រើនគួរឲ្យមោទនភាព ពិសេសលើផលិតកម្មស្រូវ ដំណាំកសិឧស្សាហកម្ម និងការធ្វើកសិពាណិជ្ជកម្ម។

លោក វេង សាខុន ត្រូវបាន​ដកស្រង់សម្តី​ថា៖ «ដោយសារកិច្ចសហប្រតិបត្តការ និងជាពិសេសកិច្ចអន្តរាគមន៍បានទាន់ពេលវេលាពីរដ្ឋាភិបាលវៀតណាមកន្លងមក បានធ្វើឲ្យស្រូវរក្សាតម្លៃបានសមរម្យ ម៉្យាងទៀត ការនាំចេញកសិផលកម្ពុជា ដូចជា ស្វាយ ដំឡូង ស្វាយចន្ទី ទៅកាន់ទីផ្សារវៀតណាមមានការកើនឡើងគួរឲ្យចាប់អារម្មណ៍។»

រដ្ឋមន្ត្រីកសិកម្ម​កម្ពុជា ក៏​ជឿជាក់ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹង និងពង្រីកទ្វេឡើងបន្ថែមទៀត ដើម្បីស្ថិរភាព សន្តិសុខ សេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសទាំងពីរ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ