ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការផ្សព្វផ្សាយអំពីភាសាជាតិឱ្យបានទូលំទូលាយ ពិសេសពាក្យបច្ចេកទេសថ្មីៗ ដែលស្ថាប័ននេះបានសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គឺជាចំណែកមួយជួយឱ្យភាសាជាតិកាន់តែរីកចម្រើន ព្រមទាំងកាត់បន្ថយពាក្យបរទេសថែមទៀតផង។
ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ លោក ហ៊ាន សុខុម បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកនេះថា កន្លងមកក្រុមប្រឹក្សាជាតិមួយនេះបានខិតខំផ្សព្វផ្សាយនូវអ្វីដែលជាការស្រាវជ្រាវរកឃើញថ្មីៗដល់សាធារណជន និងស្ថាប័នពាក់ព័ន្ធជាហូរហែ។
ជាមួយគ្នានេះ លោកក៏ចង់ឱ្យមានការចូលរួមផ្តល់ជាមតិ និងចូលរួមផ្សព្វផ្សាយអំពីការប្រើប្រាស់ភាសាខ្មែរ ពិសេសការផ្សព្វផ្សាយអំពីពាក្យបច្ចេកទេសថ្មីៗដែលបានបង្កើតឡើង ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។
លោក ថ្លែងថា៖ «បានថាជាគោលការណ៍របស់ខ្ញុំៗចង់បានថា យើងឯកភាពគ្នា សាមគ្គីគ្នា ដើម្បីភាសា គឺមិនមែនមុខមាត់បុគ្គលណាមួយទេ។ អ៊ីចឹង ទៅមុខទៀត យើងនឹងផ្សព្វផ្សាយពាក្យថ្មីរបស់យើង។ យើងមានគ្រោងការផ្សព្វផ្សាយពាក្យថ្មីរបស់យើងតាមការចែកផ្សាយតាមអីៗអ៊ីចឹងមក»។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក ឌី ខាំបូលី មានប្រសាសន៍ថា ការលើកកម្ពស់ការប្រើប្រាស់ភាសាជាតិឱ្យកាន់តែទូលំទូលាយ និងឱ្យបានត្រឹមត្រូវនោះ គឺជាការចូលរួមពីភាគីពាក់ព័ន្ធ និងសាធារណជនទាំងអស់គ្នា ដោយថា អក្សរសាស្ត្រ និងភាសាជាតិ គឺជាអត្តសញ្ញាណយ៉ាងសំខាន់របស់សង្គមជាតិតែម្តង។
លោក មានប្រសាសន៍ថា៖ «អ៊ីចឹង យើងឃើញមានការចូលរួមលើកកម្ពស់ការប្រើប្រាស់ភាសាខ្មែរអីហ្នឹង។ ខាងក្រសួងអប់រំក៏បានចូលរួមដែរ តាមរយៈការពង្រឹងនូវកម្មវិធីសិក្សា ក៏ដូចជា ការបង្រៀនមុខវិជ្ជាភាសាខ្មែរនៅគ្រប់កម្រិតទាំងអស់របស់ក្រសួង។ ក្រៅពីហ្នឹង យើងមានកម្មវិធី ដូចជា កម្មវិធីជាតិអំណាន ដែលបានលើកកម្ពស់ភាសាខ្មែរដែរ តាមរយៈការប្រកួតប្រជែងកម្រិតជាតិទូទាំងប្រទេស។ ការស្មូតកំណាព្យ ការតែងនិពន្ធ អំណាន ជាដើម។ ទាំងអស់នេះសុទ្ធតែជាសកម្មភាពលើកកម្ពស់ភាសាជាតិ»។
ប្រធានសមាគមទ្រទ្រង់អក្សរសាស្ត្រ និងវប្បធម៌ខ្មែរ លោក ទូច គឹមស្រ៊ាង លើកឡើងថា ការយល់ដឹងអំពីភាសា និងអក្សរសាស្ត្រជាតិឱ្យបានទូលំទូលាយ និងត្រឹមត្រូវនោះ គឺផ្តល់ផលប្រយោជន៍ច្រើនដល់ពលរដ្ឋ ដោយថា វាជាមូលដ្ឋានគ្រឹះសំខាន់សម្រាប់ការសិក្សារៀនសូត្រ។ បន្ថែមពីនេះ វាជាបណ្តុំនៃបញ្ញា ព្រមទាំងបណ្តុំនៃវប្បធម៌ សិល្បៈផងដែរ។
លោកមានប្រសាសន៍ថា៖ «ទាក់ទងរឿងភាសាហ្នឹង និយាយពីរឿងផ្សព្វផ្សាយ ការអីហ្នឹងគឺជារឿងសំខាន់ដែលអាចឱ្យបងប្អូនប្រើឱ្យត្រូវ។ ទាក់ទងទិដ្ឋភាពហ្នឹង រឿងសំខាន់មាន ៥ចំណុច ដូចជា ការបានយល់ពីអក្ខរាវិរុទ្ធហ្នឹងមួយទៅ។ ទីពីរ ការផ្សព្វផ្សាយទៅឱ្យវាមានប្រយោជន៍ ទៅលើការអានពាក្យហ្នឹង ក៏ជារឿងទីពីរទៅ។ ទីបី ការប្រើប្រាស់ពាក្យហ្នឹងធ្វើឱ្យគាត់បានយល់កាន់តែទូលំទូលាយ។ ទីបួន ទាក់ទងការបង្កើតពាក្យ និងទីប្រាំ ការកម្ចីពាក្យពីបរទេសយកមកប្រើហ្នឹង»។
ក្រុមប្រឹក្សាជាតិភាសាខ្មែរ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៧ ហើយមកដល់ពេលបច្ចុប្បន្ន ស្ថាប័នជាតិមួយនេះបានសម្រេចបង្កើត និងអនុម័តឱ្យប្រើប្រាស់ពាក្យថ្មីៗ ដែលជាពាក្យបច្ចេកទេសប្រមាណ២ពាន់ពាក្យ៕









