UN ចង់ឃើញជំនួយរបស់ខ្លួនមិនបង្កហានិភ័យដល់អ្នកក្រីក្រ និងបរិស្ថានធម្មជាតិ

ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រតិភូអ្នកសម្របសម្រួល UN ដឹកនាំដោយលោកស្រី PAULINE TAMESIS ។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា បង្ហាញជំហរថា ការអភិវឌ្ឍមិនត្រូវបង្កហានិភ័យដល់ជនក្រីក្រ និងបរិស្ថានឡើយ ខណៈខ្លួនប្រកាសផ្តល់ជំនួយអភិវឌ្ឍន៍ប្រកបដោយចីរភាពដល់កម្ពុជារយៈពេល៥ឆ្នាំ។

តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា ឲ្យដឹងតាមសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃចន្ទម្សិលមិញ ថា​ លោកស្រី Paulline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិនេះ បានដឹកនាំក្រុមការងារជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅរាជធានីភ្នំពេញ។

ក្នុងជំនួបនោះ លោកស្រី Paulline Tamesis បានពិភាក្សាជុំវិញការអភិវឌ្ឍប្រកបដោយចីរភាព ដែលត្រូវបានរំលេចក្នុងក្របខណ្ឌជំនួយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ UNDAF រយៈពេល៥ឆ្នាំ ដើម្បីពន្លឿនការអនុវត្តគោលដៅអភិវឌ្ឃន៍ប្រកបដោយចីរភាពកម្ពុជា ដោយផ្តោតលើប្រធានបទសំខាន់ៗមួយចំនួន រួមទាំងកិច្ចគាំពារសង្គម។

សេចក្តីប្រកាសព័ត៌មាន បានដកស្រង់សម្តីលោកស្រី Paulline Tamesis មកចុះផ្សាយថា៖ «ដើម្បីបោះជំហានទៅមុខ ទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ជាអាទិភាពរវាងតុល្យភាពនៃកំណើនសេដ្ឋកិច្ចជាមួយនឹងការការពារបរិស្ថានធម្មជាតិ ការពារសិទ្ធិមនុស្ស និងការលើកកម្ពស់គោលដៅសង្គម ដើម្បីធានាថា ប្រជាជនក្រីក្រត្រូវបានការពារពីហានិភ័យ និងធានាថា វិបុលភាពត្រូវបានចែករំលែកដោយសមធម៌ ហើយជំនាន់ក្រោយៗទៀតក៏ទទួលបានអត្ថប្រយោជន៍ពីការសម្រេចចិត្តថ្ងៃនេះ អំពីរបៀបធនធានត្រូវបានគ្រប់គ្រង»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សរសេរនៅលើហ្វេសប៊ុករបស់លោកក្រោយជំនួបនោះថា ក្នុង​កិច្ចការគាំពារសង្គម រដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជួយដល់ស្ត្រីមានផ្ទៃពោះ កម្មកររោងចក្រ និងបានកាត់បន្ថយភាពក្រីក្រពី១០០ភាគរយរហូតមកនៅត្រឹមក្រោម១០ភាគរយនាបច្ចុប្បន្ន និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ជាដើម ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ។

ប៉ុន្តែ សំណេររបស់នាយករដ្ឋមន្ត្រីលើហ្វេសប៊ុកនេះ មិនបាននិយាយដល់ការធានាពីសិទ្ធិមនុស្សទាក់ទងនឹងការអភិវឌ្ឍនេះទេ។

លោក សរសេរ​ថា៖ «កម្ពុជាកាលពីដើមឡើយ គឺមានភាពក្រីក្ររហូតដល់ (១០០%) ឯណោះ ហើយក្រោយមកក៏មានការចាប់​​ផ្ដើមផ្ដល់នូវកិច្ចគាំពារសង្គមទៅដល់ស្ត្រីដែលមានផ្ទៃពោះ បន្ទាប់មកដល់ស្ត្រីដែលធ្វើការនៅតាមរោងចក្រ និ​ង​​ប​​ន្ទា​ប់មកទៀតគឺទៅដល់ស្ត្រីដែលមានភាពក្រីក្រ ហើយក៏បានធ្វើការមួយចំនួនថែមទៀត រួមទាំងការកាត់បន្ថយថ្លៃ​អគ្គិសនី ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការជីកអណ្តូងទឹក ជីកស្រះទឹក ជាដើម ដែលទាំងអស់នេះសុទ្ធសឹងតែជាការគាំពារសង្គម»។

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការអភិវឌ្ឍកន្លងទៅ សហគមន៍ក្រីក្រត្រូវបានបណ្តេញចេញទាំងបង្ខំឲ្យទៅនៅជាយក្រុង ដើម្បីបើកផ្លូវឲ្យក្រុមវិនិយោគនៅតំបន់ទីប្រជុំជន។ លោកថា ឆ្លងតាមបទពិសោធន៍នេះ រដ្ឋាភិបាលធ្វើយ៉ាងណាឲ្យការអភិវឌ្ឍធានាបាននូវគោលការណ៍គោរពសិទ្ធិមនុស្ស ដើម្បីធានាថា ទាំងអ្នកមានទាំងអ្នកក្រទទួលបានផលពីការអភិវឌ្ឍទាំងអស់គា្ន។

លោក បន្តថា៖ «អ៊ីចឹង បានជាគោលការណ៍ថ្មីមួយរបស់ UN ដែលគេទើបអនុម័តថ្មីៗនេះនិយាយអំពីការធ្វើមុខជំនួញ និងសិទ្ធិមនុស្ស។ អ៊ីចឹង ការអភិវឌ្ឍត្រូវតែគោរពគោលការណ៍សិទ្ធិមនុស្ស»។

តាម​សេចក្តីប្រកាសព័ត៌មានដដែល ក្នុងជំនួបកាលពីម្សិលមិញ រដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើក្របខណ្ឌជំនួយអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDAF ផ្តោតលើអាទិភាពនៃការអភិវឌ្ឍចំនួន៥គឺ ពង្រឹងឱកាសសង្គម ពង្រីកឱកាសសេដ្ឋកិច្ច លើកកម្ពស់ការរស់នៅដោយចីរភាព ពង្រឹងការចូលរួម និងគណនេយ្យភាព និងគ្រប់គ្រងនគរូបនីយកម្ម៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ