កម្ពុជា ណែនាំក្រុមហ៊ុនដែលអាមេរិកលុបឈ្មោះចេញពីប្រព័ន្ធគ្រប់គ្រងទិន្ន័យ ឲ្យស្វែងរកការសម្របសម្រួល ដើម្បីបានចុះឈ្មោះឡើងវិញ ចៀសវាងវិធានការផ្លូវច្បាប់។
សេចក្តីជូនដំណឹងចុះថ្ងៃទី៦ ខែឧសភានេះ ក្រសួងពាណិជ្ជកម្មកម្ពុជា លើកឡើងថា ក្រុមហ៊ុននាំផលិតផលចំណីអាហាររបស់កម្ពុជានាំចូលសហរដ្ឋអាមេរិកចំនួន ២០ ត្រូវបានអាជ្ញាធរចំណីអាហារ និងថ្នាំពេទ្យសហរដ្ឋអាមេរិក លុបឈ្មោះចេញពីប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ខ្លួនសម្រាប់ឆ្នាំ២០១៩។
ក្រសួងបញ្ជាក់ថា បញ្ហានេះមកពីក្រុមហ៊ុនទាំងនោះមិនបានជូនដំណឹងពីការចុះបញ្ជីឡើងវិញឱ្យបានត្រឹមត្រូវ នៅត្រឹមដំណាច់ឆ្នាំ២០១៨ ។
ក្រសួង រំឭកថា៖ «ដើម្បីចៀសវាងនូវការឃាត់ឃាំង ឬសកម្មភាពនិយ័តកម្មផ្សេងៗ ក្រុមហ៊ុន Registrar Corp សហរដ្ឋអាមេរិកនឹងសម្របសម្រួលផ្តល់សេវាផ្ទៀងផ្ទាត់ដោយឥតគិតថ្លៃចំពោះការចុះបញ្ជីទីតាំងផលិតចំណីអាហារឡើងវិញសម្រាប់សុពលភាពឆ្នាំ ២០១៩ ជាមួយU.S FDA ទើបអាចអនុញ្ញាតឱ្យធ្វើការនាំចូល និងចែកចាយនៅសហរដ្ឋអាមេរិកបាន»។
បើតាមក្រសួង វិធានការនេះ ធ្វើឲ្យក្រុមហ៊ុនដែលបានចុះបញ្ជីទីតាំងផលិតចំណីអាហារជាមួយអាជ្ញាធរចំណី និងថ្នាំពេទ្យសហរដ្ឋអាមេរិក បានធ្លាក់ចុះចំនួន២០ភាគរយ រវាងខែធ្នូ ឆ្នាំ២០១៨ និងខែកុម្ភៈ ឆ្នាំ២០១៩។ ក្រសួងថា ចំនួនក្រុមហ៊ុនបានធ្លាក់ចុះពី ៥៦ មកនៅត្រឹម ៣៦ នៅដើមឆ្នាំ ២០១៩ នេះ ។
សហរដ្ឋអាមេរិកទទួលទិញទំនិញពីប្រទេសកម្ពុជាចំនួន ៣,៨ ពាន់លានដុល្លារក្នុងឆ្នាំ២០១៨ ក្នុងនោះផលិតផលកសិកម្មមានចំនួន ២៤ លានដុល្លារ៕









