ក្រុមហ៊ុនចិន ញូញៀន និងណាហ្គា ឧបត្ថម្ភកាកបាទក្រហម១លានដុល្លារដូចគ្នា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ទទួលថវិកា សម្រាប់កាកបាទក្រហមកម្ពុជា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

ក្រុមហ៊ុនចិន ញូញៀន និងក្រុមហ៊ុនណាហ្គា ឧបត្ថម្ភ១លានដុល្លារដូចគ្នា ដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសប្រារព្ធខួប ១៥៦ នៃកាកបាទក្រហមកម្ពុជា។

លោកនាយករដ្ឋមន្ត្រី និងភរិយា បានចូលរួមប្រារព្ធខួប១៥៦ នៃទិវាពិភពលោកកាកបាទក្រហមដែលធ្វើនៅរាជធានីភ្នំពេញនាថ្ងៃពុធម្សិលមិញ។

ក្នុងពិធីនេះ មានតំណាងក្រុមហ៊ុន មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលបានបរិច្ចាគថវិកាដល់កាកបាទក្រហមកម្ពុជា ក្នុងនោះអ្នកដែលចូលចាប់ពី១០០ដុល្លារ ៥០ម៉ឺនដុល្លារ រហូតដល់ជាង១លានដុល្លារ។

តាមអ្នកធ្វើអត្ថាធិប្បាយក្នុងកម្មវិធី ក្រុមហ៊ុនចិន ញូញៀន ដែលទទួលបានដីសម្បទាននៅខេត្តកោះកុងឧបត្ថម្ភកាកបាទក្រហម១លានដុល្លារ។ បច្ចុប្បន្ន ពលរដ្ឋនៅកោះកុងដែលរងផលប៉ះពាល់ពីក្រុមហ៊ុន ញូញៀន នេះ កំពុងធ្វើសកម្មភាពតវ៉ាទាំងនៅកោះកុង និងភ្នំពេញ។

ដូចគ្នានេះដែរ ក្រុមហ៊ុន ណាហ្គា ជាកន្លែងបើកឲ្យលេងល្បែងនៅភ្នំពេញ បានឧបត្ថម្ភ១លានដុល្លារដូចគ្នា ដល់កាកបាទក្រហមកម្ពុជា។

ដោយឡែក ក្រុមដែលឧបត្ថម្ភប្រាក់ច្រើនជាងគេក្នុងចំណោមអ្នកបរិច្ចាគ គឺក្រុមហ៊ុនបុរីពិភពថ្មី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មី របស់លោកឧកញ៉ា ហុង ពីវ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា បានឈរចាំទទួលថវិការបស់សប្បុរសជនដែលបានចូលរួមបរិច្ចាគនេះ ។

ថ្លែងមុនទទួលប្រាក់ឧបត្ថម្ភ នាយករដ្ឋមន្ត្រី ជំរុញឲ្យលើកកម្ពស់វប្បធម៌ចែករំលែកនេះ នូវអ្វីដែលលោកថា ដើម្បីជួយដល់ប្រជាពលរដ្ឋដែលក្រីក្រងាយរងគ្រោះ។

មេដឹកនាំរូបនេះក៏បានសរសេរលើហ្វេសប៊ុករបស់លោកថា​ ថវិកាសរុបបឋមដែលទទួលបានពីសប្បុរសជនបានចូលរួមវិភាគទានក្នុងវិស័យមនុស្សធម៌នៃកាកបាទក្រហមកម្ពុជាសម្រាប់ឆ្នាំ២០១៩ មានចំនួនជាង២០លានដុល្លារ (២០,៧៥៧,៥១០ )។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ