លោក ស ខេង រំឭក​កាក​បាទ​ក្រហម​ឱ្យ​ពង្រឹង​អព្យាក្រឹតភាព

ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីអបអរសាទរខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០១៩ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង។ រូបភាព៖ ហ្វេសប៊ុក លោក ស ខេង

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង រំឭកថា កាកបាទក្រហមជាអង្គការអព្យាក្រឹត មិនមែនជាអង្គការនយោបាយទេ លោកថា ដូចនេះ ការងារជួយជនងាយរងគ្រោះ ត្រូវធ្វើឡើងជាទូទៅ មិនត្រូវរើសអើងគណបក្សនយោ​បា​យណាមួយឡើ​​យ។

ក្នុងពិធីអបអរទិវាពិភពលោកកាកបាទក្រហម នៅខេត្តព្រៃវែង នាថ្ងៃព្រហស្បតិ៍នេះ លោក ស ខេង ថ្លែងថា កម្ពុជាជាប្រទេសប្រកាន់ប្រជាធិបតេយ្យ សេរីពហុបក្ស ដូចនេះ ការជួយសង្គ្រោះពលរដ្ឋដែលងាយរងគ្រោះមិនត្រូវប្រកាន់និន្នាការនយោយនោះទេ។

លោកថា៖ «កាកបាទក្រហម គឺជាអង្គការអព្យាក្រឹត្យមួយ មិនមែនជាអង្គការនយោបាយទេ។ ជាយន្តការសាធារ​​ណមួយ។ អ៊ីចឹង ប្រជាពលរដ្ឋយើងមិនត្រូវរើសអើងទេ នេះពណ៌ខៀវ នេះពណ៌ស នេះពណ៌ក្រហមទេ។ អានេះ បក្សនេះ អានេះ បក្សនោះទេ។ គឺប្រជាពលរដ្ឋ គឺប្រជាពលរដ្ឋ បានន័យថា ប្រជាពលរដ្ឋទាំងអស់ជាមុខសញ្ញាដែលយើងត្រូវជួយទាំងអស់ ដែលកន្លងទៅយើងធ្វើបែបនេះ។ អ៊ីចឹងហើយ! សុំឲ្យធ្វើបែបនេះតទៅទៀត»។

ក្រៅពីនេះ លោក ស ខេង ក៏បានក្រើនរំឭកកាកបាទក្រហមនៅខេត្តព្រៃវែង ឲ្យពង្រឹងប្រសិទ្ធិភាពនៃការប្រើប្រាស់ថវិកាសប្បុរសជននេះ ឲ្យមានតម្លាភាព និងគណនេយ្យភាពផងដែរ ដោយថា ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកដែលបានស្ម័គ្រចិត្តបរិច្ចាគ។

កាលពីថ្ងៃពុធម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ក៏បានចូលរួមប្រារព្ធទិវាកាកបាទក្រហមនេះដូចគ្នានៅរាជធានីភ្នំពេញ។ ពិធីនេះ ប្រមូលថវិកាបានពីសប្បុរសជនជាង២០លានដុល្លារ ដែលក្នុងនោះក្រុមហ៊ុនឯកជនខ្លះឧបត្ថម្ភប្រាក់ ដល់ទៅជាង១លានដុល្លារ ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ