ស្ត្រីពរពោះ​ជំនួស​១១​នាក់​ ត្រូវ​បាន​ដោះលែងនៅក្រៅឃុំបណ្តោះ​អាសន្ន​

ក្រុមស្ត្រីស៊ីឈ្នួលពពោះជំនួស ដែលសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៨ ខែវិច្ឆិក ឆ្នាំ២០១៨ ( រូបពីនគរបាលជាតិ)

មន្ត្រីក្រសួង​មហាផ្ទៃ​បាន​ថ្លែង​កាល​ពី​ថ្ងៃព្រហស្បតិ៍​ថា ស្ត្រីពរពោះជំនួស​១១​នាក់​ ដែលត្រូវ​ឃុំខ្លួន​​នៅ​​ពន្ធ​នាគារ​ទាំង​​ពេល​កំពុង​មាន​ផ្ទៃ​ពោះ​កាល​ពី​ខែ​វិច្ឆិកា​នោះ ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅឃុំបណ្តោះ​អាសន្ន​។

លោក នុត សាវណា អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ ក្រសួង​មហាផ្ទៃ​​បាន​ប្រាប់​ VOD ថា ស្ត្រីពរពោះ​ទាំង​ ១១​នាក់​នេះ​ ត្រូវ​បាន​ដោះ​លែង​ហើយ បន្ទាប់​ពី​យល់​ព្រម​ទុក ​និង​ចិញ្ចឹម​​កូនៗ​ដោយ​ខ្លួន​ឯង​។

លោក សាវណា បាន​និយយាថា៖ «​ពួកគាត់​សន្យា ​ថានឹង​ចិញ្ចឹម​ទារក​ទាំង​នេះ ដូច្នេះ​នៅពេលនេះ ពួកគាត់​​មិនស្ថិតក្នុង​ពន្ធនាគារ​ទៀត​ទេ។ ខ្ញុំ​មិន​ដឹង​ព័ត៌មាន​លម្អិត​បន្ថែមទៀត​ទេ»។

លោក ខ្លូត តារា ប្រធាន​មណ្ឌល​អប់រំកែប្រែ​«ម២» បាន​មាន​ប្រសាសន៍ថា ស្ត្រីទាំង​១១​នាក់នេះ ត្រូវ​បាន​ដោះ​លែង​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ​កាលពីខែ​មេសា។

លោក តារា មាន​ប្រសាសន៍ថា ស្ត្រីបីនាក់ក្នុងចំណោម​នោះ​ ​បាន​សម្រាល​កូន​នៅ​មជ្ឈ​មណ្ឌលជាតិ​គាំពារមាតា និង​ទារក​​ អំឡុង​ពេល​ឃុំខ្លួន​។

សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ស្ត្រីទាំងនេះ​កាល​ពី​ខែវិច្ឆិកា​ នៅ​ខណ្ឌសែន សុខ​ ក្រុងភ្នំពេញ​ ជា​ផ្នែក​នៃ​ការ​បន្ត​បង្ក្រាប​លើ​ករណី​ពរពោះជំនួស​ដោយ​ខុស​ច្បាប់​ក្នុង​ប្រទេសកម្ពុជា​។

កាលពី​ប្រាំខែ​មុនករណីនេះ ស្រ្តីពរពោះ​ជាង​៣០នាក់​​ត្រូវ​បាន​ឃាត់​ខ្លួន​ និង​ចោទប្រកាន់​ពីបទ​ជួញ​ដូរ​មនុស្ស​ជុំវិញ​ការ​ពរពោះបង្កើត​កូន​​ឲ្យ​ជន​ជាតិ​ចិន​។ ពួកគេ​ប្រ​ឈម​នឹង​ការជាប់ពន្ធនាគារ​រហូត​ដល់​២០​ឆ្នាំ​ ប៉ុន្តែ ​ត្រូវ​បាន​ដោះ​លែងវិញ​កាលពីខែ​ធ្នូ​ បន្ទាប់ពី​​យល់​ព្រម​រក្សាទុកទារកទាំង​នេះ។​

គេនៅ​មិនទាន់​ច្បាស់​ថា តើ​ឪពុកម្តាយ​ដែល​ឲ្យ​គេ​ពរពោះជំនួសមក​ពី​​ប្រទេស​ប្រទេសណាទេ​ នៅ​ក្នុង​​ករណី​ស្ត្រីពរពោះ​ទាំង​១១​នាក់​នាពេល​ថ្មីៗ​នេះ​។

រដ្ឋាភិបាល​បាន​ហាមឃាត់​ការពរពោះ​ជំនួស​កាលពីឆ្នាំ​២០១៦​ រយៈ​ពេល​មួយ​ឆ្នាំ​បន្ទាប់ពីប្រទេស​ថៃ​បានចាត់ទុក​ទង្វើ​បែប​នេះថា ជារឿង​ខុស​ច្បាប់​ ហើយបាន​ធ្វើ​ឲ្យ​ជំនួញ​ដ៏ចម្រូង​ចម្រាស​ និង​រីករាល​ដាល​យ៉ាង​ឆាប់រហ័ស​នេះ​ ងាក​មក​រកប្រទេស​កម្ពុជា​វិញ។

មក​ទល់ពេល​នេះ ករណី​ពរពោះជំនួស​ដែលត្រូវ​ជម្រះក្តីនៅតុលាការ​ត្រូវ​បាន​អនុវត្តតាម​ច្បាប់​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ហើយថា វា​​គឺ​ជា​​ករណីដំបូងដែល​ពាក់ព័ន្ធ​នឹងអន្តរការី​ជនជាតិអូស្ត្រាលី ឈ្មោះ ថាមមី ដេវីស ឆាល (Tammy Davis Charles) កាល​ពីឆ្នាំ​២០១៦។ ​ ទោះបីជា​យ៉ាងណា ដើម្បី​គ្រប់គ្រងការអនុវត្ត​នេះ​ឲ្យ​ចំ​គោល​ដៅ​ ក្រសួង​កិច្ច​ការនារី​បាន និង​កំពុង​ធ្វើ​ការងារ ដើម្បី​បង្កើត​ច្បាប់​ពរពោះជំនួស។

លោក ផុន ពុទ្ធបុរី អ្នក​នាំពាក្យ​ក្រសួង​កិច្ច​ការ​នារី​ បាន​មាន​ប្រាសាសន៍​ថា ករណី​ពរពោះជំនួស​ដោយខុស​ច្បាប់នាពេលថ្មីៗនេះ​ បានបង្ក​ជា​ឧបសគ្គ​ដល់​ការ​រៀប​ចំបង្កើត​ច្បាប់​នេះ។

លោក ពុទ្ធបុរី មាន​ប្រសាសន៍​ថា៖ «​តាមពិត យើង​បាន​បញ្ចប់​សេចក្តីព្រាងច្បាប់​ពរពោះជំនួស​ដំបូង​​របស់​យើង​ហើយ​កាលពីឆ្នាំ​មុន​ អំឡុង​ខែ​កក្កដា​ ប៉ុន្តែ បន្ទាប់ពី​មាន​ពីរ​ករណីថ្មី​នេះកើត​ឡើង​ យើង​មិនសប្បាយចិត្ត​នឹង​រឿង​នេះ។ យើង​ត្រូវ​​ថយ​ក្រោយ​មួយ​ជំហាន​ ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​ថា តើ​យើង​បាន​បញ្ចូល​គ្រប់​ចំណុច​ហើយឬនៅ»។

លោក​បន្ត​ថា៖ «និយាយតាម​ត្រង់ទៅ ខ្ញុំ​មិន​ប្រាកដ​ថា ច្បាប់​ពរពោះជំនួស​នេះ​នឹង​បញ្ចប់នៅពេល​ណាទេ។ យើង​មិនចង់​ឲ្យ​ស្ត្រីរបស់​យើង​ក្លាយ​ជា​អ្នក​ផលិត​កូន​នោះទេ»។

លោក ពុទ្ធបុរី បានបន្ថែមថា លោក​មិន​បាន​ដឹងព័ត៌មានលម្អិត​ជាក់លាក់​អំពីករណី​ថ្មីបំផុត​ទាក់ទិន​នឹង​​ស្ត្រី​ពរពោះ​ជំនួស​១១​នាក់​​នេះទេ។

លោកស្រី ជូ ប៊ុនអេង ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ មិនអាចទាក់ទង​​សុំការ​អត្ថាធិប្បាយ​បាន​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ