រដ្ឋាភិបាល​ ហៅពលករដែល​ធ្វើការនៅក្រៅ​ប្រទេសថា​ជាវីរជនរបស់​ជាតិ​

លោក អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួងការងារ

រដ្ឋាភិបាល ​លើក​ឡើង​ថា ​ពលរដ្ឋ​ដែល​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​គឺ​ជា​វីរជន​ដែល​បាន​ផ្ដល់​ប្រយោជន៍​ដល់​ជាតិ​ជា​ច្រើន​ ។​

​ក្នុង​សេចក្ដីថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​៩ ខែឧសភា ម្សិលមិញ ​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា​ កម្ពុជា​កំពុង​បណ្ដុះ​បណ្ដាល​ពលករ​ខ្លួន​ពី​កម្លាំង​​ពលកម្ម​ដែល​ប្រើ​កម្លាំង​បាយ​ទៅ​ជា​ពលកម្ម​ជំនាញ ដែល​ធ្វើ​ឲ្យ​មាន​ប្រៀប​លើ​ទីផ្សារ​ការងារ​ទូទៅ។

សេចក្ដីថ្លែងការណ៍នោះ​ក៏​បាន​ដកស្រង់​ប្រសាសន៍​របស់​​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ លោក អ៊ិត សំហេង ថា​ពលករ​ដែល​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ទាំង​អស់​គឺ​ជា​ វីរជន​របស់​ជាតិ​ ដែល​បាន​បញ្ជូន​ប្រាក់​មក​កាន់​មាតុភូមិ​ជាង ​២.៣ពាន់លានដុល្លារ​ជា​រៀងរាល់​ឆ្នាំ និង​បាន​ធ្វើ​ឲ្យ​កម្ពុជា​មាន​ការ​រីក​ចំរើន​ និង​សន្តិភាព ជា​មួយ​រដ្ឋាភិបាល​ដូច​សព្វ​ថ្ងៃ​។

ក្នុង​សេចក្ដីថ្លែងការណ៍​នោះ​សរសេរ​ថា៖ «នៅ​ក្នុង​បរិបទ​នេះ​ រាជរដ្ឋាភិបាល បាន​និង​កំពុង​ប្រឹងប្រែង ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​បណ្ដា​ប្រទេស​ជា​មិត្ត​ជា​ច្រើន ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ទាំង​ផ្នែក​ច្បាប់ បច្ចេកទេស សមត្ថភាព និង​លក្ខខណ្ឌ​ផ្សេងៗ​ទៀត សម្រាប់​ផល​ប្រយោជន៍​ និង​សិទ្ធិ​របស់​ពលករ​ខ្មែរ​ ដែល​លោក​កំពុង​បំពេញ​ការងារ​នៅ​ឯ​ក្រៅ​ប្រទេស​»។

​បើ​តាម​រដ្ឋាភិបាល​ បច្ចុប្បន្ន​ កម្ពុជា​មាន​ពលករ​ចំណាក​ស្រុក​ជាង​១លាន​ ២សែន​នាក់​ ដែល​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដែល​រួម​មាន ​ប្រទេស​ កូរ៉េ ជប៉ុន ថៃ ម៉ាឡេស៊ី សិង្ហបុរី ហុងកុង ជាដើម។

នា​ពេល​ថ្មី​នេះ ​រដ្ឋាភិបាល​ទើប​តែ​​តែ​បាន​ចុះ​កិច្ច​ព្រមព្រៀង​បញ្ជូន​ពលករ​ទៅ​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អារ៉ាប់​ដែល​រួម​មាន​ ប្រទេស​ គុយ​វ៉ែត កាតា និង​អារ៉ាប៊ីសាអ៊ូឌីត បើ​ទោះ​បី​អ្នក​ធ្វើ​ការ​ផ្នែក​សិទ្ធិ​ការងារ​លើក​ឡើង​ពី​ការ​រំលោភ​សិទ្ធិ​ពលករ​ក្នុង​ប្រទេស​អារ៉ាប់​ទាំង​នេះ​ក្ដី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ