ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មរបស់កម្ពុជាបានបង្ហាញគោលនយោបាយ និងស្ថានភាពមួយចំនួនដើម្បីទាក់ទាញអ្នកវិនិយោគចិន ហើយបញ្ជាក់ថា នឹងធ្វើឱ្យកម្ពុជាក្លាយទៅជាបណ្តុំរោងចក្រនៅតំបន់អាស៊ី។
នៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិននៅក្នុងប្រទេសចិនកាលពីម្សិលមិញ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជាលោក ឈួន ដារ៉ា បានធ្វើបទបង្ហាញថា កម្ពុជាមានគោលនយោបាយគាំពារវិនិយោគ និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ដែលមានគោលដៅប្រែក្លាយកម្ពុជាទៅជាបណ្តុំរោងចក្រនៅអាស៊ី។ នេះបើតាមគេហទំព័រក្រសួងពាណិជ្ជកម្មកម្ពុជា។
កម្ពុជាក៏បានជំរុញឱ្យអ្នកវិនិយោគចិននៅក្នុងខេត្តសានទុងបណ្តាក់ទុននៅកម្ពុជាឱ្យកើនដល់១១២ក្រុមហ៊ុន។ កម្ពុជាក៏បានស្នើឱ្យចិនបង្កើនការទិញផលិតផលពីកម្ពុជាដូចជាអង្ករ ស្វាយ ដំឡូងមី មៀន ចេក និងផលិតផលផ្សេងៗទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន។