រដ្ឋមន្ត្រីក្រសួងសុខាភិបាលបង្គាប់ឱ្យមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែកទាំងអស់រៀបចំបន្ទប់ថ្វាយបង្គំឱ្យបានសមរម្យជូនដល់ពលរដ្ឋខ្មែរឥស្លាម។
ការបង្គាប់នេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង កាលពីថ្ងៃទី៧ ខែឧសភា ដោយឱ្យចេញបទបញ្ជាទៅតាមមន្ទីរពេទ្យទាំងអស់រៀបចំកន្លែងសម្រាប់ពលរដ្ឋខ្មែរឥស្លាមថ្វាយបង្គំ ដើម្បីជួយសម្រួលដល់ពលរដ្ឋខ្មែរឥស្លាម។
ក្រសួងបញ្ជាក់ថា ការរៀបចំឱ្យមានបន្ទប់នេះ គឺដើម្បីជួយសម្រួលដល់ការប្រណិបត្តិសាសនារបស់ពលរដ្ឋសាសនិកអ៊ីស្លាម គ្រូពេទ្យ និងនិស្សិតមូស្លីម ដែលមកទទួលសេវាថែទាំព្យាបាល និងបំពេញការងារនៅក្នុងមន្ទីរពេទ្យ។
សេចក្ដីប្រកាសដដែលថា មន្ទីរពេទ្យទាំងអស់ត្រូវតែអនុវត្តទៅតាមការស្នើរបស់ក្រសួងសុខាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់៕









