សារព័ត៌មានគ្រប់គ្រងដោយក្រុមហ៊ុនចិនមួយ ផ្តល់ប្រាក់ទៅដល់អ្នកបានដែលបានចុះឈ្មោះទៅក្នុងកម្មវិធីទូរសព្ទ ហើយចូលមើល និងអានព័ត៌មានក្នុងគេហទំព័ររបស់ខ្លួន។
គេហទំព័រមួយឈ្មោះ «TNAOT» ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិនបានបង្កើតកម្មវិធីទូរស័ព្ទមួយឈ្មោះថា «Tnaot » ដែលអាចប្រើបានសម្រាប់ប្រព័ន្ធទូរសព្ទ Android និង iOS ដោយទស្សនិកជនគ្រាន់តែទាញយកកម្មវិធីនេះ ពីក្នុង Play Store ឬ App Store ហើយចុះឈ្មោះតាមការណែនាំ នឹងក្លាយជាសមាជិករបស់ TNAOT។
និពន្ធនាយកនៅសារព័ត៌មាន TNAOT លោក ជា គឹមសាន មានប្រសាសន៍ថា គេហទំព័រ TNAOT បង្កើតឡើងដោយក្រុមហ៊ុន «កោះថ្មី» ដែលគ្រប់គ្រងដោយអ្នកវិនិយោគទុនចិន។
លោក បន្ថែមថា៖ «នៅក្នុងព័ត៌មាន APP នេះ យើងមានសេវាកម្មច្រើន យើងមានព័ត៌មានកំសាន្ត ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានទាក់ទងនឹងសង្គម និងព័ត៌មានផ្សេងៗទៀត ដែលអាចផ្តល់ផលប្រយោជន៍ដល់អ្នកអានរបស់យើង។ ជាពិសេស បច្ចុប្បន្នគឺជាសម័យបច្ចេកវិទ្យា ឌីជីថល ដែលយុវជន និងប្រជាជនយើងភាគច្រើនគាត់មានស្មាតហ្វូនប្រើ ហើយអ្វីដែលយើងខិតខំប្រឹងប្រែងផ្តល់ការអានដល់យុវជន និងប្រជាជនយើងហ្នឹង គឺយើងចង់ឲ្យពួកគាត់សម្រេចចិត្តជាវិជ្ជមាន»។
ប្រធានអង្គការបណ្តាញយុវជនកម្ពុជា លោក ទឹម ម៉ាឡៃ មានប្រសាសន៍ថា វាជាការល្អ ប្រសិនបើពលរដ្ឋអានព័ត៌មានទទួលបានចំណេះដឹង ហើយទទួលបានថវិកាទៀតនោះ។ ប៉ុន្តែ ទន្ទឹមនឹងនេះ លោកបង្ហាញក្តីបារម្ភពីសុវត្ថិភាពព័ត៌មានឯកជនភាព បន្ទាប់ពីប្រើប្រាស់កម្មវិធីមួយនេះ។
លោក ទឹម ម៉ាឡៃ ស្នើឲ្យមានការបង្ហាញឲ្យបានច្បាស់លាស់អំពីការប្រើប្រាស់កម្មវិធីទូរសព្ទ (App) នោះថា តើវាមានអាចបញ្ហាទៅដល់សុវត្ថិភាពរបស់អ្នកប្រើប្រាស់ ឬក៏អត់។
លោក បន្ថែមថា៖ «ក្នុងការប្រើប្រាស់ឌីជីថល វាអាចវិជ្ជមាន និងអវិជ្ជមាន ឬអាចនិយាយថា ការប្រើប្រាស់ App មួយចំនួន វាបានលួចព័ត៌មានផ្ទាល់ខ្លួនរបស់យើងតាមរយៈ App (កម្មវិធីទូរសព្ទ) នោះ។ យើងអាន បានលុយមែន ប៉ុន្តែ ព័ត៌មានឯកជនភាពផ្ទាល់ខ្លួនរបស់យើងវាត្រូវបានបាត់បង់។ ហើយការទទួលបានព័ត៌មានតាមរយៈ App ដែលបង្កើតដោយក្រុមហ៊ុននេះ វាគួរតែមានការបកស្រាយពីក្រសួង ឬបង្ហាញឲ្យបានច្បាស់លាស់ដែរ ថាហេតុអីបានជាមានការផ្តល់ថវិកាឲ្យពលរដ្ឋពេលអានព័ត៌មាននេះ»។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភណ្ឌ សុំមិនធ្វើការអត្ថាធិប្បាយលើករណីនេះទេដោយបង្វែរឲ្យទៅសួរអគ្គនាយកព័ត៌មាន និងសោតទស្សន៍ លោក ផុស សុវណ្ណ វិញ។ ប៉ុន្តែ លោក ផុស សុវណ្ណ ថាលោកកំពុងនៅប្រទេសចិនមិនអាចនិយាយបាន។
ការីនិពន្ធសារព័ត៌មានខ្មែរថាមន៍ លោក ម៉ៃ ទិត្យថារ៉ា មានប្រសាសន៍ថា ការជួលពលរដ្ឋឲ្យមកអានព័ត៌មាននេះ ជាយុទ្ធសាស្ត្រទីផ្សាររបស់ក្រុមហ៊ុនក្នុងការទាក់ទាញអ្នកអានឲ្យបានច្រើន ដើម្បីទទួលបានការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលប្រទេសមួយចំនួនក្នុងពិភពលោកក៏បានអនុវត្តវិធីសាស្រ្តបែបនេះដែរ ដើម្បីបានប្រាក់ត្រឡប់មកវិញ។
លោក បន្ថែមថា៖ «យើងដឹងហើយសម័យនេះ គឺសម័យគេយក Statistics ស្ថិតិ (ចំនួនអ្នកអាន អ្នកមើល) អ៊ីចឹង! ពេលយើងមានចំនួន Statistics ច្រើន គេនឹងមានការផ្សព្វផ្សាយពាណិជ្ជកម្មច្រើនដែរ។ ខ្ញុំក៏គិតថា វាល្អដែរសម្រាប់(អ្នក)ដែលគាត់អានព័ត៌មានហើយ បានប្រាក់ចំណូលពីការអានព៏ត៌មានទៀត ប៉ុន្តែ ខ្ញុំក៏លើកទឹកចិត្តពលរដ្ឋដែរ មិនថា តែព័ត៌មាន«ត្នោត»ហ្នឹងទេ ព័ត៌មាននៅស្ថាប័នផ្សេង គាត់គួរតែអានឲ្យបានច្រើន។ ប៉ុន្តែ ខ្ញុំក៏បារម្ភដែរ ដូចជា ការជួលមនុស្សឲ្យមកអានព័ត៌មានរបស់ខ្លួន ហើយមិនដឹងថា ព័ត៌មានរបស់ខ្លួនហ្នឹងធ្វើតាមវិជ្ជាជីវៈកំរិតណា»។
និពន្ធនាយកនៅសារព័ត៌មាន TNAOT លោក ជា គឹមសាន ឲ្យដឹងថា ករណីគេហទំព័រ TNAOT សម្រេចផ្តល់លុយទៅទស្សនិកជននេះ គឺជាយុទ្ធសាស្រ្តថ្មីរបស់ក្រុមហ៊ុន ដើម្បីទាក់ទាញមនុស្សឲ្យមកប្រើប្រាស់គេហទំព័រ TNAOT កាន់តែច្រើន ហើយថា បច្ចុប្បន្នមានអ្នកប្រើប្រាស់ « App Tnaot » ឬចូលមើលគេហទំព័រនេះប្រហែលជាងកន្លះលាននាក់ហើយ៕









