ទំហំ​កម្ចី​ប្រាក់​ពី​ធនាគារ​បន្ត​កើន​ឡើង ក្នុង​នោះ​ជាង​ពាក់​កណ្ដាល​ជា​កម្ចី​ទិញ​សម្ភារ​ផ្ទាល់​ខ្លួន និង​បើក​អាជីវកម្ម

ទិដ្ឋភាពនៅពីមុខធនាគារជាតិនៃកម្ពុជា ស្ថិតនៅក្រុងភ្នំពេញ។ រូបភាព៖ ជន ចាន់រ៉ែន

ការិយាល័យ​ហិរញ្ញវត្ថុ​កម្ពុជា​ ឲ្យ​ដឹង​ថា​ ក្នុង​រយៈ៣ខែ​ដើម​ឆ្នាំ​២០១៩​នេះ ​ពលរដ្ឋ​កម្ពុជា​ខ្ចី​ប្រាក់​​ជាង​៦​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​ជាង​ពាក់​កណ្ដាល​យក​ទៅ​ទិញ​សម្ភារ​ផ្ទាល់​ខ្លួន និង​បើក​អាជីវកម្ម។

​ក្នុង​របាយការណ៍​ប្រចាំ​ត្រីមាស​ទី​១ ​ឆ្នាំ​២០១៩​ ការិយាល័យ​ឥណទាន​កម្ពុជា ហៅ​កាត់​ថា CBC ឲ្យ​ដឹង​ថា​ គិត​ត្រឹម​ខែ​មីនា​ ឆ្នាំ​២០១៩ ពលរដ្ឋ​កម្ពុជា​ប្រមាណ ​​១លាន ៥សែន​នាក់​ បាន​ខ្ចី​លុយ​ពី​ធនាគារ និង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ ដែល​មាន​ទំហំ​សាច់​ប្រាក់​ប្រមាណ ៦ពាន់ ៧រយលានដុល្លារអាមេរិក កើន​ឡើង​ប្រមាណ​ ៧,៥​ភាគរយ​បើ​ធៀប​នឹង​ត្រីមាស​មុន។

CBC ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ​ក្នុង​ទំហំ​កម្ចី​ជាង ​៦ពាន់លានដុល្លារ​នេះ មាន​ ៥១,២៦%​ ជា​កម្ចី​យក​ទៅ​ទិញ​ចលនវត្ថុ និង​បើក​អាជីវកម្ម​ ខណៈ​ ៤៧,៦២% ជា​កម្ចី​យក​ទៅ​ទិញ​អចលនវត្ថុ។

ប្រាប់ ​VOD តាម​សារ​អេឡិចត្រូនិក ​Email នៅ​ថ្ងៃ​នេះ ​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា​ លោក អឿ សុធារ័ត្ន ​បាន​ឲ្យ​ដឹង​ថា ​ទំហំ​កម្ចី​យក​ទៅ​ទិញ​ចលនវត្ថុ​ច្រើន​​នៅ​ក្នុង​កម្រិត​នេះ​ វា​ជា​សញ្ញាណ​មួយ​នៃ​ការ​ប្រុង​ប្រយ័ត្ន​មួយ​ផង​ដែរ។

លោក​សរសេរ​ថា៖ «ទំហំ​កម្ចី​ក្នុង​កម្រិត​នេះ ​គឺ​មិន​បង្ក​ជា​ការ​ព្រួយ​បារម្ភ​នោះ​ទេ ប៉ុន្តែ​ ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ​ ដោយសារ​តែ​កម្ចី​ប្រភេទ​នេះ​ចាត់​ទុក​ជា​កម្ចី​ដែល​មិន​បង្កើត​ប្រាក់​ចំណូល​ យើង​ក៏​ត្រូវតែ​យក​ចិត្ត​ទុក​ដាក់​ និង​ប្រុងប្រយ័ត្ន​ផង​ដែរ​នៅ​ពេល​ដែល​កម្ចី​លក្ខណៈ​បុគ្គល​នេះ​បន្ត​មាន​កំណើន​ខ្លាំង»។

អ្នក​វិភាគ​សេដ្ឋកិច្ច​ លោក​ យ៉ង ប៉ាក់ មាន​ប្រសាសន៍​ថា ​នៅ​ពេល​ដែល​ប្រាក់​កម្ចី​យក​ទៅ​ទិញ​សម្ភារ​ប្រើប្រាស់​មាន​ការ​កើន​ មាន​ន័យ​ថា ​ប្រតិបត្តិការ​សេដ្ឋកិច្ច​នឹង​ថយ តែ​លោក​ថា ​ប្រសិន​ជា​ប្រាក់​កម្ចី​យក​ទៅ​ទិញ​សម្ភារប្រើប្រាស់​តិច​ជាង ​២០​ភាគរយ​នៃ​កម្ចី​សរុប​ នោះ​មិន​ទាន់​ចោទ​ជា​បញ្ហា​​ទេ។

លោក​ថា៖ «តែ​ខ្ញុំ​គិត​ថា ​ខាង​ធនាគារ​គាត់​គិត​គូរ​បាន​ច្បាស់លាស់​ណាស់! មុន​នឹង​ឲ្យ​នរណា​ម្នាក់​ខ្ចី​ទិញ​ទូរស័ព្ទ បង់​គេ​សុទ្ធ​តែ​មាន ​Income stable របស់​គេ ​ហើយ​តែ​គ្រាន់​តែ​ថា​ប្រសិន​ជា​វិស័យ​ហ្នឹង​វា​កើន​លើស​ពី​ ២០​ភាគរយ​នៃ​ទំហំ​កម្ចី​សរុប​ អា​ហ្នឹង​វា​មាន​ន័យ​ថា​ យើង​បាត់​បង់​ចំណូល​ ២០​ភាគរយ​បាត់​ទៅ​ហើយ »។

​បើ​តាម​លោក​ យ៉ង ប៉ាក់ រដ្ឋាភិបាល​គួរ​តែ​មាន​គោល​នយោបាយ​កំណត់​ប្រាក់​កម្ចី​ទិញ​ចលនទ្រព្យ​ច្រើន​បំផុត​ត្រឹម​ ២០​ភាគរយ​នៃ​កម្ចី​សរុប ខណៈ​ធនាគារ​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ពី​ហានិភ័យ​នៃ​កម្ចី​របៀប​នេះ​ឲ្យ​បាន​ច្រើន​ផង​ដែរ។

​គិត​ត្រឹម​ឆ្នាំ​២០១៨ ធនាគារ​ជាតិ​ឲ្យ​ដឹង​ថា​ មាន​ពលរដ្ឋ​កម្ពុជា​ជាង ៤លាននាក់​ជាប់​បំណុល​ធនាគារ​ និងមីក្រូហិរញ្ញវត្ថុ ដែល​មាន​ទំហំ​ទឹកប្រាក់​ជិត​ ៣ម៉ឺនលានដុល្លារ ខណៈ​អ្នក​វិភាគ​សង្គម​លើក​ឡើង​ពី​ក្ដី​បារម្ភ​នៃ​ឥទ្ធិពល​បំណុល​ទៅ​លើ​សន្តិសុខ​សង្គម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ