រដ្ឋាភិបាលកាលពីខែកញ្ញា ឆ្នាំ២០១៧ បានសម្រេចបិទការផ្សាយតាមរលកធាតុអាកាសនៃវិទ្យុមួយចំនួនដែលរួមមាន VOD, VOA និងវិទ្យុអាស៊ីសេរី ដោយលើកឡើងថា ការផ្សាយសំឡេងរបស់វិទ្យុទាំងនោះធ្វើឡើងដោយគ្មានការអនុញ្ញាត។
ក្រោយពីបិទការផ្សាយទាំងនេះ មានតែ VOA មួយប៉ុណ្ណោះដែលនៅរក្សាការផ្សាយតាមរលកខ្លីAM ខណៈអាស៊ីសេរី និង VOD បានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមដើម្បីផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន។
កត្តានេះ បានជំរុញឲ្យពលរដ្ឋរស់នៅក្នុងឃុំមួយនៃខេត្តតាកែវ ប្រើប្រាស់បណ្ដាញសង្គមដើម្បីទទួលបានព័ត៌មានពីស្ថាប័នទាំងនោះ។
ពលរដ្ឋមួយចំនួនដែលរស់នៅក្នុងឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលចូលចិត្តស្ដាប់ការផ្សាយរបស់វិទ្យុទាំងនេះបានលើកឡើងថា ក្រោយការបិទ ពួកគេព្យាយាមរៀនពីរបៀបប្រើប្រាស់ទូរសព្ទទំនើបវិញ ដើម្បីតាមស្ដាប់ការផ្សាយរបស់សារព័ត៌មានទាំងនេះ។ ពួកគេ លើកឡើងស្រដៀងគ្នាថា ទោះបីត្រូវចំណាយច្រើនជាងកាលពីប្រើប្រាស់វិទ្យុក៏ដោយ ក៏ត្រូវតែធ្វើវា ដោយសារពួកគេចង់ទទួលបានព័ត៌មានពីគ្រប់ភាគីទាំងអស់។
ពលរដ្ឋម្នាក់ លោក កង ធុល មានប្រសាសន៍ថា ក្រោយបិទការផ្សាយរបស់វិទ្យុអាស៊ីសេរី VOD និង VOA លោកបានព្យាយាមប្រើប្រាស់ទូរសព្ទទំនើប ដើម្បីស្វែងរកព័ត៌មានទាំងនេះវិញម្ដង។ លោកថា ការទទួលព័ត៌មានតាមប្រព័ន្ធទូរសព្ទ ក្រៅពីត្រូវចំណាយលុយហើយ វាក៏បានធ្វើឲ្យមានការលំបាកជាខ្លាំងដល់មនុស្សចាស់ផងដែរ។
លោកបន្ថែមថា៖ «បច្ចុប្បន្ន យើងមើលដែរ (ព័ត៌មានផ្សេងៗ) តែគ្រាន់តែថា បើមើលតែម្ខាងយើងអត់មានការប្រៀបធៀបគ្នាទេ។ ទាល់តែយើងស្ដាប់ទាំងសងខាង មានន័យថា ទាំងព័ត៌មានក្នុងស្រុក ក្រៅស្រុក ហើយនិងសំឡេងសង្គមស៊ីវិល សរុបច្របាច់ចូលគ្នាទៅទើបយើងអាចវិនិច្ឆ័យគ្នាកើត។ ដូចជំនាន់ ប៉ុល ពត អ៊ីចឹង បើយើងស្ដាប់តែម្ខាង ផលគឺបានតែម្ខាងហ្នឹងទេ»។
ស្ថិតក្រោមផ្ទះឈើ នៅជាប់នឹងផ្លូវលំមួយ លោក ធូ ស្រ៊ាង បានប្រាប់អ្នកយកព័ត៌មាន VOD ពីរបៀបដែលគាត់ទទួលព័ត៌មាននៅតាមទូរសព្ទ។

បុរសវ័យ ៧២ឆ្នាំរូបនេះ បានបន្ថែមផងដែរ ការងាកមកប្រើទូរសព្ទដើម្បីទទួលព័ត៌មាននេះ ធ្វើឲ្យលោកមានការលំបាកជាខ្លាំង ដោយសារលោកមិនសូវចេះប្រើប្រាស់ ខណៈលុយទូរសព្ទគឺត្រូវបញ្ចូលជារៀងរាល់សប្ដាហ៍ផងដែរនោះ។
លោកថា៖ «ចុចទៅត្រូវទៅ បានស្ដាប់ទៅ បើរកមិនឃើញ ចៅចុចឲ្យទៅទើបបានស្ដាប់។ យប់ជួនកាលម៉ោង៧ ម៉ោង៨ ស្ដាប់ទៅតាមដំណើរទៅ គាត់និយាយមកទៅស្ថានការណ៍ហ្នឹង វាយ៉ាងម៉េចៗ ស្ដាប់តាមហ្នឹងទៅ។ […] វាពិបាកចុច ពិបាកមើលដែរ បើតាម រ៉ាដយ៉ូ (Radio – វិទ្យុ) បើកតាមប៉ុស្តិ៍ យើងរកតាមលេខណា! យើងឃើញលេខនេះលេខនោះ យើងស្ដាប់ទៅ»។
កំពុងលាយស៊ីម៉ង់បូករៀបចំធ្វើចង្ក្រានបាយឲ្យអ្នកភូមិ លោក ស៊ឹម ធារិទ្ធិ អាយុ៣៨ឆ្នាំ បានលើកឡើងថា បច្ចុប្បន្ន សារព័ត៌មានដែលនៅផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍ ហាក់បានផ្សាយតែជ្រុងម្ខាងនៃរដ្ឋាភិបាល ខណៈសំឡេងរិះគន់មិនត្រូវបានលើកឡើងនោះទេ។ លោកបន្ថែមថា ក្រោយការបិទការផ្សាយរបស់ RFA VOA និង VOD នៅតាមវិទ្យុ លោកចាប់ផ្ដើមងាកមកប្រើទូរសព្ទជំនួសវិញ ដើម្បីរក្សាការទទួលព័ត៌មានទាំងនេះ តែលោកថា ប្រឈមនឹងបញ្ហាមួយចំនួនផងដែរ។
លោក ធារិទ្ធិ៖ «បើស្ដាប់តាម រ៉ាដយ៉ូ (Radio – វិទ្យុ) វាអត់ចុះលុយ ដល់ពេលយើងប្រើតាមទូរសព្ទអ៊ីចឹង ទាល់តែបញ្ចូលលុយបានស្ដាប់បាន! ១ខែយ៉ាងហោចណាស់ត្រូវចំណាយ៤ដុល្លារដែរ ព្រោះអត់ៗបាន ព្រោះសេវាគេមួយសប្ដាហ៍គេត្រូវកាត់ចោល ដូច្នេះយើងត្រូវបញ្ចូលរាល់សប្ដាហ៍តែម្ដង។ តាមចំណូលខ្ញុំ ដូចដឹងស្រាប់ហើយ ធ្វើសំណង់ឲ្យគេមួយថ្ងៃបាន២ម៉ឺន នៅថ្លៃចំណាយផ្សេងៗ និងគ្រួសារផងមិនសល់ប៉ុន្មានទេ»។
ពលរដ្ឋម្នាក់ទៀត លោក វង់ ជាង អាយុ៦៥ឆ្នាំ មានប្រសាសន៍ថា ការប្រើប្រាស់ទូរសព្ទដើម្បីស្ដាប់ព័ត៌មានមិនបង្កការលំបាកដល់លោកប៉ុន្មានទេ ដោយសារមានចៅជួយ។ លោក វង់ ជាង បន្ថែមថា ជាទូទៅលោក និងអ្នកភូមិពី២ ទៅ៣នាក់ទៀតតែងប្រជុំគ្នាស្ដាប់ការផ្សាយព័ត៌មាននេះស្ទើរៀងរាល់ថ្ងៃផងដែរ។
លោក មានប្រសាសន៍ថា៖ «ព័ត៌មាននៅក្នុងទូរសព្ទ ថ្មើរម៉ានក៏មានដែរ តែខ្ញុំទាល់តែព្រលឹមឡើងបានខ្ញុំស្ដាប់ម៉ោង៦ ទៅ៧ព្រឹកហ្នឹងទៅ ព្រឹកក៏ស្ដាប់ល្ងាចក៏ស្ដាប់ទៅ ព្រោះចៅ Save ពីល្ងាចហ្នឹងទុកហើយ។ យើងចង់មើលស្ដាប់ពេលណា ស្ដាប់រឿងអី មិនចាំបាច់ទាល់តែដល់ម៉ោងបានបើកស្ដាប់ឯណា? យើងជួបជុំគ្នាដាក់លោកទេសមួយគ្រែទៅ អាស៊ីសេរីព្រឹកមួយល្ងាចមួយទៅ»។
ពួកគេលើកឡើងថា សារព័ត៌មានទាំងនេះបានផ្ដល់ឲ្យពលរដ្ឋយល់ដឹងពីបញ្ហាពិតក្នុងសង្គម និងដំណោះស្រាយពីបញ្ហាទាំងនោះផងដែរ ខណៈបង្ហាញការសោកស្ដាយទៅលើរដ្ឋាភិបាលក្រោយការបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានទាំងនេះតាមវិទ្យុ។
អគ្គនាយកនៃអគ្គនាយកដ្ឋានសោតទស្សន៍នៃក្រសួងព័ត៌មាន លោក ផុស សុវណ្ណ មានប្រសាសន៍ថា ការបញ្ឈប់ការផ្សាយរបស់សារព័ត៌មានទាំងនោះ គឺដោយសារសារព័ត៌មានទាំងបីខាងលើពុំបានចុះបញ្ជីនៅក្រសួងដើម្បីផ្សព្វផ្សាយ។
លោកថា៖ «ផ្អែកលើច្បាប់របបសារព័ត៌មាន យើងឃើញថា មុននឹងធ្វើការផ្សព្វផ្សាយ យើងត្រូវតែធ្វើយ៉ាងម៉េចចុះបញ្ជី ឬក៏ជូនដំណឹងមកក្រសួងព័ត៌មាន ដើម្បីទទួលបានពាក្យស្នើសុំ និងការឯកភាពពីក្រសួងដូចគ្នា។ តែក្នុងច្បាប់គេមិនថាសុំការឯកភាពទេ គឺគ្រាន់តែមានការជូនដំណឹងមកក្រសួង តែការជូនដំណឹងគឺត្រូវមានការបំពេញទម្រង់អីជាដើម ដើម្បីរកអ្នកទទួលខុសត្រូវ »។
រហូតមកដល់ពេលនេះគឺមានរយៈពេលជិត២ឆ្នាំហើយបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយទាំងនេះត្រូវបានរដ្ឋាភិបាលបញ្ឈប់ការផ្សាយតាមរលកវិទ្យុនៅកម្ពុជា។
អ្នកប្រឹក្សាឯករាជ្យលើគម្រោងលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន លោក ឆន ចាន់ស៊ី មានប្រសាសន៍ថា ការបិទប្រព័ន្ធផ្សព្វផ្សាយដែលឯករាជ្យនេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ជាពិសេសពាក់ព័ន្ធទៅនឹងការសម្រេចចិត្តរបស់ពួកគេផងដែរ។
លោកថា៖ «ខ្ញុំគិតថា ដល់ពេលវេលាមួយដែលរដ្ឋាភិបាលគួរតែពិចារណាឡើងវិញក្នុងការបើកលំហឲ្យធំសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដើម្បីឲ្យគាត់អាចបំពេញតួនាទីផ្សេងៗផ្សព្វផ្សាយជូនប្រជាពលរដ្ឋ។ ព្រោះប្រព័ន្ធផ្សព្វផ្សាយឯករាជ្យហ្នឹងគឺជាកញ្ចក់ឆ្លុះអំពីបញ្ហាផ្សេងៗដែលអាចជួយដល់ការអភិវឌ្ឍប្រទេសទាំងមូលតែម្ដង »។
របាយការណ៍ស្ដីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៩ បានចាត់ថ្នាក់ប្រទេសកម្ពុជាក្នុងលំដាប់លេខ១៤៣ លើ១៨០ ដែលបង្ហាញថា សេរីភាពសារព័ត៌មាននៅក្នុងប្រទេសនេះស្ទើរតែគ្មានសេរីភាពទាល់តែសោះ នឹងបានធ្លាក់ចុះជាបន្តបន្ទាប់ពី១៤២ នៅឆ្នាំ២០១៨ និង១៣២ ក្នុងឆ្នាំ២០១៧។
ដោយសារការលំបាកក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដើម្បីតាមដានព័ត៌មាននេះ ប្រជាពលរដ្ឋស្នើដល់រដ្ឋាភិបាលឲ្យពិចារណាឡើងវិញក្នុងការអនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យប្រើប្រាស់វិទ្យុជាកន្លែងផ្សព្វផ្សាយព័ត៌មានរបស់ពួកគេ៕









