ក្រសួងអប់រំ ប្រកាសចាត់វិធានការផ្លូវច្បាប់លើអ្នកផ្សព្វផ្សាយលក់សញ្ញាប័ត្រនៅលើគេហទំព័រមួយ ដោយថា ជាអំពើខុសច្បាប់ បំពានលើសេចក្ដីថ្លៃថ្នូរ និងប៉ះពាល់ដល់ស្មារតីសិក្សារបស់សិស្សនិស្សិតកម្ពុជា។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ក្រសួងអប់រំបានលើកឡើងថា នៅពេលនេះ ក្រសួងកំពុងសហការជាមួយសមត្ថកិច្ចក្នុងការស្វែងរកជនដែលបានបង្ហោះព័ត៌មានទិញលក់សញ្ញាប័ត្រនៅកម្ពុជា និងបានអំពាវនាវឲ្យសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយចូលរួមទប់ស្កាត់ និងផ្ដល់ព័ត៌មានជូនដល់សមត្ថកិច្ច ដើម្បីឈានដល់ការកំណត់មុខសញ្ញាជនដែលបានប្រព្រឹត្តផងដែរ។
ក្នុងសេចក្ដីប្រកាសនោះលើកឡើងថា៖ «ការបង្ហោះព័ត៌មានបែបនេះ ជាអំពើខុសច្បាប់ ដែលបំពានលើសេចក្ដីថ្លៃថ្នូរ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ការអនុវត្តកំណែទម្រង់របស់ក្រសួង អប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ជាពិសេសប៉ះពាល់ដល់ស្មារតី និងការខិតខំរៀនសូត្ររបស់សិស្សានុសិស្ស និងនិស្សិតនៅកម្ពុជា»។
កាលពីថ្ងៃទី១៤ ខែឧសភា មានការបង្ហោះលក់សញ្ញាប័ត្រនៅលើគេហទំព័រទិញលក់អនឡាញ Khmer24 ដោយអ្នកប្រើប្រាស់ ដាក់ឈ្មោះថា Ty Hak បានប្រកាសលក់សញ្ញាប័ត្របាក់ឌុបសម្រាប់និទ្ទេស E ក្នុងតម្លៃ១ ៣០០ដុល្លារ និទ្ទេសD មានតម្លៃ១ ៤០០ដុល្លារ និងC តម្លៃ១ ៥០០ដុល្លារ សម្រាប់បរិញ្ញាបត្រគ្រប់ផ្នែក លើកលែងតែពេទ្យមានតម្លៃ៣ពាន់ដុល្លារអាមេរិក។
អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា មានប្រសាសន៍ថា រហូតមកដល់ពេលនេះ ក្រសួងកំពុងធ្វើការជាមួយសមត្ថកិច្ចដើម្បីស្រាវជ្រាវនៅឡើយ។ លោក បញ្ជាក់ថា ក្រសួងមិនអនុញ្ញាតឲ្យមានការទិញលក់សញ្ញាប័ត្រនោះឡើយ។
លោកថា៖ «ស្ថិតក្នុងការងារកំណែទម្រង់ស្ថិតក្នុងអាណត្តិមុន ក៏ដូចជា អាណត្តិនេះផងដែរ គឺក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តកំណែទម្រង់ដើម្បីរក្សាជូនគុណភាពដល់សិស្ស និងនិស្សិត ក៏ដូចជា ឪពុកម្ដាយ និងសហគមន៍ទូទៅ ហើយក្រសួងក៏ស្នើឲ្យមានកិច្ចសហការរលូនដូចដែលយើងធ្លាប់បានទទួលពីមុនមកដល់បច្ចុប្បន្ននេះដែរ ដើម្បីបន្តការងារកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា »។
ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ថា ការទិញលក់សញ្ញាប័ត្រនៅកម្ពុជានៅតែបន្តកើតមានក្នុងប្រព័ន្ធអប់រំសព្វថ្ងៃនេះ ហើយលើសពីនេះ វាកាន់តែចំហថែមទៀតនៅពេលដែលមានការផ្សព្វផ្សាយលក់នៅតាមគេហទំព័របែបនេះ។ លោក ជំរុញដល់ក្រសួងអប់រំគួរបង្កើនវិធានការជាក់លាក់ណាមួយ ដើម្បីទប់ស្កាត់បញ្ហានេះ។
លោកថា៖ «បើសិនមានអំពើហ្នឹងចេះតែនៅបន្ត វាធ្វើឲ្យយុវជនមួយចំនួន ឬមួយមន្ត្រីមួយចំនួនហ្នឹងគាត់មិនខំ មិនសិក្សាស្រាវជ្រាវអីទេ គាត់អាងតែមានលុយ គាត់យកទៅទិញអនុបណ្ឌិត ឬក៏បណ្ឌិត ឬមួយមានលុយ គាត់យកទៅទិញបរិញ្ញាបត្រអីអ៊ីចឹទៅ ហើយបើសិនជាយើងលុបបំបាត់មិនបានទេ វាជារឿងគ្រោះថ្នាក់សម្រាប់សង្គមជាតិ »។
ក្នុងរបាយការណ៍បូកសរុបសមិទ្ធផលសំខាន់របស់រដ្ឋាភិបាលគិតពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ កម្ពុជាមានបេក្ខជនជាប់បាក់ឌុបប្រមាណជិត ៦០ម៉ឺននាក់ ខណៈ និស្សិតដែលបានសិក្សានៅថ្នាក់ឧត្តមមានប្រមាណជាង៧០ម៉ឺននាក់៕









