គណបក្សចំនួន៣ ដាក់ភ្នាក់ងារសង្កេតការណ៍បោះឆ្នោត

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ថ្ងៃទី ២៩ កក្កដា ២០១៨ មណ្ឌលសាលាគរុកោសល្យ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ (ជន ចាន់រ៉ែន)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ឲ្យដឹងថា មានគណបក្សចំនួន​៣ បានដាក់ភ្នាក់ងារសង្កេតការណ៍របស់ខ្លួន សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៣ ដែលនឹងប្រព្រឹត្តទៅនៅចុងសប្ដាហ៍នេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញ គ.ជ.ប បញ្ជាក់ថា គណបក្សដែលបានដាក់ភ្នាក់ងារសង្កេតការណ៍របស់ខ្លួនទាំងពេញសិទ្ធិ និងបម្រុង មានគណបក្ស៣ គឺគណបក្សប្រជាជនកម្ពុជា មានភ្នាក់ងារចំនួន ១ ០៨៤នាក់ គណបក្សហ្វ៊ុនស៊ិនប៉ិច ចំនួន ៣០នាក់ និងគណបក្សខ្មែររួបរួមជាតិ ចំនួន ៣៨នាក់។

គណបក្ស ៤ទៀត ដែលមិនបានដាក់ភ្នាក់ងារគណបក្សរបស់ខ្លួន មានគណបក្សខ្មែរសាធារណៈរដ្ឋ គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សសញ្ជាតិកម្ពុជា។

បើតាមសេចក្ដីប្រកាសព័ត៌មានដដែល គ.ជ.ប អះអាងថា ស្ថាប័ននេះ​ក៏បានទទួលពាក្យសុំចុះឈ្មោះដាក់អ្នកសង្កេតការណ៍ពីអង្គការ​ សមាគម ចំនួន១៩។ ប៉ុន្ដែ សម្រាប់អ្នកសង្កេតការណ៍អន្ដរជាតិវិញ គ.ជ.ប អះអាងថា ខ្លួនមិនទាន់ទទួលបានពាក្យស្នើសុំចុះឈ្មោះចូលរួមឃ្លាំមើលការបោះឆ្នោតនោះទេ គិតត្រឹមថ្ងៃទី២១ ខែឧសភា។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៣នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភានេះ ហើយធ្វើឡើងជាអសកល ដែល​បោះ​ឆ្នោត​ដោយ​អង្គ​បោះ​ឆ្នោត​ចំនួន ១១ ៥៧២​នាក់​នៅ​ទូទាំង​ប្រទេស ប៉ុន្ដែ ​ភាគ​ច្រើន​គឺ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ