ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី យាងទៅកាន់ប្រទេសបារាំងនៅថ្ងៃនេះ ដើម្បីចូលរួមពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតសកម្មភាពគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ ហៅកាត់ថា ICC-Angkor។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកថា ព្រះមហាក្សត្រកម្ពុជានឹងគង់ប្រថាប់នៅប្រទេសបារាំងរហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ទើបព្រះអង្គយាងត្រលប់មកមាតុប្រទេសវិញ។
ICC-Angkor ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោមការផ្តួចផ្តើមគំនិតរបស់រដ្ឋាភិបាលជប៉ុន ដោយមានការគាំទ្រពីប្រទេសបារាំង និងអង្គការយូណេស្កូ ដើម្បីដាក់ចេញនូវយុទ្ធសាស្រ្ត និងផែនការសកម្មភាពនានាជាប្រយោជន៍ដល់កិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ។
កាលពីថ្ងៃទី១៣ ដល់ទី១៦ ខែឧសភា ព្រះមហាក្សត្រកម្ពុជា ក៏បានយាងទៅចូលរួមវេទិកា អរិយធម៌អាស៊ីលើកទី១ នៅទីក្រុងប៉េកាំង ប្រទេសចិនផងដែរ៕