និស្សិតម្ចាស់បទ «សង្គមនេះ» បានសុំទោស ក្រោយថ្នាក់ដឹកនាំសាលាហៅណែនាំ

និស្សិតឈ្មោះ ឈុន ឌីម៉ី ដែល​បាននិពន្ធ និងច្រៀងចំរៀងមួយបទមានចំណងជើងថា «សង្គមនេះ»។ រូបភាព៖ FN

និស្សិតម្នាក់រៀននៅសាកល​វិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ (University of South-East Asia) នៅខេត្តសៀមរាប បានសុំទោសថ្នាក់ដឹកនាំសាលា ក្រោយពីសាកលវិទ្យាល័យមួយនេះ ចេញសេចក្តីថ្លែងការណ៍បង្ហាញការសោកស្តាយចំពោះការនិពន្ធ និងច្រៀងចំរៀងរិះគន់សង្គម ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន។

កាលពីថ្ងៃទី២១ ខែឧសភានេះ សាកល​វិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បានចេញសេចក្តីថ្លែងការណ៍មួយ សំដែងការសោកស្ដាយចំពោះ​និស្សិតឈ្មោះ ឈុន ឌីម៉ី ដែល​បាននិពន្ធ និងច្រៀងចំរៀងមួយបទមានចំណងជើងថា «សង្គមនេះ»។ សាកល​វិទ្យាល័យមួយនេះ ចាត់ទុកថា បទចម្រៀង «សង្គមនេះ» បាន​ធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងផ្ទុយពីគោលនយោបាយយុទ្ធសាស្ដ្រចតុកោណរបស់រដ្ឋាភិបាល។

ក្នុងលិខិតចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ និស្សិតជំនាន់ទី១៣ ថ្នាក់បរិញ្ញាបត្រ ជំនាញព័ត៌មានវិទ្យា នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ លោក ឈុន ឌីម៉ី បានទទួលស្គាល់កំហុស និងសុំទោសចំពោះថ្នាក់ដឹកនាំសាលា ដោយថា រូបលោកនិពន្ធ និងច្រៀងបទ «សង្គមនេះ» គឺធ្វើខុសពីបទបញ្ជាផ្ទៃក្នុងរបស់សាលា។

លោក ឈុន ឌីម៉ី បានប្រាប់ វី.អូ.ឌី យ៉ាងខ្លីថា ថ្នាក់ដឹកនាំសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅថ្ងៃនេះ បានហៅរូបលោកទៅណែនាំ និងឲ្យមើលបញ្ជាផ្ទៃក្នុងរបស់សាលា ប៉ុន្តែ លោកសុំមិនធ្វើអធិប្បាយច្រើនលើរឿងនេះទេ។

លោកបន្ថែមថា៖ «គាត់ធ្វើការណែនាំឲ្យយើងមើលទាក់ទងនឹងបទបញ្ជាផ្ទៃក្នុងរបស់សាលា ថាបានចែងអីខ្លះ ព្រោះខ្ញុំទើបតែចូលរៀន អ៊ីចឹង! ខ្ញុំអត់ដឹង ហើយយើងបានដោះស្រាយគ្នាបញ្ចប់ហើយ»

វី.អូ.ឌី បានព្យាយាមសុំការបកស្រាយពីសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ លោក គង់ យុ ដែរ ប៉ុន្តែ ទូរសព្ទចូលគ្មានអ្នកទទួល។

កាលពីថ្ងៃទី១៦ ខែឧសភាកន្លងមក យុវជន ឈុន ឌីម៉ី បានសម្រេចចិត្តលុបបទចម្រៀងដែលគាត់និពន្ធ និងច្រៀង ចេញពីបណ្ដាញសង្គមហ្វេសប៊ុក និងយូធ្យូបវិញ ក្រោយមានប្រតិកម្មពីអាជ្ញាធរ និងមន្ដ្រីរដ្ឋាភិបាល។

បទ «សង្គមនេះ» ដែលច្រៀងដោយយុវជន ឈុន ឌីម៉ី បានរៀបរាប់ និងរិះគន់ពីបញ្ហាសង្គមក្នុងប្រទេសកម្ពុជានា ដូចជា បញ្ហាអយុត្តិធម៌ អំពើពុករលួយ និងការជិះជាន់លើប្រជាពលរដ្ឋក្រីក្រ ពីសំណាក់អ្នកមានអំណាច ជាដើម។

សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បានចេញសេចក្តីថ្លែងការមួយសំដែងការសោកស្ដាយចំពោះនិស្សិតរបស់ខ្លួនឈ្មោះ ឈុន ឌីម៉ី ដែលបាននិពន្ធ និងច្រៀងចំរៀងមួយបទមានចំណងជើងថា «សង្គមនេះ» ដោយថា ការនិពន្ធ និងច្រៀងបទនេះ ផ្ទុយពីគោលនយោបាយយុទ្ធសាស្ដ្រចតុកោណរបស់រដ្ឋាភិបាល។

ប៉ុន្តែ និស្សិតមួយចំនួន នៃសាកលវិទ្យាល័យនោះបានបញ្ចេញមតិយោបល់ក្នុងហ្វេសប៊ុកសាលា គាំទ្របទចំរៀងដែលច្រៀងដោយលោក ឈុន ឌីម៉ី ដោយពួកគេថា បទចំរៀងនោះបានឆ្លុះបញ្ចាំងពីស្ថាភាពសង្គមពិត ហើយនិស្សិតទាំងនោះក៏បង្ហាញការខកចិត្តចំពោះសាលារៀនរបស់ខ្លួនដែលចេញសេចក្តីថ្លែងការណ៍ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ