ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោក ពេជ្រ ស្រស់ ព្រួយបារម្ភថា ធនធានខ្សាច់របស់កម្ពុជាអាចនឹងក្លាយជាប្រយោជន៍សម្រាប់មនុស្សមួយក្រុមតូចដូចព្រៃឈើដែរ បើក្រុមហ៊ុន ទ្រី ភាព ទទួលបានសិទ្ធិស្តារទន្លេមែននោះ។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានសួរដេញដោលមន្ត្រីជំនាញដែលពាក់ព័ន្ធមកពីក្រសួងរ៉ែ និងថាមពល នៅទីស្តីការគណៈរដ្ឋមន្ត្រី ពីលទ្ធភាពដែលក្រុមហ៊ុន ទ្រី ភាព ស្នើសុំទៅរដ្ឋាភិបាល ដើម្បីបានធ្វើអាជីវកម្មស្តារទន្លាមេគង្គ និងទន្លេសាប។
លោក ពេជ្រ ស្រស់ ឱ្យ VOD ដឹងនៅថ្ងៃនេះ ថា ឆ្លងតាមបទពិសោធន៍នៃការបាត់បង់ព្រៃឈើ ស្ថាប័ននេះត្រូវសុំការបញ្ជាក់ពីមន្ត្រីជំនាញ ដើម្បីឱ្យប្រាកដថា ការទាញយកធនធានធម្មជាតិពីបាតទន្លេ មានខ្សាច់ ជាដើម ជាប្រយោជន៍ជាតិ មិនត្រូវឱ្យបណ្តោយឱ្យបុគ្គលមួយក្រុមឃុបឃិតគ្នាជាប្រយោជន៍ផ្ទាល់ខ្លួនជ្រកក្រោមស្លាកវិនិយោគនោះទេ។
លោកថា៖ «យើងបារម្ភ ព្រោះថា ក្រុមហ៊ុននេះធ្លាប់មានប្រវត្តិសុំដីសម្បទានសេដ្ឋកិច្ច តែក្រោយមកអត់ឃើញអភិវឌ្ឍ តែអស់ព្រៃឈើ។ ហើយឥឡូវនេះ យើងឃើញតម្រុយមួយទៀតគាត់សុំអភិវឌ្ឍសម្អាតច្រាំងទន្លេ។ ទន្លេចិញ្ចឹមទន្លេ។ អ៊ីចឹង ខ្ញុំខ្លាចអារូបភាពនេះដូចរូបភាពសុំដីសម្បទានសេដ្ឋកិច្ចទៀត សម្អាតច្រាំងទន្លេ តែវាអស់ខ្សាច់ អាហ្នឹងជាបញ្ហាចោទ»។
VOD មិនទាន់អាចរកការបំភ្លឺពីក្រុមហ៊ុន ទ្រី ភាព បានទេ ជុំវិញការលើកឡើងនេះ។ ប៉ុន្តែ បើតាមលោក ពេជ្រ ស្រស់ ក្រសួងរ៉ែ និងថាមពល ដែលបានចូលឆ្លើយបំភ្លឺ បានអះអាងថា នឹងធានាពីតម្លាភាពនៃការគ្រប់គ្រងខ្សាច់ បើក្រសួងពាក់ព័ន្ធបើកផ្លូវឱ្យក្រុមហ៊ុននេះទទួលបានសិទ្ធិវិនិយោគមែននោះ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាបណ្តុំគណបក្សដែលគ្មានអាសនៈក្នុងសភា ដែលផ្តួចផ្តើមបង្កើតឡើងដោយរដ្ឋាភិបាលនៅអាណត្តិទី៦នេះ នូវអ្វីដែលរដ្ឋាភិបាលថា ដើម្បីចូលរួមចំណែកពង្រឹងអភិបាលកិច្ចល្អ។
ការបង្កើតស្ថាប័នពិគ្រោះ និងផ្តល់យោបល់នេះ បានធ្វើឡើងក្រោយអតីតបក្សប្រឆាំង ដែលមានតំណាងរាស្ត្រ៥៥ ជិតស្មើគណបក្សកាន់អំណាចដែរនោះត្រូវបានគេផាត់ចេញពីឆាកនយោបាយ ។
មន្ត្រីអង្កេតនៅអង្គការឃ្លាំមើលការបោះឆ្នោត និងជាអង្គការឃ្លាំមើលដំណើរការរដ្ឋសភា ហៅ ខុមហ្វ្រែល លោក កន សាវាង្ស បង្ហាញការភ្ញាក់ផ្អើល ដោយអះអាងថា តួនាទីនេះគួរតែតំណាងរាស្ត្រដែលមានអាសនៈក្នុងសភាជាអ្នកធ្វើ ទើបមានឥទ្ធិពលក្នុងការជំរុញតម្លាភាពសង្គម។
លោកថា៖ «និយាយពីផ្លូវច្បាប់ សភាធម្មនុញ្ញគឺតំណាងរាស្ត្រហ្នឹងដែលប្រជាពលរដ្ឋបោះឆ្នោតឱ្យ ត្រូវធ្វើការងារអស់ហ្នឹង ត្រូវហៅមកសាកសួរ រកបញ្ហាហ្នឹងគឺជារដ្ឋសភាមិនមែនជាឧត្តមក្រុមប្រឹក្សាទេ»។
អ្នកនំាពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង អះអាងថា ភាពស្ងាត់ស្ងៀមរបស់អ្នកតំណាងរាស្ត្រពេលនេះមិនមែនមានន័យថា ពួកគេមិនខ្វល់ទៅនឹងបញ្ហារបស់ពលរដ្ឋទេ តែថា ដោយសារតំណាងរាស្ត្រជាប់រវល់។ ប៉ុន្តែ លោកថា ការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះក៏ជាការចូលរួមលើយន្តការប្រជាធិបតេយ្យដែរ។
លោកថា៖ «រឿងអ៊ីចឹង សមាជិករដ្ឋាភិបាលមកសាកសួរហ្នឹង គេក៏មានគម្រោងដែរ ប៉ុន្តែ ឥឡូវនេះ គេកំពុងតែរវល់ រវល់ខ្លាំងណាស់ រឿងការងារជាតិផង ការងារអន្តរជាតិផងរឿងសិក្ខាសាលា គម្រោងប្រជុំអីហ្នឹង មិនមែនអសកម្មទេ។ មានការងារធ្វើជាប់ អត់មានទំនេរទេ»។
ទោះជាយ៉ាងណា លិខិតស្នើសុំរបស់ក្រុមហ៊ុន ទ្រី ភាព នេះ កំពុងស្ថិតក្នុងដៃក្រសួងធនធានទឹក និងឧតុនិយម ដើម្បីពិនិត្យផលប៉ះពាល់ជាមួយស្ថាប័នពាក់ព័ន្ធ មុននឹងបញ្ជូនត្រឡប់ទៅរដ្ឋាភិបាលសម្រេច។
តាមលិខិតចុះថ្ងៃទី៧ ខែឧសភា ដែលទីស្តីការគណៈរដ្ឋមន្ត្រីបញ្ជូនទៅឱ្យក្រសួងធនធានទឹក គឺក្រុមហ៊ុនបានស្នើសុំគោលការណ៍ពីរដ្ឋាភិបាល បូម ស្តារ និងធ្វើច្រាំងទន្លេមេគង្គ ចាប់ពីក្អមសំណជាប់ព្រំប្រទល់វៀតណាម មកដល់ខេត្តកំពង់ចាម ក្រចេះ ព្រមទាំងបូមខ្សាច់នៅទន្លេបាសាក់ផងដែរ ។
ការសុំគោលការណ៍នេះ ក្រុមហ៊ុន ទ្រី ភាព សរសេរក្នុងលិខិតនោះថា ជាគោលការណ៍ «យុទ្ធសាស្ត្រទន្លេចិញ្ចឹមទន្លេ»។