មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលចិនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញ និងបន្តធ្វើកិច្ចការងារទាំងឡាយដែលមេដឹកនាំនៃប្រទេសទាំងពីរបានចុះកិច្ចសន្យាក្នុងកិច្ចប្រជុំ «ខ្សែក្រវ៉ាត់ និងផ្លូវ» នាពេលកន្លងទៅនេះ។
នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព នៅថ្ងៃនេះ លោក វ៉ាង យ៉ាជុន អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិចិន បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក ដើម្បីជំរុញ និងបន្តធ្វើការងារដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ស៊ី ជីនពីងបានព្រមព្រៀងគ្នា។
ហ្វេសប៊ុករបស់លោក ហ៊ុន សែន៖ «ដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជារបស់លោក វ៉ាង យ៉ាជុន នាពេលនេះ គឺដើម្បីជំរុញ និងបន្តការធ្វើការរាល់កិច្ចការទាំងឡាយដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ដែលមានសម្ដេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង បានចុះហត្ថលេខានាពេលកន្លងមក។ លោកបានបញ្ជាក់ថា កម្ពុជា និងចិនគឺជាមិត្តដែកថែប ហើយទំនាក់ទំនងរវាងកម្ពុជា និងចិននៅពេលនេះស្ថិតនៅលំដាប់ល្អបំផុត។»
ចិនដឹកនាំការប្រជុំលើកទី២ ជាមួយសមាជិកគម្រោង«ខ្សែក្រវ៉ាត់និងផ្លូវ» នៅទីក្រុងប៉េកាំងដែលមានមេដឹកនាំប្រទេសចំនួន ៣៧ ចូលរួម ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩។ នៅក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើងថ្លែងសុន្ទរកថា ដោយលើកឡើងថា កម្ពុជាទទួលបានផលប្រយោជន៍ច្រើនពីគម្រោង«ខ្សែក្រវ៉ាត់ និងផ្លូវ»នេះ។ លោកនាយករដ្ឋមន្ត្រីក៏បានជំរុញឱ្យប្រទេសនានាចូលរួមកិច្ចសហការលើគម្រោងនេះ។