អ្នកអក្សរសាស្ត្រ បានលើកឡើងពីក្ដីបារម្ភ និងខកចិត្តចំពោះការប្រើប្រាស់ពាក្យពេចន៍ និងអក្ខរាវិរុទ្ធខ្មែរមិនត្រឹមត្រូវមួយចំនួនលើស្លាកយីហោពាណិជ្ជកម្មចិន ដោយថា វាអាចធ្វើឲ្យប៉ះពាល់ដល់តម្លៃអក្សរសាស្ត្រ និងការយល់ឃើញរបស់ពលរដ្ឋទូទៅ។
កាលពីពេលថ្មីនេះ ក្រសួងពាណិជ្ជកម្ម និងមន្ត្រីពាក់ព័ន្ធបានចុះទៅរុះរើស្លាកយីហោអាជីវកម្មចិនមួយចំនួនដែលបានប្រើប្រាស់ពាក្យពេចន៍ខ្មែរមិនត្រឹមត្រូវជាបន្តបន្ទាប់ ដែលមានដូចជា កំពូលឆ្នេរ ហាងលក់នាយកដ្ឋាន ភោជនីយដ្ឋានសាច់មាន់លោក ក្មេងស្រីជនជាតិចិន និងតូបលក់សាច់កម្ពុជា ជាដើម។
ប្រធានសមាគមទ្រទ្រង់អក្សរសាស្ត្រ និងវប្បធម៌ខ្មែរ លោក ទូច គឹមស្រ៊ាង មានប្រសាសន៍ថា ការប្រើពាក្យត្រូវមានទាំងទម្រង់និយម និងន័យនិយម ហើយនៅពេលដែលពាក្យ ឬឃ្លាណាបាត់បង់ទម្រង់ណាមួយនៃការប្រើនេះ វាមិនអាចធ្វើឲ្យមានអត្ថន័យពេញលេញដែលអាចទទួលយកបាននោះទេ។
លោកមានប្រសាសន៍បន្ថែមថា ការប្រើប្រាស់ពាក្យមិនត្រឹមត្រូវនេះវាធ្វើឲ្យមានការយល់ច្រឡំ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការប្រើភាសាជាតិទៅថ្ងៃខាងមុខផងដែរ។
លោក ថា៖ «មិនប្រកាន់មិនបានទេ! ព្រោះយើងជាម្ចាស់ប្រទេស យើងគួរកែលំអពួកគាត់ទៅព្រោះគាត់បរទេស គាត់ធ្វើមិនបានដឹង មិនបានអីអ៊ីចឹងដែរ ជួនកាលប្រែពាក្យពីភាសាគេមកខ្មែរ គាត់ប្រើភាសាគាត់អត្ថន័យពាក្យរបស់គេមិនជាអាក្រក់អីទេ តែមកខ្មែរវាទៅជាមិនល្អអាហ្នឹង គួរតែយើងចូលរួមកែ»។
បើតាមលោក ទូច គឹមស្រ៊ាង ទោះបីអ្នកលើកស្លាកយីហោគឺជាជនជាតិចិនក៏ដោយ តែត្រូវប្រើប្រាស់ពាក្យខ្មែរដែលត្រឹមត្រូវ ដើម្បីបង្ហាញពីការគោរពដល់ម្ចាស់ស្រុក។
អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ លោកបណ្ឌិត ប៊ី សុខគង់ បានសំដែងនូវការខកចិត្តចំពោះជនជាតិចិនមួយចំនួន ដែលបានប្រើប្រាស់ភាសាខ្មែរមិនត្រឹមត្រូវដាក់ក្នុងស្លាកយីហោរបស់ខ្លួននេះ ដែលបង្ហាញថា ហាក់មិនសូវឲ្យតម្លៃដល់ភាសាម្ចាស់ស្រុកនោះទេ។ លោកបន្ថែមថា នៅពេលនេះក្រុមប្រឹក្សាជាតិកំពុងពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ ដើម្បីរៀបចំច្បាប់មួយដើម្បីត្រួតពិនិត្យលើការប្រើប្រាស់ពាក្យលើស្លាកយីហោនេះផងដែរ។
លោក មានប្រសាសន៍ថា៖ «កាលណាយើងប្រើត្រឹមត្រូវ កាលណាយើងសរសេរត្រឹមត្រូវតាមអក្ខរាវិរុទ្ធហើយមានន័យត្រឹមត្រូវ វាមានន័យថា ជួយលើកតម្កើងកិត្យានុភាពអក្សរសាស្ត្រជាតិយើង។ ហើយវាមានតម្លៃខ្ពស់ទៅ ហើយអ្នកជំនាន់ក្រោយគាត់ស្គាល់តម្លៃ ហើយនិងលើកតម្កើងតទៅទៀត »។
VOD មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ និងលោក ឡុង កែមវិចិត្របាននៅឡើយទេនៅព្រឹកថ្ងៃច័ន្ទនេះ។
តែក្នុងហ្វេសបុករបស់ក្រសួងពាណិជ្ជកម្មកាលពីម្សិលមិញ បានដកស្រង់ប្រសាសន៍របស់រដ្ឋលេខាធិការក្រសួង លោក វ៉េង សុធី ថាមូលហេតុនៃការប្រើប្រាស់ពាក្យខុសក្នុងស្លាកយីហោនេះបណ្ដាលមកពីការបកប្រែពីភាសាអង់គ្លេសរបស់ជនជាតិចិនដែលជាម្ចាស់ហាង និងការប្រកបអាជីវកម្មមួយចំនួនធ្វើឡើងដោយពុំមានច្បាប់អនុញ្ញាត។
ក្រសួងពាណិជ្ជកម្មបានដកស្រង់ប្រសាសន៍លោក វ៉េង សុធី ថា៖ «យើងបានប្រាប់គាត់ឱ្យបំពេញលក្ខខណ្ឌបីចំនុច ទី១ ត្រូវប្រើប្រាស់ពាក្យពេចន៍ឱ្យបានត្រឹមត្រូវ ចំពោះស្លាកយីហោជាភាសាខ្មែរ។ ទី២ ការលើកស្លាកយីហោ ត្រូវសុំការអនុញ្ញាតជាមុនពីក្រសួង ឬមន្ទីរពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ និងទី៣ ការដាក់ពាក្យសុំលើកស្លាកយីហោអាជីវកម្ម ត្រូវធ្វើតាមរយៈ«ច្រកចេញចូលតែមួយ»របស់សាលារាជធានី ឬខេត្ត » ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គម លោក សន ជ័យ មានប្រសាសន៍ថា ការប្រកបអាជីវកម្មបែបអនាធិបតេយ្យ និងការប្រើប្រាស់ពាក្យខុសរបស់ជនជាតិចិននេះ បណ្ដាលមកពីភាពអសកម្មរបស់មន្ត្រីកម្ពុជាដែលមិនបានត្រួតពិនិត្យទៅលើការប្រកបអាជីវកម្មទាំងនេះ ដែលលោកយល់ថា ជារឿងមួយដែលមិនគួរកើតមាននៅកម្ពុជានោះទេ។
លោក សន ជ័យ ៖ «ជនបរទេសនិយាយខុសប៉ៃឡាំៗ យើងអាចយល់គ្នាបាន អត់អីទេ! តែការលើកស្លាកយីហោ លើកនៅក្នុងដែនដី ឬក៏ទឹកដីដែលជារដ្ឋអធិបតេយ្យមួយ វាត្រូវតែអនុលោមទៅតាមច្បាប់នៃប្រទេសនោះ។ អ៊ីចឹង ចិនមកកម្ពុជា ហើយកម្ពុជាមិនមែនទឹកដីចិនទេ អ៊ីចឹង ចិនមិនអាចធ្វើអីឲ្យផ្ទុយពីច្បាប់កម្ពុជានោះទេ »។
លោក សន ជ័យ ឲ្យជាយោបល់ថា ក្រសួងពាក់ព័ន្ធគួរបង្កើនការត្រួតពិនិត្យ និងដាក់ទណ្ឌកម្មលើអាជីវកម្មណាដែលបានប្រើប្រាស់ពាក្យខុសនេះ ហើយជាពិសេសទៅលើរោងពុម្ពគួរមានមន្ត្រីត្រួតពិនិត្យភាសាខ្មែរនៅទីនោះ ដើម្បីសម្រួលពាក្យក៏ដូចជាអត្ថន័យភាសា ខណៈក្រសួងក៏ត្រូវមានគោលការណ៍ជាមួយម្ចាស់អាជីវកម្មផងដែរនៅពេលស្នើសុំសិទ្ធិធ្វើអាជីវកម្មនៅប្រទេសកម្ពុជា៕









