អាជ្ញាធរខេត្តព្រះសីហនុ អះអាងថា ​ដីដែលចាក់លុបឆ្នេរព្រែកត្រែងត្រូវបានសម្អាត

ទិដ្ឋភាពឆ្នេរព្រែកត្រែង ដែលក្រុមយុវជនស្រលាញ់បរិស្ថានបានថតផ្ទាល់ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក Sreysor Pheng

អាជ្ញាធរខេត្តព្រះសីហនុ អះអាងថា ដីដែលចាក់លុបឆ្នេរព្រែកត្រែងកាលពីចុងឆ្នាំ២០១៨ ត្រូវបានអាជ្ញាធរកាយចេញ​វិញអស់ហើយ ប៉ុន្តែ ដីដែលនៅសល់នោះជាដីចាស់​ប៉ុណ្ណោះ និងមិនបានលយចូលសមុទ្រទេ។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ មានប្រសាសន៍ប្រាប់ វី.អូ.ឌី នៅថ្ងៃនេះ ថា ក្រោយពេលអាជ្ញាធរខេត្តចាត់វិធានការកាយដីដែលចាក់ចូលសមុទ្រនោះចេញរួចមក គ្មានឡើយសកម្មភាព​​ចាក់ដីលុបតំបន់ឆ្នេរព្រែកត្រែងបន្តទៀត។

​​អ្នកនាំពាក្យដដែលបញ្ជាក់ថា ចំពោះចំណាត់ការផ្លូវច្បាប់ទៅលើម្ចាស់ក្រុមហ៊ុនវិញ គឺបានត្រឹមធ្វើកំណត់ហេតុឱ្យបញ្ឈប់សកម្មភាពចាក់ដីលុបរំលោភចូលសមុទ្របន្តទៀតប៉ុណ្ណោះ។

លោក បន្តថា៖ «បានជូនដំណឹងទៅខាងគាត់ ក៏ដូចជាបានធ្វើកំណត់ហេតុពីមន្ត្រីជំនាញរបស់យើង គឺបញ្ឈប់ទាំងស្រុងការចាក់ដីលុបចូលទៅសមុទ្រ ហើយករណីក្រុមហ៊ុន បើសិនជានៅចាក់បន្ត អាហ្នឹងយើងនឹងរៀបចំចាត់វិធានការតាមផ្លូវច្បាប់ »។

កាលពីថ្ងៃទី២១ ខែឧសភា ក្រុមយុវជនស្រលាញ់បរិស្ថានបានបង្ហោះវីដេអូប្រមាណ៣នាទីនៅលើគណនីហ្វេសប៊ុកកញ្ញា ផេង ស្រីសរ ដោយពួកគេនាំគ្នាកាយដីចំណុចឆ្នេរព្រែកត្រែងដែលក្រុមយុវជនថា ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនរបស់អ្នកស្រី ជឹង សុភាព ហៅ យាយភូ។

ពួកគេបានចោទជាសំណួរជាច្រើនថា តើដីឆ្នេរព្រែកត្រែងពិតជាបានកាយចេញអស់ដូចសម្តីលោកអ្នកនាំពាក្យសាលាខេត្តព្រះសីហនុពិតមែនឬទេ? តើការចោទប្រកាន់របស់អាជ្ញាធរខេត្តមកលើក្រុមយុវជន​ ថាធ្វើសកម្មភាពអាណាធិបតេយ្យ និងតស៊ូមតិទាមទារដំណោះស្រាយកន្លងមក ធ្វើឡើងដោយក្តោបក្តាប់ពត៌មានមិនជុំ​ជារឿងត្រឹមត្រូវដែរឬទេ? ឬអាជ្ញាធរខេត្តព្រះសីហនុពិតជាអសមត្ថភាព និងនៅតែប្រើវិធីសាស្រ្តកុហក បន្លំភ្នែកសាធារណជនដដែលបន្តទៀត។

យុវជនមួយរូបដែលបានចុះដល់ទីតាំងឆ្នេរព្រែកត្រែង កាលពីពាក់កណ្តាលខែនេះ លោក លី ចាន់ដារ៉ាវុត លើកឡើងថា ការឆ្លើយតបរបស់អាជ្ញាធរខេត្តព្រះសីហនុ នៅមិនទាន់អាចទទួលយកបាន។ បន្ថែមពីនេះ លោកថា ការបកស្រាយរបស់អាជ្ញាធរ មិនបានឆ្លើយតបទៅនឹងសំណួរជាច្រើនដែលពួកលោកបានសួរនៅក្នុងវីដេអូកាលពីថ្ងៃទី២១ ខែឧសភានោះឡើយ។

លោក បន្តថា ចំពោះចំណាត់ការផ្លូវច្បាប់វិញ អាជ្ញាធរពុំគួរបញ្ចប់ត្រឹមការធ្វើកិច្ចសន្យាជាមួយភាគីម្ចាស់ក្រុមហ៊ុននោះទេ ត្បិតការរំលោភដីសាធារណៈរបស់រដ្ឋ គឺត្រូវមានទោស។

លោកបន្តថា៖ «អ៊ីចឹង កាលណាគេគ្រាន់តែហៅមកធ្វើកិច្ចសន្យា អ៊ីចឹង វាអត់ត្រូវតាមផ្លូវច្បាប់ទេ ហើយអាហ្នឹងវាបានបង្ហាញពីនិទណ្ឌភាពនៃសង្គមហើយ ព្រោះថា ម្ចាស់ក្រុមហ៊ុនហ្នឹងមានអំណាច ដល់ពេលគាត់ (ម្ចាស់ក្រុមហ៊ុន) រំលោភច្បាប់ គាត់អត់ទទួលខុសត្រូវតាមច្បាប់។»

មន្ត្រីផ្នែកពង្រឹងសិទ្ធិអំណាចសហគមន៍នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ បញ្ជាក់ថា ការចាក់ដីលុបតំបន់ឆ្នេរ​ជាបទល្មើសឧក្រិដ្ឋ ដែលមិនអាចសម្របសម្រួល​បានឡើយ។ លោកមើលឃើញថា កាលណាច្បាប់មិនព្រមអនុវត្តទៅលើអ្នកមានអំណាច គឺជារឿងអយុត្តិធម៌សម្រាប់ពលរដ្ឋទន់ខ្សោយ ម្យ៉ាងការអនុវត្តច្បាប់បែបនេះធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាផងដែរ។

លោកមានប្រសាសន៍ថា៖ «ពិនិត្យទៅលើច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ការចាក់ដី ការកាយដីចេញពីតំបន់ឆ្នេរហ្នឹង គឺជាបទល្មើសឧក្រិដ្ឋ ដែលត្រូវមានទោសពី៥ឆ្នាំ ទៅ១០ឆ្នាំ។ អ៊ីចឹង បើយើងនិយាយអំពីបទល្មើសឧក្រិដ្ឋហើយ នីតិវិធីគេចែងថា បទល្មើសឧក្រិដ្ឋ ឬបទល្មើសព្រហ្មទណ្ឌ គឺមិនអាចធ្វើការសម្របសម្រួលបានទេ ។ អ៊ីចឹង មន្ត្រីនគរបាលយុត្តិធម៌ត្រូវបង្កសំណុំរឿងដាក់ទៅអយ្យការ»។

កាលពី​​ខែកញ្ញា ​លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បានចេញបញ្ជា​​ឲ្យរដ្ឋមន្ត្រីក្រសួងរៀបចំ​ដែនដី លោក ជា សុផារ៉ា និងស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យការចាក់ដីលុបឆ្នេរព្រែកត្រែង ហើយអាជ្ញាធររកឃើញថា ឆ្នេរព្រែកត្រែងពិតជាត្រូវចាក់ដីរំលោភយកពីសំណាក់​ក្រុមហ៊ុន​របស់​អ្នកស្រី ជឹង សុភាព ហៅ យាយភូ ដែលជាភរិយា​របស់​​លោក ឡៅ ម៉េងឃីន សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជាប្រាកដមែន។

នៅថ្ងៃទី១៨ ខែកញ្ញា លោក ហ៊ុន សែន ក៏ចេញបញ្ជាបន្ទាន់មួយឱ្យលោក ជា សុផារ៉ា ចាត់វិធានការ​កាយដីចេ​ញពី​ឆ្នេ​រ​ព្រែកត្រែង​ក្នុង​ខេត្ត​ព្រះសីហនុ​ ដោយលោកថា ដើម្បីរក្សាឆ្នេរនេះឲ្យមានលក្ខណៈតាម​ធម្ម​​ជាតិដូចដើម ប៉ុន្តែ ក្រុមយុវជននៅតែរកឃើញថា អាជ្ញាធរមិនទាន់មានដំណោះស្រាយដើម្បីឱ្យឆ្នេរព្រែកត្រែងវិលទៅរកលក្ខណៈធម្មជាតិដូចដើមនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ