ក្រមហ៊ុន តូយ៉ូតា នឹងបង្កើតរោងចក្រនៅមីយ៉ាន់ម៉ា

ឡានម៉ាកតូយ៉ូតាដែលបានដាក់លក់លើទីផ្សារ។ រូបភាព៖ REUTERS

ក្រុមហ៊ុនផលិតរថយន្តម៉ាកតូយ៉ូតា​របស់​ជប៉ុន គ្រោងបង្កើតរោងចក្រនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចុះផ្សាយ​របស់​សារព័ត៌មាន​ Straits​ Times របស់សឹង្ហបុរី។

ប្រភពពី ​​Straits​ Times ឲ្យដឹង​ថា រោងចក្រនេះនឹងសាងសង់ឡើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Thilawa ជាយក្រុងយ៉ងហ្គុន។ រោងចក្រនេះ នឹងតម្លើង​រថយន្ត​ដឹក​ទំនិញ​ ដែល​ផ្នែកៗនានានៃរថយន្តត្រូវនាំចូល​ពី​ជប៉ុន និង​ប្រទេសដែល​នៅជិតៗនឹង​មីយ៉ាន់ម៉ា។

តំបន់សេដ្ឋកិច្ចពិសេស ​Thilawa ត្រូវបាន​បង្កើតឡើង​នៅឆ្នាំ២០១៥។ តំបន់សេដ្ឋកិច្ច​ពិសេសនេះ ជាគម្រោង​អភិវឌ្ឍន៍រួមគ្នា​រវាង​វិស័យសាធារណៈ និងវិស័យឯកជន​ របស់​ជប៉ុន និងមីយ៉ាន់ម៉ា។ តំបន់​នេះ ត្រូវបានគេប្រសិទ្ធនាម​ថា​ ជា​និមិត្តរូប​​នៃការអភិវឌ្ឍសេដ្ឋកិច្ច​ ​និង​ជាកន្លែង​ដែល​ទាក់ទាញ​អ្នក​វិនិយោគ​ទាំង​អស់មក​ពីបរទេស។

ទោះបី​ជាចំនួន​រថយន្ត​ថ្មី​តែ​១៧៥០០ គ្រឿង​ប៉ុណ្ណោះ​ត្រូវបាន​លក់​នៅក្នុងប្រទេសមីយ៉ាន់ម៉ានៅឆ្នាំ២០១៨ តែ​និន្នាការនៃការ​ទិញ​រថយន្តថ្មី​មាន​ការ​កើនឡើង​គួរឲ្យកត់​សម្គាល់ ពោល​គឺកើនឡើងទ្វេដង​បើប្រៀបធៀបនឹងឆ្នាំ២០១៧។ ពេល​ថ្មីៗនេះ ក្រុមហ៊ុន​តូយ៉ូតា បាន​នាំ​រថយន្ត​ចំនួន​២០០០គ្រឿង​ចូលប្រទេសមីយ៉ាន់​ម៉ា។

គិតត្រឹម​ខែធ្នូ ឆ្នាំ២០១៨ ក្រុមហ៊ុនតូយ៉ូតាមាន​រោងចក្រផលិត​គ្រឿង​បង្គុំ និង​តម្លើងរថយន្ត​នៅប្រទេស​ចំនួន​២៧។

រដ្ឋាភិបាល​មីយ៉ាន់ម៉ា បាន​បង្កើតគោលនយោបាយ​ដែល​លើកទឹក​ចិត្ត និងជួយសម្រួល​ពន្ធ​ ដើម្បី​ទាក់ទាញ​ឲ្យក្រុម​ហ៊ុន​ផលិតរថយន្ត​មក​បណ្ដាក់​ទុនរកស៊ី​នៅប្រទេស​របស់​ខ្លួន។ ដោយសារតែកត្តានេះហើយ ទើបក្រុម​ហ៊ុន​ផលិត​រថយន្តធំ​ៗមួយចំនួន​ចាប់​ផ្ដើម​មក​រកស៊ី​នៅប្រទេស​នេះ។  ក្រុមហ៊ុន​ផលិត​រថយន្ត​ទាំងនោះមាន​ដូច​ជា Suzuki, Nissan, Hyundai និង Ford ​កំពុងតែ​បើក​​ដំណើរការ​នៅក្នុងប្រទេស​មីយ៉ាន់ម៉ា​។​

ក្រុមហ៊ុន​តូយ៉ូតា បាន​សម្រេច​ចិត្ត​បើក​រោងចក្រនៅក្នុងប្រទស​មីយ៉ាន់ម៉ា ព្រោះ​តែ​ក្រុមហ៊ុននេះសម្លឹងមើលឃើញថា ​ប្រទេសនេះនឹងមាន​កំណើនសេដ្ឋកិច្ច​ដ៏រឹងមាំនៅ​ពេលខាង​មុខ។ ក្រុម​អ្នកវិភាគ​ជឿជាក់​ថា សក្តានុពលនៃ​ទីផ្សារមីយ៉ាន់ម៉ា នឹងមាន​ទំហ​ប្រហាក់​ប្រហែល​នឹង​ថៃ​ជាប្រទេសជិត​ខាង ដែល​រថយន្តថ្មី​ប្រហែល​១លានគ្រឿងត្រូវបាន​លក់​ក្នុង​ប្រទេសនេះក្នុងមួយឆ្នាំ។

ការវិនិយោគ​ក្នុងប្រទេស​មីយ៉ាន់ម៉ា ត្រូវបាន​គេមើលឃើញថា ​​មានកំណើន​នៅពេល​ដែល​ប្រទេសនេះបាន​ផ្លាស់ប្តូរពីរបបយោធា​ទៅ​រដ្ឋាភិបាល​បែបស៊ីវិល​នៅ​ឆ្នាំ២០១១។ នៅពេល​នោះ សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បាន​លើកលែង​ទណ្ឌកម្ម​ទាំងអស់​ប្រឆាំងនឹង​ប្រទេសមីយ៉ាន់ម៉ា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ