ក្រសួង​មហាផ្ទៃ​ដំណើរ​ការ​សាកសួរ​បណ្ដឹង​ប្រឆាំង​ស្នងការ​ខេត្ត​កណ្ដាល​ករណីពុករលួយ

ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក អ៊ាវ ចំរើន ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី១០៨ ទិវាអន្ដរជាតិនារី ៨មិនា នៅស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល នារសៀលថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៩ ក្រោមប្រធានបទ”លើកកំពស់សមត្ថភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស” ។ រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province

ក្រសួង​មហាផ្ទៃសាកសួរនគរបាលផ្កាយ១​ ចំនួន៦​នាក់​ ពាក់​ព័ន្ធ​ទៅនឹង​បណ្ដឹង​អនាមិក ប្ដឹងចោទប្រកាន់​ស្នងការ​ខេត្ត​​កណ្តាល លោក អ៊ាវ ចំរើន ថា​បាន​ប្រើ​អំណាច​ផ្ដាច់​ការ​ ធ្វើ​បាប​កូន​ចៅ និង​ប្រព្រឹត្តិ​អំពើ​ពុករលួយ។

លិខិតចុះថ្ងៃទី២៤ ខែឧសភា ក្រសួងមហាផ្ទៃ លើកឡើងថា ការចេញលិខិតអញ្ចើញស្នងការរងទាំង៦នាក់ មក​សាកសួរ​នៅ​ថ្ងៃនេះ តបតាម​លិខិត​អនាមិក ​ប្តឹងសុំដក​តំណែង​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​ លោក អ៊ាវ ចំរើន​ ​ដោយចោទថា ស្នងការខេត្តនេះប្រព្រឹត្តិ​អំពើ​ពុករលួយ​ ។​

ក្នុង​លិខិតអនាមិក​ដែល​បាន​ប្ដឹង​លោក អ៊ាវ ចំរើន​ កាល​ពី​ចុង​ខែ​មេសា​កន្លង​ទៅ​ បាន​លើក​ឡើង​ពី​បញ្ហា​ចំនួន​១៦​ចំណុច ​ដែលថា ​ប្រព្រឹត្ត​ដោយ​ដោយ​ស្នងការ​រូប​នេះ ​រួម​មាន​ ការ​ទារ​លុយ​ដើម្បី​តែងតាំង​តួនាទី​ ឋានន្តរសក្ដិ ពី​២ពាន់ ដល់​៣ពាន់​ដុល្លារ ការ​យក​លុយ​ពី​កន្លែង​ហ្គេម ចាក់​បាល់ និង​កន្ទុយ​លេខ និង​បង្កើត​គ្រួសារ​និយម​នៅ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំ​ដែន​ជ្រៃ​ធំ​ ជា​ដើម។

អ្នកនាំពាក្យ​អគ្គធិការដ្ឋាន​ក្រសួង​មហាផ្ទៃ​ លោក សុខ លីនណា ឲ្យ VOD ដឹង​ថា ​ក្រុម​ការងារលោកបាន​ចាប់​ផ្ដើម​ចុះ​ស្រាវជ្រាវ​ដល់​មូលដ្ឋាន និង​សាកសួរ​ចាប់​ពី​ថ្ងៃ​ទី​៨ ខែឧសភា មក​ម្ល៉េះ ។

អ្នកនាំពាក្យរូបនេះ បន្តថា ​រហូត​មក​ដល់​ថ្ងៃ​នេះ​ មាន​មន្ត្រី​ចាប់​ពី​ថ្នាក់​ស្នងការ​រង​ខេត្ត​​ចុះ​ក្រោម ​មិន​តិច​ជាង​១២​នាក់​នោះ​ទេ ​ដែល​ត្រូវ​បាន​សាក​សួរ និង​អាច​មាន​មនុស្ស​បន្ថែម​ទៀត​ដែលជាប់ពាក់ព័ន្ធ ត្រូវ​ហៅ​មក​សាកសួរ ។

លោក​ សុខ លីណា៖ «ដូច​ខ្ញុំ​ជម្រាប​ជូន​ប្អូន​អ៊ីចឹង ​យើង​មិន​ទាន់​ដឹង​ថា ​អ្នក​ណា​អ្នក​ពាក់​ព័ន្ធ​ ឬ​ក៏​ហៅ​គាត់​មក​ឆ្លើយ​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​ ឬ​ក៏​រឿង​ហ្នឹង​យ៉ាង​មិច ឬ​អ្នក​ហ្នឹង​ពាក់ព័ន្ធ​ យើង​ក៏​អត់​ទាន់​សន្និដ្ឋាន​បាន​ច្បាស់​ទេ! តែ​ចៀស​មិន​ផុត ​វា​អាច​មាន​ហើយ​ តែ​គ្រាន់​ខ្ញុំ​មិន​ទាន់​អាច​ជម្រាប​ជូន​ប្អូន​បាន​ទេ ព្រោះ​កាល​ណា​យើង​ឆ្លើយ​ឲ្យ​អស់​ទៅ​ វា​ពាក់​ព័ន្ធ​ដល់​ដំណើរ​ការ​នៃ​ការ​អង្កេត​របស់​យើង​ខ្ញុំ » ។

ស្នងការ​នគរបាល​ខេត្ត​កណ្ដាល ​លោក អ៊ាវ ចំរើន មាន​ប្រសាសន៍​ប្រាប់​ VOD ថា ​លោក​គ្មាន​យោបល់​យ៉ាង​ណា​នោះ​ទេ​ចំពោះ​ចំណាត់​ការ​នេះ ដោយ​ថា​ ការ​ពិត​លោក​មិន​មាន​ពាក់ព័ន្ធ​នឹង​រឿង​ដែល​បាន​ចោទ​ប្រកាន់​នោះ​ទេ។

លោក​ថា៖ «ទុក​ឲ្យ​អគ្គធិការ​កិច្ច​គាត់​ស៊ើប​សិន​ទៅ ​បង​មិន​មាន​យោបល់​អី​ទេ! ហើយ​លទ្ធផល​យ៉ាង​ណា ​គឺ​អាស្រ័យ​លើ​លទ្ធផល​នៃ​ការ​ស៊ើប​នោះ​ »។

ស្នងការរងខេត្តកណ្តាល ដែលក្រសួងមហាផ្ទៃហៅមកសាកសួរនោះ មានលោក រឿន ណារ៉ា លោក វ៉ែន សុវិន លោក ចាន់ សាវឿន លោក តុប សុវណ្ណ លោក សេង គឹមឃន និងលោក​ ឈឿន សុចិត្ត។

អ្នក​ឯកទេស​ផ្នែក​សិទ្ធិ​មនុស្ស​ លោក សួន ប៊ុនស័ក្តិ ហៅចំណាត់ការនេះ​ថា ជាសារព្រមាន​មួយ​ទៅ​កាន់​មន្ត្រី​ខិលខូច​មួយ​ចំនួន​ទៀត​ ដែលមិនទាន់ត្រូវបានវែកមុខ។

លោក សួន ប៊ុនស័ក្តិ បាន​បន្ថែម​ថា​៖ «វា​ជា​វិធាន​ការ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​លេច​ធ្លោ​ ហើយ​ពី​ដើម​មក​ ខ្ញុំ​ដូច​ជា​មិន​សូវ​សង្កេត​ឃើញ​ក្រសួង​មហាផ្ទៃ​ដែល​ជា​សេនាធិការ​រដ្ឋាភិបាល​ហ្នឹង មិន​មាន​ចំណាត់​ការ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​លេចធ្លោ​អញ្ចឹង​ដែរ​ ដូច្នេះ​ ខ្ញុំ​គិត​ថា​ ចំណាត់​ការ​របស់​ក្រសួង​មហាផ្ទៃ​នេះ​ គឺ​ជា​ពន្លក​ថ្មី​គួរ​សង្ឃឹម​ដែល​គួរ​តែ​តាម​ដាន​អ៊ីចឹងទៀត»។

ក្នុង​ឆមាស​ទី​១​ នៃ​ឆ្នាំ​២០១៩នេះ មាន​ស្នងការ​ខេត្ត​ចំនួន​ពីរ​នាក់ហើយ​ ដែល​រង​ការ​ចោទ​ប្រកាន់​ដោយ​លិខិត​អនាមិក​​ថា ​បាន​ប្រព្រឹត្តិ​អំពើ​ពុករលួយ និង​ធ្វើ​បាប​កូន​ចៅក្រោមឱវាទ​ ក្នុងនោះមាន ​​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង លោក កឹង ឃន និងស្នងការ​ខេត្ត​កណ្ដាល​ លោក អ៊ាវ ចំរើន។

ទោះ​ជា​យ៉ាង​ណា សម្រាប់​បណ្ដឹង​ប្រឆាំង​ស្នងការ​ខេត្ត​ស្វាយ​រៀង​ត្រូវ​បាន​អគ្គស្នងការ​នគរបាល​ជាតិ​ចេញ​មុខ​ច្រាន​ចោល និង​ការ​ពារ​ថា នគរបាល​ខេត្ត​ស្វាយ​រៀង​ក្រោម​ការ​ដឹក​នាំ​របស់​លោក កឹង ឃន មាន​ការ​រីក​ចំរើន​ថែម​ទៀត​ផង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ