អង្គការ​អន្តរជាតិ​មួយ​រក​ឃើញ​ថា ​កុមារ​កម្ពុជា​ពី​អាយុ​៣ ដល់​៥​ឆ្នាំ​ជាង​៦០ភាគរយ​មិន​បាន​ចូល​រៀន

សិស្សមត្តេយ្យសហគមន៍ ស្ថិតក្នុងខេត្តក្រចេះ។ រូបភាព៖ UNICEF Cambodia/2018/Vanny Kong

អង្គការ​សង្គ្រោះ​កុមារ​អន្តរជាតិ​បាន​ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៩​ ដោយ​បាន​រក​ឃើញ​ថា​កុមារ​កម្ពុជា​ដែល​មាន​អាយុ​ពី​៣ ដល់​៥​ឆ្នាំ​ ជាង​៦០​ភាគរយ​មិន​បាន​ចូល​រៀន​ថ្នាក់​មតេ្តយ្យ​នោះ​ទេ។

ក្នុង​របាយការណ៍​ដែល​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ​ អង្គការ​សង្គ្រោះ​កុមារ Save the Children បាន​ចាត់​ថ្នាក់​កម្ពុជា​ជាប់​លេខ​១២០ លើ​១៧៦ ក្នុង​កិច្ច​គាំពារ​កុមារ​ក្នុង​ឆ្នាំ​២០១៩​នេះ។ ​​អង្គការ​នេះ​ក៏​បាន​រក​ឃើញ​ដែរ​ថា​ កម្រិត​កុមារ​ដែល​មិន​បាន​ចូល​រៀន​នៅ​តែ​មាន​កម្រិត​ខ្ពស់​ដដែល គឺ​​មាន​កុមារ​ជាង​ ២២ភាគរយ​នៃ​កុមារ​ទាំង​អស់​មិន​​ទទួល​បាន​ការ​អប់រំ​ទាំង​ថ្នាក់​បឋម និង​វិទ្យាល័យ។

លើស​ពី​នោះ​ទៀត​ អង្គការ​នេះ​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ​ក្នុង​ចំណោម​កុមារ​ដែល​ត្រូវ​ដល់​អាយុ​ចូល​រៀន​មត្តេយ្យដ្ឋាន​នោះ​មាន​តែ​កុមារ​ ៤០​ភាគរយ​ប៉ុណ្ណោះ​ដែល​បាន​ចូល​សិក្សា។

ប្រធាន​អង្គការ​សង្គ្រោះ​កុមារ​ប្រចាំ​កម្ពុជា​ លោកស្រី Elizabeth pearce លើកឡើងក្នុងរបាយការណ៍ថា ​មូលហេតុ​ធំ​មួយ​ដែល​ធ្វើ​ឲ្យ​កុមារ​ចូល​សិក្សា​​មត្តេយ្យដ្ឋាន​នៅ​កម្រិត​ទាប​នេះ​ បណ្ដាល​មក​ពី​ការ​ទម្លាក់​ថវិកា​ពី​ក្រសួង​សម្រាប់​ការ​អប់រំ​ថ្នាក់​មត្តេយ្យ ដែល​ត្រូវ​ការ​ឲ្យ​ក្រសួង​ត្រូវ​មាន​វិធាន​ការ​បន្ទាន់​ផង​ដែរ​ដើម្បី​ដោះស្រាយ​។

លោកស្រី Elizabeth៖ «ការ​បណ្ដុះ​បណ្ដាល​កុមារ​នៅ​ថ្នាក់​មតេយ្យ​គឺ​ជា​ការ​វិនិយោគ​មួយ​ដែល​ល្អ​បំផុត​ ដែល​ធ្វើ​ឲ្យ​កុមារ​រៀន​សូត្រ និង​ជួយ​ឲ្យ​ពួកគេ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ជីវិត​របស់​ពួកគេ។ ការ​សិក្សា​ថ្នាក់​មត្តេយ្យ​នេះ​ក៏​អាច​​ជួយ​កាត់​បន្ថយ​ការ​បោះបង់​ចោល​ការ​សិក្សា​ ជា​ពិសេស​ក្មេង​ស្រី និង​ក្រុម​ដែល​ជួប​ការ​លំបាក »។

​លោកស្រី​ជំរុញ​​ទៅ​រដ្ឋាភិបាល​ឱ្យ​បង្កើន​ការ​ចំណាយ​លើ​ការ​សិក្សា​ដំបូង​របស់​កុមារ​ ជា​​ពិសេស​​កុមារ​នៅ​ជនបទ តំបន់​ដាច់​ស្រយាល និង​តំបន់ពិបាក​ទៅ​ដល់គឺកុមារ​ដែល​ជា​ជនជាតិ​ដើម​ភាគ​តិច និង​កុមារ​ដែល​ពិការ​។

អ្នកនាំពាក្យ​ក្រសួង​អប់រំ​ លោក ឌី ខាំប៉ូលី ថា​លោក​មិន​ទាន់​បាន​ពិនិត្យ​លើ​របាយការណ៍​នេះ​នៅ​ឡើយ​ទេ​ តែ​លោក​បញ្ជាក់​ថា​​ ក្រសួង​បាន​ចាត់​ទុក​ការ​អប់រំ​កុមារ​តូច​នេះ​ជា​អាទិភាព ហើយ​ថវិកា​សម្រាប់​គាំទ្រ​ការ​អប់រំ​កុមារ​តូច​នេះ​ក៏​ត្រូវ​បង្កើន​ជា​រៀង​រាល់​ឆ្នាំ ជា​មួយ​នឹង​យុទ្ធសាស្ត្រ​​មួយ​ចំនួន​ទៀត​ដែល​រួម​មាន​ការ​ផ្ដល់​អាហារូបករណ៍ និង​ការ​បញ្ចូល​សាលា​មត្តេយ្យ​​សហគមន៍​ឲ្យ​ក្លាយ​ជា​សាលា​រដ្ឋ​ ជា​ដើម។ ​

លោក​ ឌី ខាំ​ប៉ូលី៖ «អ៊ីចឹង ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ កុមារ​ដែល​មាន​អាយុ​ពី​៣ឆ្នាំ ៤ឆ្នាំ​ ៥ឆ្នាំ តួលេខ (​នៃ​ការ​ចូល​រៀន​) គឺ​សុទ្ធ​តែ​មាន​ការ​កើន​ឡើង ហើយ​យើង​ក៏​រៀប​យុទ្ធសាស្ត្រ​សម្រាប់​ឆ្នាំ​២០១៩​ ដល់​២០២៣ ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​អប់រំ​កុមារ​តូច​នេះ​កាន់​តែ​ប្រសើរ »។

នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ ​Aide et Action លោក វង់ សំភាស់ មាន​ប្រសាសន៍​ថា ​ក្នុង​រយៈពេល​២​អាណត្តិ​ចុង​ក្រោយ​នេះ ​រដ្ឋាភិបាល​ហាក់​មាន​កំណែ​ទម្រង់​ច្រើន​លើ​ការ​បណ្ដុះបណ្ដាល​កុមារ​តូច​នេះ​ តែ​លោក​ថា​ នៅ​មិន​ទាន់​ឆ្លើយ​តប​បាន​ពេញ​លេញ​​នៅ​ឡើយ​ទេ​​។

បញ្ហា​ដែល​លោក​លើក​ឡើង​នោះ ​រួម​មាន ​ការ​ផ្ទេរ​ការ​​អប់រំ​កុមារ​តូច​ទៅ​ឲ្យ​ក្រុម​ប្រឹក្សា​ឃុំ​ជា​អ្នក​គ្រប់​គ្រង បញ្ហា​កង្វះ​គ្រូ និង​អាគារ​សិក្សា ហើយ​ជា​ពិសេស​នោះ​គឺ ការ​ទម្លាក់​ថវិកា​ជាតិ​ទៅ​កាន់​មូលដ្ឋាន​នៅ​មាន​កម្រិត។

លោក​ថា៖ «ខ្ញុំ​ឃើញ​មាន​ភាព​អវិជ្ជមាន​មួយ​ចំនួន​ ដែល​ក្នុង​នោះ​ការ​ផ្ទេរ​ការ​អប់រំ​កុមារ​តូច​ជា​ច្រើន​ទៅ​ឲ្យ​ក្រុម​ប្រឹក្សា​ឃុំ ប៉ុន្តែ​ ការ​ដាក់​ធនធាន​ឲ្យ​គាត់​នៅ​មាន​កម្រិត​កំណត់​ ដែល​ធ្វើ​ឲ្យ​គាត់​ជួប​ការ​លំបាក​ទាំង​បច្ចេកទេស​ទាំង​ហិរញ្ញវត្ថុ ក្នុង​ការ​ដាក់​ឲ្យ​ដំណើរ​ការ​ការ​អប់រំ​កុមារ​តូច​ អ៊ីចឹង ខ្ញុំ​គិត​ថា ​ក្នុង​កំណែ​ទម្រង់​វិមជ្ឈការ​ដែល​ដាក់​ការ​អប់រំ​កុមារ​តូច​ក្នុង​ការ​គ្រប់គ្រង​របស់​ក្រុមប្រឹក្សា​ឃុំ​ គួរ​តែ​ភ្ជាប់​ជា​មួយ​ធនធាន​ហិរញ្ញវត្ថុ និង​ការ​កសាង​សមត្ថភាព​បន្ថែម​លើ​ពួក​គាត់​ »។

ក្នុង​របាយការណ៍​របស់​រដ្ឋាភិបាល ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ​ មាន​កុមារ​ជាង​ ២៥ម៉ឺននាក់​បាន​ចូល​រៀន​ថ្នាក់​មត្តេយ្យ​ កើន​ឡើង​លើស​ឆ្នាំ​២០១៧ ជិត​៣ម៉ឺននាក់ ​ខណៈ​មាន​មត្តេយ្យដ្ឋាន​ជិត​៥ពាន់​កន្លែង​នៅ​ទូ​ទាំង​ប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ