មេធាវី​ការពារ​លោក រ៉ាត់ រត្នមុនី សង្ស័យ​ភាព​មិន​ប្រក្រតី​ឯកសារ​របស់​ដើម​បណ្តឹង​

លោក រ៉ាត់ រត្នមុនី ចេញពីបន្ទប់សវនាការ ថ្ងៃទី៣០ខែឧសភា ឆ្នាំ២០១៩ (រូបដោយ៖ ហ៊ី ឆាយ)

មេធាវីការពារក្ដីអ្នកបកប្រែភាសាឱ្យទូរទស្សន៍រុស្ស៊ី RT ស្នើទៅចៅក្រមឱ្យកោះហៅស្ត្រីជាដើ​មបណ្ដឹង៥រូប មកចូលរួមសវនាការសួរដេញដោល ដោយលោកសង្ស័យថា មានភាពមិនប្រក្រតីព្រោះឯកសារអះអាងរបស់ដើមបណ្ដឹងនៅចៅក្រមស៊ើបសួរមានខ្លឹមសារដូចគ្នាទាំងអស់។

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃម្សិលមិញ បានបើកសវនាការលើសំណុំរឿងអ្នកបកប្រែភាសាឱ្យទូរទស្សន៍រុស្ស៊ី គឺលោក រ៉ាត់ រត្នមុនី ពាក់ព័ន្ធភាពយន្តឯកសារ «ម្ដាយខ្ញុំលក់ខ្ញុំ»។ ប៉ុន្តែ នៅក្នុងសវនាការសួរដេញដោលនេះ មិនមានដើមបណ្ដឹងចូលរួមនោះទេ។

ក្នុងបន្ទប់សវនាការ មេធាវីការពារក្ដីឱ្យលោក រ៉ាត់ រត្នមុនី គឺលោក ឡោ ជុនធី លើកឡើងថា ការដែលតុលាការបើកសវនាការដោយគ្មានដើមបណ្ដឹងចូលរួមនេះ មិនបានបង្ហាញពីតម្លាភាព។ លោកស្នើទៅចៅក្រមឱ្យកោះហៅដើមបណ្ដឹងដែលប្ដឹងកូនក្ដីរបស់លោកមកចូលរួមសវនាការ ដើម្បីសួរដេញដោល ដោយលោកមានមន្ទិលសង្ស័យថា ឯកសារអះអាងរបស់ដើមបណ្ដឹងទាំង៥ នាក់ ដែលចៅក្រមបានអាននៅក្នុងសវនាការ គឺមានលក្ខណៈដូចៗគ្នា។

ក្រោយពីមានការស្នើសុំនេះ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ បានសម្រេចយល់ព្រមទៅតាមសំណើរបស់មេធាវីការពារក្ដីឱ្យលោក រ៉ាត់ រត្នមុនី ដោយថា  តុលាការនឹងកោះហៅដើមបណ្ដឹងឱ្យមកចូលសវនាការនៅថ្ងៃទី១២ ខែមិថុនា ខាងមុខនេះ។

លោក រ៉ាត់ រត្នមុនី  ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​ធ្វើ​ឲ្យ​មាន​ការ​រើស​អើង និង​បញ្ជូន​ទៅ​ដាក់​ឃុំ​នៅ​ពន្ធ​នាគារ​ព្រៃ​ស បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឯ​ប្រទេស​ថៃ​ កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​មុន ពាក់​ព័ន្ធ​នឹង​ការ​ផលិត​ភាព​យន្ត​ឯកសារ «ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ» របស់​សារព័ត៌មាន​រុស្ស៊ី RT។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ